មន្ត្រីរដ្ឋបាល​ជលផល​ស្រុក​កំពង់ស្វាយ បើកដៃ​ឲ្យ​មាន​បទល្មើស​នេសាទ​កើតឡើង​យ៉ាង​ពេញបន្ទុក​ជា​ថ្នូរ​នឹង​ផលប្រយោជន៍​

ប្រជា​នេសាទ​នៅ​ឃុំ​ផាត់​សណ្ដាយ ស្រុក​កំពង់ស្វាយ ខេត្តកំពង់ធំ បាន​ឲ្យ​ដឹងថា​នៅក្នុង​រដូវ​បិទ​នេសាទ​នេះ បទល្មើស​ប្រើ​ឧបករណ៍​ខុសច្បាប់​ក្នុង​បឹង​ទន្លេសាប​នៃ​មូលដ្ឋាន​របស់​ពួកគាត់ កំពុង​កើតឡើង​យ៉ាង​ពេញបន្ទុក​ដោយសារ​មន្ត្រីរ​ដ្ឋ​បាល​ជលផល និង​ឈ្មួញ​ខិលខូច​ឃុបឃិត​ចែក​ផលប្រយោជន៍​គ្នា​យ៉ាង​សុខ​ស្រួល​។ ហេតុនេះហើយ​ទើប​ប្រជា​នេសាទ​អំពាវនាវ​ឲ្យ​លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម និង​លោក អេង ជា​សាន អគ្គនាយក​រដ្ឋ​បាលជ​ល​ផល ចាត់វិធានការ​ទប់ស្កាត់​បទល្មើស​នេសាទ​ក្នុង​ឃុំ​ផាត់​សណ្ដាយ​ជាបន្ទាន់​។ បើ​មិន​ដូច្នេះ​ទេ​មន្ត្រីជលផល​នៅ​ស្រុក​កំពង់ស្វាយ នោ​តែ​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​ដោយមាន​ការបើក​ដៃ​ពី​លោក ប៉ែន វណ្ណា​រិ​ទ្ធ នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​ខេត្តកំពង់ធំ​ផងដែរ​។

មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​ដែល​ឃ្លាំមើល​បទល្មើស​នេសាទ​ក្នុងស្រុក​កំពង់ស្វាយ បាន​ឲ្យ​ដឹងថា​ឈ្មួញ​ឈ្មោះ កង គា​ម កំពុងតែ​ធ្វើ​សកម្មភាព​រត់ការ​និង​កាង​បទល្មើស​នេសាទ​នៅក្នុង​ឃុំ​ផាត់​សណ្ដាយ ស្រុក​កំពង់ស្វាយ យ៉ាង​ក្រអឺតក្រទម​នៅក្នុង​រដូវ​បិទ​នេសាទ​។ ឈ្មួញ​ឈ្មោះ កង គា​ម បាន​រត់ការ​កាង​បទល្មើស​ដាក់​សម្រាស់​តាម​កន្លែង​ជាច្រើន​ដូចជា នៅ​តំបន់​ព្រែក​ទាល់ ព្រែក​តា​សោម ព្រែក​គន្លង​តាំង​ឈុន ព្រែក​ឆ្កោក និង​ព្រែ​កនាង​សាវ​ជាដើម ដោយមាន​មានការ​បែង​ចែកជា​ក្រុមៗ​ដើម្បី​ងាយស្រួល​ក្នុងការ​ប្រមូល​លុយ​បង់​ឲ្យ​មន្ត្រីរដ្ឋបាល​ជលផល និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ដទៃទៀត​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា លោក យ៉ាន់ វី​សាក់ មន្ត្រីរដ្ឋបាល​ជលផល​ឃុំ​ផាត់​សណ្ដាយ និង​លោក ព្រហ្ម សុខឿន មេ​រដ្ឋបាល​ជលផល​ស្រុក​កំពង់ស្វាយ គឺជា​អ្នកទទួល​ផលប្រយោជន៍​ពី​ឈ្មួញ​ឈ្មោះ កង គា​ម ហើយ​បណ្ដោយ​ឲ្យ​ឈ្មួញ​រូបនេះ​និង​បក្ខពួក​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​។

ប្រភពពី​ប្រជា​នេសាទ​ក្នុង​ឃុំ​ផាត់​សណ្ដាយ បាន​ឲ្យ​ដឹងថា​សម្រាស់​មួយកន្លែង​ត្រូវ​បង់លុយ​ឲ្យ​មន្ត្រីរដ្ឋបាល​ជលផល ពី​៥០​ទៅ​៧០​ម៉ឺន​រៀល​តាម​តូច​តាម​ធំ ហើយ​នៅក្នុង​តំបន់​ព្រែក​នីមួយៗ​នៃ​ឃុំ​ផាត់​សណ្ដាយ មាន​សម្រាស់​រាប់រយ​ក​ន្លែ​ង ដូច្នេះ​លោក យ៉ាន់ វី​សាក់ និង​លោក ព្រហ្ម សុខឿន ប្រមូល​លុយ​បាន​មិនតិច​ឡើយ​។ ឈ្មួញ​ឈ្មោះ កង គា​ម គឺជា​អ្នកប្រមូល​ទិញ​ត្រី​ផ្ដាច់មុខ​នៅ​ឃុំ​ផាត់​សណ្ដាយ​ផងដែរ ព្រោះ​ឈ្មួញ​រូបនេះ​មានការ​ឃុបឃិត​ពី​មន្ត្រី​អាជ្ញាធរ មន្ត្រីរដ្ឋបាល​ជលផល និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ដទៃទៀត ដោយមាន​ការ​បែក​ចែក​ផលប្រយោជន៍​គ្នា​ជាប្រចាំ​។ ហេតុនេះហើយ​ទើប​បទល្មើស​នេសាទ​ក្នុង​ឃុំ​ផាត់​សណ្ដាយ ស្រុក​កំពង់ស្វាយ ខេត្តកំពង់ធំ រាលដាល​កាន់តែខ្លាំង​ឡើងៗ ដូច្នេះ​លោក អេង ជា​សាន អគ្គនាយក​រដ្ឋ​បាលជ​ល​ផល មិនត្រូវ​មើលរំលង​តទៅទៀត​ទេ ព្រោះ​មន្ត្រីរដ្ឋបាល​ជលផល​ស្រុក​កំពង់ស្វាយ កំពុង​ប្រព្រឹត្ត​អំពើពុករលួយ​យ៉ាង​ពេញបន្ទុក​៕

k-fish-phat k-fish-phat1-500x300