លោក កឹម សុខា បញ្ជាក់ថា​អ្នកដឹកនាំ​ត្រូវ​ផ្តល់ឱកាស​ដល់​អ្នកគាំទ្រ និង​ផ្តល់ឱកាស​ដល់​ខ្លួនឯង​

​នៅថ្ងៃនេះ ប្រធានស្តីទី​គណបក្ស​ស​ង្គ្រោះ​ជាតិ លោក កឹម សុខា បាន​សម្តែង​ការយល់ឃើញថា​ការដឹកនាំ​ល្អ អ្នកដឹកនាំ​ត្រូវ​ចេះ​ផ្ដល់ឱកាស​ឲ្យ​ប្រជាពលរដ្ឋ​របស់ខ្លួន​មានឱកាស​ដូចគ្នា ខាង​នយោបាយ ខាង​សេដ្ឋកិច្ច និង​ខាង​សង្គមកិច្ច​។ ប៉ុន្ដែ​អ្នកដឹកនាំ​ដែល​ចង់​ក្លាយខ្លួនជា​អ្នកដឹកនាំ ក៏​មិនត្រូវ​រង់ចាំ​គេ​ផ្ដល់ឱកាស​ឲ្យ​ដែរ គឺ​ត្រូវ​ចេះ​ចាប់យក​កាស​សម្រាប់​ខ្លួនឯង ហើយ​គោលជំហរ​ទាំងនេះ​កំពុងតែ​អនុវត្តន៍​ក្នុង​ផែនការ​យុទ្ធសាស្ត្រ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​។ ការបញ្ជាក់​របស់លោក កឹម សុខា យ៉ាង​ដូច្នេះ​គឺ​បាន​ធ្វើឡើង​ក្នុងឱកាស​ដែល​លោក​ថ្លែង​នៅ​កាន់​សិក្ខាកាម​ចូលរួម​វគ្គ​បណ្ដុះបណ្ដាល​ចលនា​ស្ដ្រី​គណបក្ស​សង្គ្រោះ​ជាតិ​ស្ដីពី ស្ដ្រី​ភាពជា​អ្នកដឹកនាំ និង​ជំនាញ​និយាយ​សាធារណៈ​ដែលមាន​ការចូលរួម​ពី​តំណាង​ចលនា​ស្ដ្រី​គណបក្ស​សង្គ្រោះ​ជាតិ មកពី ២៥ រាជធានី​-​ខេត្ត នៅ​ទីស្នាក់ការ​កណ្ដាល​គណបក្ស​សង្គ្រោះ​ជាតិ​។​

​ដើម្បី​ឲ្យ​គោលជំហរ​ខាងលើ​អាច​ទទួលបាន​លទ្ធផល លោក កឹម សុខា បាន​បញ្ជាក់ថា អ្នកដឹកនាំ​ត្រូវតែ​ឆ្លងកាត់​កត្តា​វិនិច្ឆ័យ​ដូចជា ឆន្ទៈ សមត្ថភាព លទ្ធភាព និង​គុណភាព ។ លោក កឹម សុខា បាន​បញ្ជាក់ថា​នៅក្នុង​សង្គម​ប្រជាធិបតេយ្យ​គ្មាន​បុគ្គល​ណា ក្រុម​ណា គណបក្សនយោបាយ​ណា​អាច​ទប់ស្កាត់​ចរន្ដ​ឆន្ទៈ​រួម​របស់​ប្រជាពលរដ្ឋ​ជា​រៀងរហូត​បានឡើយ​។ ដូច្នេះ គណបក្ស​សង្គ្រោះ​ជាតិ កំពុងធ្វើដំណើរ​លើផ្លូវ​ត្រូវ​ហើយ​ព្រោះ​គណបក្ស​សង្គ្រោះ​ជាតិ​ដើរ​ស្របតាម​ឆន្ទៈ​របស់​ប្រជាពលរដ្ឋ​ខ្មែរ​។ ប្រធានស្តីទី​គណបក្ស​ស​ង្គ្រោះ​ជាតិ លោក កឹម សុខា បាន​សង្កត់ធ្ងន់ថា ទោះបី​សព្វថ្ងៃនេះ​គណបក្ស​សង្គ្រោះ​ជាតិ និង​ប្រជាពលរដ្ឋ​ខ្មែរ​បាននិងកំពុង​ជួបប្រទះ​ព្យុះភ្លៀង​ជាច្រើន​ក៏ដោយ ក៏ប៉ុន្ដែ​បើ​គណបក្ស​សង្គ្រោះ​ជាតិ និង​ប្រជាពលរដ្ឋ​ខ្មែរ​នៅតែ​អត់ធ្មត់​ដើម្បី​ឆ្លងកាត់​ឧបសគ្គ​ទាំងនេះ​បាន គឺ​នោះ​ហើយ​ជា​ជោគជ័យ​របស់​ប្រជាពលរដ្ឋ​ខ្មែរ​។​

​លោក កឹម សុខា បាន​ថ្លែងថា បើទោះជា​មាន​ឧបសគ្គ​លំបាក​យ៉ាងណាក៏ដោយ ក៏​គណបក្ស​សង្គ្រោះ​ជាតិ និង​ប្រជាពលរដ្ឋ​ខ្មែរ​នៅតែ​បន្ត​ដើរ​ទៅមុខទៀត ដើរ​កុំ​ថយ ដើរ​ឲ្យ​ដល់​គោលដៅ​ទៅ​សង្គ្រោះ​ជាតិ​។ គួរ​បញ្ជាក់ថា ថ្នាក់ដឹកនាំ​របស់​គណ​បក្ស​សង្គ្រោះ​ជាតិ បានបញ្ជាក់​ជា​បន្តបន្ទាប់​ថា​គោលដៅ​ចម្បង​របស់​គណបក្ស​ស​ង្គ្រោះ​ជាតិ គឺ​ដំណើរ​ឆ្ពោះទៅរក​ការបោះឆ្នោត​ដើម្បី​ធ្វើការ​ផ្លាស់ប្តូរ​ជា​វិជ្ជមាន​។ តែ​ដើម្បី​សម្រេច​គោលដៅ​ទាំង​នោះបាន គឺ​គណបក្ស​សង្គ្រោះ​ជាតិ​កំពុង​ប្រើប្រាស់​គ្រប់​មធ្យោបាយ​ស្របច្បាប់ និង​អហិង្សា ដើម្បី​ជំរុញ​ឲ្យ​ស្ថានការណ៍​នយោបាយ​បច្ចុប្បន្ន​វិល​ទៅរក​ភាពប្រក្រតី​ដើម្បី​សម្រួល​ដល់​ការបោះឆ្នោត​នៅពេល​ខាងមុខ​៕

13680747_1404293199587975_7035615330066477114_n13731593_1404293196254642_1518317911948025613_n 13686487_1404293646254597_7834162214283664494_n 13728913_1404293192921309_8046759937170370274_n