បទល្មើស​ដឹកជញ្ជូន​ឈើ​ឆ្លងកាត់​ស្រុក​រវៀង ខេត្តព្រះវិហារ នៅតែ​កើតឡើង​យ៉ាង​ពេញបន្ទុក សមត្ថកិច្ច​បង្ក្រាប​តែ​ឈ្មួញ​ដែល​មិន​បង់លុយ​

ប្រជាពលរដ្ឋ​នៅ​ភូមិ​រំចេក ឃុំ​រមណី ស្រុក​រវៀង ខេត្តព្រះវិហារ បាន​ឲ្យ​ដឹងថា​បច្ចុប្បន្ន​រថយន្ត​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​នៅតែ​អាចធ្វើ​សកម្មភាព​យ៉ាង​អនាធិបតេយ្យ ហើយ​សមត្ថកិច្ច​បង្ក្រាប​តែ​រថយន្ត​របស់​ឈ្មួញ​ដែល​មិន​បង់លុយ​ប៉ុណ្ណោះ​។ ចំណែក​ឈ្មួញ​ដែល​បង់លុយ​ឲ្យ​មន្ត្រីរដ្ឋបាល​ព្រៃឈើ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ដទៃទៀត ទោះបី​គេ​ដឹកឈើ​ប្រណីត​ឬ​ឈើ​ប្រភេទ​លេខ​១​តាម​រថយន្ត​យី​ឌុប​ធំៗ​ផ្ទុក​លើស​ទម្ងន់​ក៏​គ្មាន​មន្ត្រីរដ្ឋបាល​ព្រៃឈើ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ណា ចាត់វិធានការ​បង្ក្រាប​ឡើយ​។ ហេតុនេះហើយ​ទើប​បទល្មើស​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​ឆ្លងកាត់​ស្រុក​រវៀង នៅតែ​កើតឡើង​យ៉ាង​ពេញបន្ទុក ព្រោះ​មន្ត្រីរដ្ឋបាល​ព្រៃឈើ​គិតតែ​ពី​រឿង​ផលប្រយោជន៍​ប៉ុណ្ណោះ​។

កាលពី​ថ្ងៃទី​១៣ ខែកក្កដា ឆ្នាំ​២០១៦ មន្ត្រី​ផ្នែក​រដ្ឋបាល​ព្រៃឈើ និង​សង្កាត់រដ្ឋបាល​ព្រៃឈើ​រវៀង ស្រុក​រវៀង ខេត្តព្រះវិហារ បាន​ចាប់​គោយន្ត​កន្ត្រៃ និង​រថយន្ត​ដឹកជញ្ជូន​ឈើ​អារ​ចម្រុះ​ប្រភេទ​លេខ​១ ប្រភេទ​លេខ​២ និង​ឈើ​ប្រណីត​ប្រភេទ​ធ្នង់​លើផ្លូវ​ជាតិ​លេខ​៦២ ភូមិ​រំចេក ឃុំ​រមណី ស្រុក​រវៀង​។ រថយន្ត​ដឹកឈើ​ដែល​ត្រូវ​បង្ក្រាប​ទី​១​ម៉ាក​តា​កូ​ម៉ា ពាក់​ស្លាក​លេខ​ភ្នំពេញ​2D-5279 ដឹកជញ្ជូន​ឈើ​អារ​ប្រភេទ​លេខ​១​គគីរ​ចំនួន​៣៩​សន្លឹក​ស្មើនឹង​០,៧៤៨​ម៉ែត្រគូប ទី​២​ម៉ាក​កាមរី ពាក់​ស្លាក​លេខ​បាត់ដំបង​2A-9479 ដឹកជញ្ជូន​ឈើ​ប្រណីត​ប្រភេទ​ធ្នង់ រថយន្ត​ទី​៣​ម៉ាក​នីសា​ន់ ពាក់​ស្លាក​លេខ​ភព​២-0480 ដឹកជញ្ជូណ​ឈើ​អារ​ប្រភេទ​ធ្នង់ និង​គោយន្ត​កន្ត្រៃ​១​គ្រឿង​ដឹកឈើ​អារ​ប្រភេទ​លេខ​២(​ផ្ដៀក​)​ចំនួន​៧៦​សន្លឹក​ស្មើនឹង​៤,២៣៧​ម៉ែត្រគូប​។

ជុំវិញ​ការបង្ក្រាប​នេះ​មជ្ឈដ្ឋាន​មួយចំនួន​សង្ស័យថា មកពី​ម្ចាស់​រថយន្ត​ដឹកឈើ​ទាំងនោះ គ្មាន​ទំនាក់ទំនង​សម្របសម្រួល​ជាមួយ​មន្ត្រីរដ្ឋបាល​ព្រៃឈើ​ក្នុងស្រុករ​វៀង​ជាមុន ទើបត្រូវ​ប្រឈម​នឹង​ការបង្ក្រាប​យក​ស្នាដៃ​តែម្តង​។ ប្រសិនបើ​ឈ្មួញ​ម្ចាស់​រថយន្ត​ដឹកឈើ​ចេះដឹង​ទុក្ខ​ធុរៈ​មន្ត្រីរដ្ឋបាល​ព្រៃឈើ​ក្នុងស្រុក​រវៀង គឺ​ពុំមាន​ករណី​បង្ក្រាប​កើតឡើង​ទេ ព្រោះ​ជាក់ស្ដែង​រថយន្ត​យី​ឌុប​ធំៗ​ដឹកឈើ​ប្រណីត​និង​ឈើ​ប្រភេទ​លេខ​១ ឆ្លងកាត់​ផ្លូវជាតិ​លេខ​៦២ ក្នុងស្រុក​រវៀង ទាំងយប់​ទាំង​ថ្ងៃ​មិនដែល​ឃើញ​មន្ត្រីរដ្ឋបាល​ព្រៃឈើ​បង្ក្រាប​ឡើយ​។ បញ្ហា​នេះ​លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម និង​លោក ឆេង គឹម​ស៊ុន អគ្គនាយក​រដ្ឋបាល​ព្រៃឈើ គួរពិនិត្យមើល​ភាព​អសកម្ម​របស់​មន្ត្រីរដ្ឋបាល​ព្រៃឈើ​ក្នុងស្រុក​រវៀង និង​ស្រុក​នានា​ក្នុង​ខេត្តព្រះវិហារ​ខ្លះ​ផង ព្រោះ​បច្ចុប្បន្ន​បទល្មើស​ព្រៃឈើ​នៅ​ខេត្តព្រះវិហារ បន្ត​កើតឡើង​យ៉ាង​ពេញបន្ទុក​៕

781b99cc-1dab-4206-b86b-8b805a449cc7 32bd734e-c5be-4154-be0a-750f4ab2e5be