មជ្ឈដ្ឋាន​ជាតិ​និង​អន្តរជាតិ​ជំរុញ​ឲ្យ​មានការ​ស៊ើបអង្កេត​ករ​ណី​បាញ់សម្លាប់​លោក​បណ្ឌិត កែម ឡី ឲ្យ​បាន​ឆាប់​និង​មាន​តម្លាភាព​

កាលពី​ថ្ងៃទី​១៣ ខែកក្កដា ឆ្នាំ​២០១៦ គណៈកម្មការ​អ្នកច្បាប់​អន្តរជាតិ​(International Commission of Jurist-ICJ)  បាន​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា បើក​ការស៊ើបអង្កេត​ករណី​ឃាតកម្ម​លើ​បណ្ឌិត កែម ឡី អ្នកវិភាគ​ឯករាជ្យ​ឲ្យ​បាន​ឆាប់រហ័ស​មិន​លំអៀង និង​មាន​ប្រសិទ្ធភាព​ដើម្បី​ស្វែងរក​អ្នក​ដែល​ពាក់ព័ន្ធ​យកមក​ផ្ដន្ទាទោស​។ ទីប្រឹក្សា​ជាន់ខ្ពស់​ផ្នែក​ច្បាប់​អន្តរជាតិ​នៃ​គណៈកម្មការ​អ្នកច្បាប់​អន្តរជាតិ លោក ឃី​ង​ស្លី អា​ប៊​ត​(Kingsley Abbott) បាន​លើកឡើងថា​«​លោក កែម ឡី ដែលជា​អ្នកវិភាគ​នយោបាយ​និង​ជា​សកម្មជន​សិទ្ធិមនុស្ស​ដ៏​លេចធ្លោ​ម្នាក់​ត្រូវបាន​គេ​ធ្វើឃាត ខណៈ​មានការ​ចាប់ខ្លួន​មន្ត្រី​សង្គម​ស៊ីវិល​និង​អ្នកនយោបាយ​បក្សប្រឆាំង​»​។

​លោក ឃី​ង​ស្លី អា​ប៊​ត បានលើកឡើង​ទៀតថា ក្នុង​បរិបទ​នៃ​ប្រ​វិត្ត​វប្បធម៌​និ​រទ​ណ្ឋ​ភាព​ឬ​ភាព​គ្មាន​ទោសពៃរ៍​របស់​កម្ពុជា ដែល​ត្រូវបាន​គេ​ចោទប្រកាន់ថា​ពាក់ព័ន្ធ​នឹង​ឃាតកម្ម​នយោបាយ ហើយ​បើទោះបីជា​ជនសង្ស័យ​ត្រូវគេ​ចាប់​ដាក់ពន្ធនាគារ​ក៏ដោយ ក៏​អាជ្ញាធរ​ត្រូវ​បន្ត​ស៊ើបអង្កេត​ប្រកបដោយ​តម្លាភាព​និង​វិធីសាស្ត្រ​ត្រឹមត្រូវ​រហូតដល់​អស់​ល​ទ្ធ​ភាព និង​សមត្ថភាព​»​។ គណៈកម្មការ​អ្នកច្បាប់​អន្តរជាតិ​បានផ្ដល់​ជា​អនុសាសន៍​ថា ខណៈ​កម្ពុជា​ខ្វះ​សមត្ថភាព​ស៊ើបអង្កេត​គឺ​កម្ពុជា​គួរ​ស្វែងរក​ជំនួយ​បច្ចេកទេស​ពី​បរទេស ដែលមាន​ជំនាញ​ខាង​វិភាគ​វីដេអូ​កាមេរ៉ា​សុវត្ថិភាព​និង​ប្រព័ន្ធ​ទិន្នន័យ​ទំនាក់ទំនង​គ្នា​អង្កេត​និង​ធ្វើ​កោសល្យវិច័យ​រាងកាយ​លោក កែម ឡី ទីកន្លែង​កើតហេតុ​និង​រថយន្ត​ដែលមាន​សារៈសំខាន់​អាចជួយ​កំណត់​អត្តសញ្ញាណ និង​សកម្មភាព​របស់​ឧក្រិដ្ឋជន​ដើម្បី​ដឹងថា តើ​គេ​ប្រព្រឹត្ត​ម្នាក់ឯង​ឬ​មានការ​សមគំនិត​ពី​អ្នកដទៃ​។

គណៈកម្មការ​អ្នកច្បាប់​អន្តរជាតិ​បាន​អំពាវនាវ​ឲ្យ​អាជ្ញាធរ​កម្ពុជា​ធានាថា រាល់​អ្នកស៊ើប​អង្កេត​និង​ចៅក្រម​ស៊ើបអង្កេត​ត្រូវតែ​ឯករាជ្យ​មិន​លំអៀង​គ្មាន​រង​ឥទ្ធិពល​អ្វី​ទាំងអស់ ហើយ​មាន​សេរីភាព​ពេញលេញ​ក្នុងការ​ស៊ើបអង្កេត​ដោយ​គ្មាន​ការគំរាមកំហែង ការធ្វើ​បាប កា​រប​ន្ទុ​ច​បង្អាក់ ឬ​ការជ្រៀតជ្រែក​។ ជាងនេះទៅទៀត​ដំណើរការ​ស៊ើបអង្កេត​និង​លទ្ធផល​ត្រូវតែ​បង្ហាញ​ដោយ​តម្លាភាព​និង​បើកទូលាយ​ឲ្យ​គ្រួសារ​ជនរងគ្រោះ និង​សាធារណជន​ពិនិត្យមើល​។ ជាពិសេស​គណៈកម្មការ​អ្នកច្បាប់​អន្តរជាតិ​បាន​បញ្ជាក់ថា អាជ្ញាធរ​ត្រូវការពារ​សិទ្ធិ​គ្រួសារ​ជនរងគ្រោះ​ដោយ​ធានាថា គ្រួសារ​លោក កែម ឡី ទទួលបាន​ព័ត៌មាន​ទៀងទាត់​អំពី​ដំណើរការ​នៃ​ការស៊ើបអង្កេត និង​ទទួលបាន​នូវ​រាល់​ជំនួយ​ព្រមទាំង​ការគាំទ្រ​។

ទាក់ទង​ទៅនឹង​សំណុំរឿង​បាញ់សម្លាប់​លោក​បណ្ឌិត កែម ឡី នោះដែរ​ក្រុម​សមាជិកសភា​គណបក្ស​ស​ង្គ្រោះ​ជាតិ កាលពី​ថ្ងៃទី​១៣ ខែកក្កដា ឆ្នាំ​២០១៦ បានស្នើ​ឲ្យ​មាន​អ្នកឯកទេស​ត្រឹមត្រូវ​និង​ឯករាជ្យ​ក្នុងការ​ស៊ើបអង្កេត​ករ​ណី​ឃាតកម្ម​លើ​លោក កែម ឡី​។ ក្រុម​សមាជិកសភា​គណបក្ស​ស​ង្គ្រោះ​ជាតិ ក៏បាន​អំពាវនាវ​ឲ្យ​សហគមន៍​អន្តរជាតិ​យកចិត្តទុកដាក់​ពី​ស្ថានភាព​នយោបាយ​នៅ​កម្ពុជា និង​សុំ​ឲ្យ​អង្គការសហប្រជាជាតិ​ចូលរួម​ស៊ើបអង្កេត​រក​ការពិត​នូវ​អំពើ​ឃាតកម្ម​លោក កែម ឡី ដើម្បី​ធានា​កុំ​ឲ្យ​ការធ្វើឃាត​មនុស្ស​មា​នល​ក្ខ​ណៈ​នយោបាយ​បាន​រួចខ្លួន ដើម្បី​បញ្ចប់​នូវ​អំពើ​ព្រៃផ្សៃ​កុំ​ឲ្យ​បន្ត​កើតមាន​តទៅទៀត​។ គណបក្ស​សង្គ្រោះ​ជាតិ​បានចាត់ទុក​ឃាតកម្ម​លើ​លោក កែម ឡី ថា​ជា​ស្ថានភាព​ដ៏​ធ្ងន់ធ្ងរ​បំផុត​៕

kem-ley 13680548_1572468846382025_2590893571691432353_n