មានការ​សង្ស័យ​រឿង​នាំចូល​ប្រេងសាំង​បង់ពន្ធ​មិន​គ្រប់​តាម​ច្រករបៀង​ក្នុងស្រុក​បន្ទាយ​អម្ពិល ខេត្តឧត្ដរមានជ័យ

​មួយ​រយៈពេល​កន្លងទៅ​នេះ​ឈ្មួញ​បាន​នាំចូល​ប្រេងសាំង​ពី​ប្រទេស​សៀម​តាម​ច្រករបៀង​ជប់​គគីរ ស្រុក​បន្ទាយ​អម្ពិល យ៉ាង​ពេញបន្ទុក ហើយ​សមត្ថកិច្ច​ពាក់ព័ន្ធ​មួយចំនួន​សង្ស័យថា​មាន​បន្លំ​នាំចូល​ប្រេងសាំង​បង់ពន្ធ​មិន​គ្រប់​ផងដែរ ដោយ​ឈ្មួញ​ឃុបឃិត​ជាមួយ​មន្ត្រី​គយ​និង​មន្ត្រី​ពាក់ព័ន្ធ​ដទៃទៀត​។ ជាពិសេស​ក្រោយពេល​លោក យូ ហេង ចូលកាន់​តំណែង​ជា​ប្រធាន​សាខាគយ​ខេត្តឧត្ដរមានជ័យ គឺ​សកម្មភាព​នាំ​ប្រេងសាំង​ចូល​តាម​ច្រករបៀង​ជប់​គគីរ ស្រុក​បន្ទាយ​អម្ពិល កើតឡើង​កាន់តែច្រើន ហើយ​មួយផ្នែក​នៃ​ប្រេងសាំង​ទាំងនោះ​ត្រូវ​ប្រភព​ខ្លះ​អះអាងថា ជា​ប្រេងសាំង​គេចពន្ធ​។ ការ​នាំចូល​ប្រេងសាំង​គេចពន្ធ​ឬ​ប្រេងសាំង​បង់ពន្ធ​មិន​គ្រប់​តាម​ច្រករបៀង​ក្នុងស្រុក​បន្ទាយ​អម្ពិល កំពុង​ធ្វើ​ឲ្យ​រដ្ឋ​ត្រូវ​ខាតបង់​ចំណូល​ពន្ធ​យ៉ាងច្រើន​សន្ធឹកសន្ធាប់​ក្នុង​មួយខែៗ ហើយ​ផលប្រយោជន៍​បាន​ទៅលើ​ឈ្មួញ​ខិលខូច​និង​សមត្ថកិច្ច​ពុករលួយ​។

សេចក្ដីរាយការណ៍​ពី​ប្រជាពលរដ្ឋ​នៅ​ស្រុក​បន្ទាយ​អម្ពិល​បាន​ឲ្យ​ដឹងថា ប្រេងសាំង​នាំចូល​ច្រករបៀង​ជប់​គគីរ​ត្រូវបាន​គេ​យកមក​ស្តុក​នៅក្នុង​ឃ្លាំង​ដ៏​ធំ​មួយកន្លែង​នៅក្បែរ​ជើងភ្នំ​ដងរែក ជាប់​ព្រំដែន​កម្ពុជា​-​សៀម ភូមិ​ចាន់​ក្រហម​សែន​ជ័យ ឃុំ​អម្ពិល ស្រុក​បន្ទាយ​អម្ពិល ខេត្តឧត្ដរមានជ័យ​។ ក្នុង​មួយថ្ងៃៗ​ឈ្មួញ​នាំចូល​ប្រេងសាំង​ជាច្រើន​ស៊ីទែន មក​ស្តុក​ក្នុង​ឃ្លាំង​នោះ ហើយ​មិនដែល​ឃើញ​សមត្ថកិច្ច​គយ​ទៅ​ត្រួតពិនិត្យ​ជាប្រចាំ​ឡើយ​។ លោក យូ ហេង ប្រធាន​សាខាគយ​ខេត្តឧត្ដរមានជ័យ និង​លោក ខាន់ ផល្លា អនុប្រធាន​សាខាគយ​ខេត្តឧត្ដរមានជ័យ ទទួលបន្ទុក​គយ​ចល័ត ត្រូវបាន​គេ​សង្ស័យថា​ទទួល​ប្រយោជន៍​យ៉ាងច្រើន​ពី​ឈ្មួញ​នាំចូល​ប្រេងសាំង ទើប​បណ្ដោយ​ឲ្យ​ឈ្មួញ​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​។

មន្ត្រីរាជការ​ក្នុង​ខេត្តឧត្ដរមានជ័យ បាន​ឲ្យ​ដឹងថា​ឈ្មួញ​នាំចូល​ប្រេងសាំង​តាម​ច្រករបៀង​ស្រុក​បន្ទាយ​អម្ពិល ជា​អ្នកមាន​លុយ មានអំណាច​ខ្លាំង អាចធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត ព្រោះ​មានការ​ឃុបឃិត​ជាមួយ​មន្ត្រី​គយ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ជាច្រើន​ស្ថាប័ន​ទៀត​។ ប្រភព​បាន​ឲ្យ​ដឹងថា ស្ថាប័នគយ​អនុញ្ញាត​ឲ្យ​ឈ្មួញ​នាំចូល​ប្រេងសាំង​សម្រាប់​ប្រើប្រាស់​ក្នុង​ខេត្តបន្ទាយមានជ័យ មួយខែៗ​ពី​២០​ទៅ​៣០​ម៉ឺន​រថយន្ត​ស៊ីទែន ក៏ប៉ុន្តែ​ជាក់ស្ដែង​ឈ្មួញ​អាច​នាំចូល​ច្រើនជាង​នេះ ដោយសារ​មានការ​ឃុបឃិត​ជាមួយ​សមត្ថកិច្ច​ពុករលួយ​ធ្វើ​ឲ្យ​រដ្ឋ​ត្រូវ​ខាតបង់​ចំណូល​ពន្ធ​មិនតិច​ឡើយ​។ ដូច្នេះ​លោក គុណ ញឹម អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ គួរពិនិត្យមើល​ភាពមិនប្រក្រតី​ខាងលើនេះ​ផង កុំ​ឲ្យ​រដ្ឋ​ត្រូវ​ខាតបង់​ចំណូល​ពន្ធ​យ៉ាងច្រើន​សន្ធឹកសន្ធាប់​បន្ត​ទៀត​៕

srnews-46 srnews-45 srnews-42 srnews-43