12 កក្កដា ខួប​3​ឆ្នាំ​កន្លង​ផុត​ការ​លើកលែងទោស​លោក សម រ​ង្ស៊ី

រាជធានី​ភ្នំពេញ ៖ ថ្ងៃ​ទី​១២ ខែកក្កដា ឆ្នាំ​២០១៦ ជា​ខួប​៣​ឆ្នាំ​ដែល​លោក សម រ​ង្ស៊ី ត្រូវ​បាន​ព្រះមហាក្សត្រ​សម្តេចព្រះ​បរមនាថ​នរោត្ដម​សីហ​មុនី ប្រោស​ព្រះ​រាជទាន​លើកលែងទោស​ក្រោយ​ពី​មានការ​ស្នើ​សុំ​ពី​សម្តេច​តេ​ជោ ហ៊ុន សែន នាយ​រដ្ឋមន្ត្រី ។

គេ​នៅ​ចាំ​បាន​ថា កាលពី​ថ្ងៃ​ទី​១២ ខែកក្កដា ឆ្នាំ​២០១៣​កន្លង​មក​នោះ លោក សម រ​ង្ស៊ី មេដឹកនាំ​គណបក្សប្រឆាំង​ដ៏​ធំ​នៃ​ប្រទេស​កម្ពុជា ដែល​កំពុង​និរទេស​ខ្លួន​គេច​ពី​ការ​តាម​ចាប់ខ្លួន​ត្រូវ​បាន​ព្រះមហាក្សត្រ​ខ្មែរ​សម្ដេចព្រះ​បរមនាថ  នរោត្ដម​សីហ​មុនី ប្រោស​ព្រះ​រាជទាន​លើកលែងទោស​បន្ទាប់​ពី​មាន​សំណើ​អន្ដរាគមន៍​ពី​សម្ដេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ដ្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ។ ការ​លើកលែងទោស​នោះ​បន្ទាប់​ពី​លោក សម រ​ង្ស៊ី បាន​សរសេរ​លិខិត​ទូល​ថ្វាយ​ព្រះមហាក្សត្រ កាលពី​ថ្ងៃ​ទី​១៣ ខែមិថុនា ឆ្នាំ​២០១៣ ។

លិខិតស្នើ​សុំ​នោះ លោក សម រ​ង្ស៊ី បាន​ដកស្រង់​ប្រសាសន៍​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នៅ​ថ្ងៃ​ទី​១០​និង​ទី​១១ មិថុនា ឆ្នាំ​២០១៣ នៅ​ខេត្តពោធិ៍សាត់​និង​កំពង់ឆ្នាំង ដែល​សម្តេច​នាយក​រដ្ឋមន្ត្រី បាន​មាន​ប្រសាសន៍​ទាក់ទង​នឹង​ការ​វិល​ត្រឡប់​ចូល​មក​ក្នុង​ប្រទេស​កម្ពុជា​របស់​លោក ។ លោក​បាន​យល់​ឃើញ​ថា កាយវិការ​និង​ប្រសាសន៍​របស់​សម្តេច​តេ​ជោ ហ៊ុន សែន ជា​សញ្ញា​បង្ហាញ​ពី​ឆន្ទៈ​នៃ​ការ​សម្របសម្រួល និង​ការ​ដោះស្រាយ​បញ្ហា​ដែល​ទាក់ទង​នឹង​ការ​បង្រួបបង្រួម​ជាតិ​ដោយ​ការ​ផ្ដល់​ឱកាស​ឱ្យ​ទូល​បង្គំ​ប្រធាន​គណបក្សជំទាស់​ធំ​ជាងគេ​ក្នុង​ប្រទេស​កម្ពុជា​បាន​ចូលរួម​ធ្វើ​សកម្មភាព​នយោបាយ ដោយ​ស្មើភាព​ក្នុង​ការ​បោះ​ឆ្នោត​ថ្ងៃ​ទី​២៨ ខែកក្កដា ឆ្នាំ​២០១៣ ។

ជាង​នេះ​ទៅ​ទៀត ការ​សរសេរ​លិខិត​របស់​មេ​បក្ស​ប្រឆាំង​នោះ​ចំ​ពេល​សម្ដេច​តេ​ជោ ហ៊ុន សែន កំពុង​ឋិត​នៅ​ក្នុង​ការ​កាន់ទុក្ខ​ជា​ទម្ងន់ ចំពោះ​បិតា​ជាទី​ស្រឡាញ់​ស្មើ​ជីវិត​របស់​សម្ដេច ទទួលមរណភាព​កាលពី​វេលា​ទៀប​ភ្លឺ​ថ្ងៃ​សុក្រ ទី​១២ ខែកក្កដា ។ យ៉ាងណា​ក៏​ដោយ​សម្ដេច​បាន​បំពេញ​នូវ​គុណធម៌ ដោយ​បាន​សរសេរ​លិខិត​ទូល​ថ្វាយ​ព្រះមហាក្សត្រ​ជាទី​គោរព​សក្ការៈ សុំ​ប្រោស​ព្រះ​រាជទាន​ឱ្យ​លោក សម រ​ង្ស៊ី រួច​ពី​ការ​ជាប់​ទោស ។

សូម​ជម្រាប​ថា ទោះបីជា​កាលពី​បី​ឆ្នាំ​មុន​លោក សម រ​ង្ស៊ី មេ​បក្ស​ប្រឆាំង​បាន​វិល​ចូល​ស្រុក​យ៉ាងណា​ក្តី ប៉ុន្តែ​សម្រាប់​ថ្ងៃ​ទី​១២ ខែកក្កដា ឆ្នាំ​២០១៦​នេះ លោក មិន​បាន​វិញ​ចូល​ស្រុក​ដូច​លើក​មុន​នោះ​ទេ ព្រោះថា លោក សម រ​ង្ស៊ី បាន​ត្រូវ​តុលាការ​រាជធានី​ភ្នំពេញ កាត់ទោស​ឲ្យ​ជាប់​ពន្ធនាគារ តែ​លោក​មិន​ចូលខ្លួន​មក​ទទួលទោស​ឡើយ ។ ជាង​នេះ​ទៀត សម្តេច​តេ​ជោ ហ៊ុន សែន ធ្លាប់​បាន​ប្រកាស​និង​គ្មាន​ការ​លើកលែងទោស​ឲ្យ សម រ​ង្ស៊ី ដូច​លើក​មុន​នោះ​ទេ ព្រមទាំង​អះអាង​ថា ប្រសិនបើ​មានការ​លើកលែងទោស​មែន​នោះ សម្តេច​នឹង​កាត់​ដៃស្តាំ​ចោល ។

ទោះជា​យ៉ាងណា​ក្តី រយៈពេល​ថ្មី​កន្លែង​មកនេះ លោក សម រ​ង្ស៊ី បាន​ប្រកាស​ជំហរ​ថា លោក​នឹង​វិល​ចូល​ស្រុក​វិញ​នៅ​មុន​ពេល​បោះ​ឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ សង្កាត់ ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​៤ មិថុនា ២០១៧​ខាង​មុខ​នេះ ។ សម្រាប់​ការ​លើក​ឡើង​របស់​មេ​បក្ស​ប្រឆាំង​ត្រូវ​បាន​មន្ត្រីជាន់ខ្ពស់​គណបក្ស​ប្រជាជន ស្វាគមន៍​ឲ្យ​ចូល​មក ប៉ុន្តែ​លោក​មិន​អាច​រួច​ផុត​ពី​ការ​ជាប់​ពន្ធនាគារ​នោះ​ទេ ៕