ក្រុមហ៊ុន​អង្គរ​ប្លាយ​វូដ ដឹកឈើ​ខុសច្បាប់​មក​ផលិត​ជា​ក្ដារបន្ទះ គ្មាន​មន្ត្រី​ពាក់ព័ន្ធ​ណា​ហ៊ាន​ក្អក​ជាមួយ​

សេចក្ដីរាយការណ៍​ពី​ប្រជាពលរដ្ឋ​ឃុំ​ត្រពាំង​ប្ញ​ស្សី ស្រុក​កំពង់ស្វាយ ខេត្តកំពង់ធំ បាន​ឲ្យ​ដឹងថា​រោងចក្រ​កិន​ឈើ​ធ្វើជា​ក្ដារបន្ទះ​របស់​ក្រុមហ៊ុន​អង្គរ​ប្លាយ​វូដ ដែលមាន​ទីតាំងនៅ​ម្ដុំ​ផ្លូវបំបែក​ទៅ​ខេត្តព្រះវិហារ ត្រង់​ភូមិ​ថ្នល់បំបែក ឃុំ​ត្រពាំង​ប្ញ​ស្សី បាន​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​ចូល​រោងចក្រ​ផលិត​ក្ដារបន្ទះ​ដោយ​មិន​អនុវត្តន៍​ឲ្យ​បាន​ត្រឹមត្រូវ​តាមច្បាប់​នោះទេ​។ ដោយសារតែ​ក្រុមហ៊ុន​អង្គរ​ប្លាយ​វូដ ដឹកឈើ​ខុសច្បាប់​ចូល​រោងចក្រ​ដើម្បី​ផលិត​ជា​ក្ដារបន្ទះ​នោះ​ហើយ ទើប​នាំ​ឲ្យ​មាន​បទល្មើស​បំផ្លាញ​ព្រៃឈើ​ក្នុងស្រុក​រវៀង និង​តំបន់​ព្រៃ​ឡង់​ក្នុង​ខេត្តព្រះវិហារ ក៏ដូចជា​ខេត្តកំពង់ធំ យ៉ាង​មហន្តរាយ​។

​មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​ក៏ដូចជា​មន្ត្រី​អាជ្ញាធរ​ស្រុក​កំពង់ស្វាយ បាន​ឲ្យ​ដឹងថា​មន្ត្រី​ជំនាញ​ដូចជា មន្ត្រីរដ្ឋបាល​ព្រៃឈើ ហាក់ដូចជា​គ្មាន​ចំណាត់ការ​អ្វី​ទាំងអស់​នៅពេល​ក្រុមហ៊ុន​អង្គរ​ប្លាយ​វូដ ដឹកជញ្ជូន​ឈើ​ខុសច្បាប់​ចូល​រោងចក្រ​ផលិត​ជា​ក្ដារបន្ទះ​ដើម្បី​នាំចេញ​។ ថ្មីៗ​នេះ​សមត្ថកិច្ច​ស្រុក​កំពង់ស្វាយ និង​ប្រជាពលរដ្ឋ​បានឃើញ​រថយន្ត​ធំៗ​ដឹកឈើ​ហ៊ុ​ប​មូល​ចូល​រោងចក្រ​ផលិត​ក្ដារបន្ទះ​របស់​ក្រុមហ៊ុន​អង្គរ​ប្លាយ​វូដ ក្នុង​មួយ​យប់ៗ​ពី​៤​ទៅ​៦​រថយន្ត ហើយ​មិនឃើញ​មាន​មន្ត្រីរដ្ឋបាល​ព្រៃឈើ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ដទៃទៀត​ចាត់វិធានការ​បង្ក្រាប​ឡើយ​។ ប្រជាពលរដ្ឋ​សង្ស័យថា​ការដែល​ម្ចាស់​ក្រុមហ៊ុន​អង្គរ​ប្លាយ​វូដ អាចធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត គឺមាន​ការឃុបឃិត​ពី​មន្ត្រីរដ្ឋបាល​ព្រៃឈើ​ក្នុងស្រុក​កំពង់ស្វាយ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ដូចជា​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច និង​កងរាជអាវុធហត្ថ​ជាដើម ទើប​អ្វីៗ​ប្រព្រឹត្ត​ទៅដោយ​គ្មាន​ឧបសគ្គ​។

តាម​ប្រភពពី​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្នុងភូមិ​ថ្នល់បំបែក ឃុំ​ត្រពាំង​ប្ញ​ស្សី ស្រុក​កំពង់ស្វាយ បានបញ្ជាក់​ថា​ឈើ​ហ៊ុ​ប​ធំៗ​មានមុខ​កាត់​ពី​៣០​ទៅ​៦០​សង់ទីម៉ែត្រ ដែល​គេ​ដឹក​ចូល​រោងចក្រ​ក្រុមហ៊ុន​អង្គរ​ប្លាយ​វូដ គឺ​មួយចំនួន​ដឹក​មកពី​ខេត្តព្រះវិហារ និង​មួយចំនួន​ដឹក​ចេញពី​តំបន់​ព្រៃ​ឡង់​នៃ​ខេត្តកំពង់ធំ ដែលជា​ព្រៃ​ការពារ​អភិរក្ស​។ បញ្ហា​នេះ​លោក ឆេង គឹម​ស៊ុន អគ្គនាយក​រដ្ឋបាល​ព្រៃឈើ គួរពិនិត្យមើល​ខ្លះ​ផង ព្រោះ​នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តព្រះវិហារ និង​នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តកំពង់ធំ មិន​យកចិត្តទុកដាក់​ទប់ស្កាត់​ករណី​ក្រុមហ៊ុន​អង្គរ​ប្លាយ​វូដ ដឹកឈើ​ខុសច្បាប់​មក​ផលិត​ជា​ក្ដារបន្ទះ​នោះទេ​។ ផ្ទុយទៅវិញ​មេ​រដ្ឋបាល​ព្រៃឈើ​នៃ​ខេត្ត​ទាំង​២​គិតគូរ​តែ​រឿង​ផលប្រយោជន៍​ប៉ុណ្ណោះ ទើប​ក្រុមហ៊ុន​អង្គរ​ប្លាយ​វូដ អាច​ដឹកឈើ​ខុសច្បាប់​មក​ផលិត​ជា​ក្ដារបន្ទះ​សម្រាប់​នាំចេញ​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់ ហើយ​ហ៊ាន​បំពាន​ច្បាប់​យ៉ាង​ក្រអឺតក្រទម​៕

Pic130 Pic131 Untitled-1-17