ប្រវត្តិ​ស្នេហា​ដ៏​ផ្អែមល្ហែម​របស់​កំលោះ កែម ឡី និង​ក្រមុំ​លក់​ពង​ទា​ស្ងោរ

លោក ជុន ច័ន្ទបុត្រ ដែលធ្លាប់សម្ភាសលោក កែម ឡី ជាញឹកញាប់តាមរយៈមីក្រូ របស់វិទ្យុអាស៊ីសេរី តែពេលនេះ លោកបានងាកមករំលឹកពីជីវិត និងពីប្រវត្តិស្នេហាដ៏ផ្អែមល្ហែម និងពោរពេញដោយការទទួលខុសត្រូវរបស់លោកបណ្ឌិត កែម ឡី និងភរិយា របស់លោក គឺអ្នកស្រី ប៊ូ រចនា វិញម្តង ដោយសេចក្ដីទាំងស្រុងដូចខាងក្រោម៖
ប្រវត្តិ​ស្នេហា​ដ៏​ផ្អែមល្ហែម​របស់​កំលោះ កែម ឡី និង​ក្រមុំ​លក់​ពង​ទា​ស្ងោរ

ប្រិយមិត្តជាទីមេត្រី!

ថ្ងៃនេះខ្ញុំចង់ដកឃ្លាពីនិយាយពីរឿងមរណភាព មករំលឹកពីជីវិត និងពីប្រវត្តិស្នេហាដ៏ផ្អែមល្ហែម និងពោរពេញដោយការទទួលខុសត្រូវរបស់លោកបណ្ឌិត កែម ឡី និងភរិយា របស់លោក គឺអ្នកស្រី ប៊ូ រចនា វិញម្តង។

លោកកែម ឡី ផ្ទាល់បានរៀបរាប់រឿងរ៉ាវទំនាក់ទំនងស្នេហានេះ ប្រាប់ខ្ញុំ និងភរិយាព្រមទាំងកូនរបស់ខ្ញុំ ពេលដែលយើងជួបគ្នាក្នុងពិធីញ៉ាំបាយល្ងាចជាលក្ខណៈគ្រួសារមួយ៖

ថ្ងៃមួយកំលោះ កែម ឡី មានបេសកកម្មធ្វើដំណើរតាមទូកទៅខេត្តក្រចេះ។ ប៉ុន្តែមុននឹងទៅដល់ខេត្តក្រចេះ ទូកត្រូវចូលចតនៅកំពង់ដជំនីកសិន ដើម្បីដាក់អ្នកដំណើរដែលត្រូវចុះនៅស្រុកនេះ និងទទួលអ្នកដំណើរថ្មី ដែលត្រូវចេញពីជំនីកទៅក្រចេះ។ នេះក៏ជាឱកាសល្អមួយសម្រាប់អ្នកដំណើរបានស្រស់ស្រូបអាហារ ព្រោះទម្រាំដល់ជំនីក ថ្ងៃត្រង់ល្មម។

គ្រាន់តែទូកចតដល់មាត់ច្រាំងភ្លាម អ្នកលក់បាយកញ្ចប់ នំនែក និងចំណីអាហារ ដែលងាយកាន់បរិភោគ នាំគ្នាសម្រុកចុះទូកប្រជែងគ្នាលក់ទំនិញរបស់ខ្លួន។ ថ្វីត្បិតតែកម្លោះ កែម ឡី ចង់ទិញបាយដើម្បីបំពេញការស្រេកឃ្លានពេញមួយព្រឹកទៅហើយក្តី លោកបែរជាទៅទាក់ចិត្តនឹងអ្នកលក់ពងទាស្ងោរជាងគេ។ អ្នកលក់ពងទាស្ងោរនោះ មានទឹកមុខញញឹមញញែម ឬកពាររម្យទម។

នាងមានសម្បុរស្រអែម សក់ស្លូតវែងប្រះស្មា។ នាងហាក់ទើបឈានចូលដល់វ័យពេញរូបពេញរាងមួយ ដែលបង្ហាញនូវសម្រស់ដ៏ត្រកាលពីធម្មជាតិរបស់នាង។ កំលោះ កែម ឡី មិនអាចដកភ្នែកចេញពីសម្រស់ដ៏គ្មានពីររបស់ក្រមុំលក់ពងទាស្ងោរនេះ។ លោកក៏សម្រេចចិត្ត ហៅអ្នកលក់ពងទាស្ងោរមកទិញ។ តែបើទិញហើយអោយលុយភ្លាម លោកនឹងបាត់ឱកាសបានគយគន់និងជជែកស្វែងយល់ពីនាង។ លោកក៏ចាប់ផ្តើមរើសពងទាស្ងោរផង ជជែកពីនេះពីនោះផង។

ធ្វើដំណើរតែម្នាក់ឯងសោះ តែលោករើសពងទាស្ងោរសឹងអស់ពីថាស។ រើសបានហើយលោកក៏នៅមិនទាន់អោយលុយនាងភ្លាមទេ លោកនៅសួរពីនេះពីនោះ។ នាងអៀនណាស់។ នាងមិនត្រូវការសំណួរអីច្រើនពេកទេ។ ទិញហើយអោយលុយមកដើម្បីនាងបានទៅលក់ទៀត។ តែនាងរក្សាការគួរសមរហូត។

អ្នកដំណើរដែលត្រូវចុះនៅជំនីកក៏ចុះអស់។ អ្នកឡើងថ្មីក៏ឡើងមកបំពេញ។ អ្នកដំណើរដ៏ទៃទៀតក៏បានទិញអាហារថ្ងៃត្រង់រៀងៗខ្លួន។ អ្នកលក់ទាំងឡាយចុះពីទូកវិញអស់ហើយ នៅឡើយតែនាងក្រមុំលក់ពងទាស្ងោរ កំពុងរង់ចាំទទួលលុយពីម៉ូយកំលោះ ដែលហាក់ដូចជាកំពុងភ័ន្តភាំង មិនព្រមដកលុយចេញរួចសងថ្លៃពងទានាងសោះ។

ដោយគិតថាអ្នកលក់ចុះអស់ពីទូកហើយ តៃកុងទូកក៏ចាប់ផ្តើមបើកចាកចេញពីច្រាំងទៅ។ ប្រឈមមុខនឹងស្ថានភាពនេះ លែងនៅចង់បានលុយទៀតហើយ នាងប្រញាប់ប្រញាល់ស្ទុះសំដៅទ្វារចេញ រួចលោតចូលក្នុងទឹកប្រូង ហែលសំដៅទៅមាត់ច្រាំងវិញ ចោលថាសពងទា និងលុយដែលមិនទាន់ទារបាននៅឡើយ។

មកទល់ពេលនេះ ទើបកំលោះ កែម ឡី ភ្ញាក់ខ្លួនហើយស្តាយក្រោយចំពោះការដែលលោកបានបន្ទុចបង្អាក់ដំណើរ នាងលក់ពងទារហូតដល់នាងលោតចោលថាសនិងលុយ។ លោកបន្តសំលឹងមើលនាងហែលរហូតដល់ច្រាំងឡើងគោកវិញ ទើបលោកដកភ្នែកបាន។ លោកបន្តដំណើរទៅខេត្តក្រចេះ ដោយនាំទាំងថាសពងទាស្ងោរនិងវិប្បដិសារីទៅជាមួយផង។

លោកបំពេញការងារលើកនេះ ទាំងចិត្តវិលវល់នឹកភ្នកដល់នាងក្រមុំលក់ពងទាស្ងោរស្រុកក្រូចឆ្មារមិនភ្លេចមួយវិនាទីណាឡើយ។ ម៉្យាងគិតដល់កំហុសដែលបានធ្វើអោយនាងខកខានមិនបានចុះ ទូកទៅវិញបានត្រឹមត្រូវ ម៉្យាងស្តាយមិនបានសួរឈ្មោះនិងផ្ទះនាង ដើម្បីបានយកថាសនិងលុយទៅសងនាងវិញ។

បួនប្រាំថ្ងៃក្រោយមក បន្ទាប់ពីកំលោះអ្នកស្រាវជ្រាវបញ្ហាសង្គមនេះ បញ្ចប់ការងារនៅខេត្តក្រចេះ លោកក៏ធ្វើដំណើរតាមទូកត្រលប់មកទៅភ្នំពេញ កាត់តាមជំនីក ស្រុកក្រូចឆ្មាដដែល។ កំលោះ កែម ឡី សង្ឃឹមថានេះជាឱកាសមួយដែលលោកបានជួបនាងលក់ពងទាស្ងោរម្តងទៀត ដើម្បីបានប្រគល់ថាសនិងសងលុយនាងវិញ។

គ្រាន់តែទូកចតចូលច្រាំងភ្លាមលោក ខំសម្លឹងរកនាង…។ អ្នកលក់ប្រញាប់ប្រញាល់ប្រជែងគ្នាចុះទូក។ កំលោះ កែម ឡី មិនចាប់អារម្មណ៍នឹងអ្នកណាទាំងអស់ ភ្នែកគាត់រំពៃរកមើលតែអ្នកលក់ពងទាំងស្ងោរ ដែលគាត់ជំពាក់ទាំងលុយ ជំពាក់ទាំងចិត្តតែប៉ុណ្ណោះ។ អ្នកលក់ចុះមកអស់ហើយ ម្តេចឡើយបាត់តែនាងមិនឃើញមកលក់នឹងគេ? តិចនាងអស់ចុងអស់ដើម ហើយរកទុនមកលក់លែងបាន? តិចនាងត្រូវឪពុកម្តាយដាក់ទណ្ឌកម្មពីការលក់អស់ចុងអស់ដើម អស់ទាំងថាស ហើយលែងអោយមកលក់ទៀតទៅ? ដួងចិត្តលោកច្របូកច្របល់ណាស់។

សួរអ្នកលក់ដ៏ទៃទៀត ក៏គេហាក់មិនចាប់អារម្មណ៍នឹងសំណួររបស់លោកទេ។ ម្នាក់ៗគេគិតតែពីខំលក់ទំនិញ អាលឆាប់បានចេញពីទូកវិញ។ គ្មាននរណាម្នាក់យល់ពីដួងចិត្តតក់ក្រហល់របស់លោកសោះ។ អ្នកលក់ចេញពីទូកវិញម្តងមួយៗហើយ នៅតែរកនាងមិនឃើញនៅឡើយ។ ទូកបញ្ឆេះម៉ាស៊ីនរៀបបន្តដំណើរទៅភ្នំពេញវិញ។

លោក កែម ឡី មិនអាចចាកចេញពីទីនេះ ដោយមិនបានសងលុយនិងថាស និងមិនបានសុំទោសនាងទេ។ ទីបំផុតលោកសម្រេចចិត្តថា ត្រូវតែចុះនៅទីនេះសិន ដើម្បីស្វែងរកនាង។ លោកបានសាកសួរគេឯង។ នៅពេលដែលស្ងប់ពីការរវល់លក់ ហើយទើបអ្នកលក់មានឱកាសស្តាប់សំណួររបស់កំលោះ កែម ឡី។ គេបានប្រាប់លោកថា នាងមិនមានអ្នកណាធ្វើបាបធ្វើកម្ម ឬក៏ខាតចុងខាតដើមអ្វីទេ។ ព្រឹកនេះនាងជាប់រៀន ទើបនាងខកខានមិនបានមកលក់។

បានឮដំណឹងនេះ កំលោះ កែម ឡី ក៏ស្ងប់អារម្មណ៍ណាស់ដែរ។ លោកបានសួរដឹងពីផ្ទះរបស់ម្ចាស់ថាស រួចក៏ស្កាត់ទៅជួបអាណាព្យាបាលនាង ប្រគល់ទាំងថាសនិងប្រាក់សំណងដល់ម្តាយនាង។ ចាប់ពីពេលនោះមក លោកក៏នៅតែបន្តទំនាក់ទំនងរហូតដល់ចូលស្តីនាងដណ្ដឹងជាគូភរិយាហូតមក៕

ប្រវត្តិ​ស្នេហា​ដ៏​ផ្អែមល្ហែម​របស់​កំលោះ កែម ឡី និង​ក្រមុំ​លក់​ពង​ទា​ស្ងោរ

ប្រវត្តិ​ស្នេហា​ដ៏​ផ្អែមល្ហែម​របស់​កំលោះ កែម ឡី និង​ក្រមុំ​លក់​ពង​ទា​ស្ងោរ

ប្រវត្តិ​ស្នេហា​ដ៏​ផ្អែមល្ហែម​របស់​កំលោះ កែម ឡី និង​ក្រមុំ​លក់​ពង​ទា​ស្ងោរ

ប្រភព៖ kqube

  • ប្រវត្តិ​ស្នេហា​ដ៏​ផ្អែមល្ហែម​របស់​កំលោះ កែម ឡី និង​ក្រមុំ​លក់​ពង​ទា​ស្ងោរ已关闭评论
  • 6 views
  • Hide Sidebar
    A+
Publish on:2016/07/14  Category:ជីវិតនិងសង្គម
Tags: