ទំនិញ​ឆ្លងកាត់​កំពង់​ផែ​ស្វយ័ត​ក្រុងព្រះសីហនុ​កើនឡើង​ជាង​7% ក្នុង​ឆមាស​ទី​1

រាជធានី​ភ្នំពេញ ៖ បើ​ទោះបី​ស្ថានភាព​នៅ​អឺរ៉ុប និង​សេដ្ឋកិច្ច​សកល​បាន​ធ្លាក់​ចុះ​តិចតួច​ក្តី ក៏​កំពង់​ផែ​ស្វយ័ត​ក្រុងព្រះសីហនុ​នៅ​តែ​ទទួល​បាន ទំនិញ​ឆ្លងកាត់​កើនឡើង ហើយ​មុខទំនិញ​ដែល​ឆ្លងកាត់ (​នាំ​ចេញ​-​ចូល​) ភាគច្រើន​ជា​សម្ភារ​បម្រើ​ក្នុង​វិស័យ​កាត់ដេរ ។

លោក អ៊ុ​ក សុ​មេធី ប្រធាន​ការិយាល័យ​ស្ថិតិ​និង​ទំនាក់ទំនង​នៃ​កំពង់​ផែ​ស្វយ័ត​ក្រុងព្រះសីហនុ មាន​ប្រសាសន៍​ថា នៅ​ក្នុង​ឆមាស​ទី​១ ឆ្នាំ​២០១៦​នេះ មុខទំនិញ​ឆ្លងកាត់​កំពង់​ផែ​ស្វយ័ត​ក្រុងព្រះសីហនុ មាន​ជាង​២​លាន​តោន ក្នុង​នោះ​មុខទំនិញ​របស់​កម្ពុជា​នាំ​ចេញ​ទៅ​បរទេស​មាន​៥០​ម៉ឺន​តោន និង​ជាង​១,៥​លាន​តោន​នាំ​ចូល​មក​ពី​បរទេស បើ​ប្រៀបធៀប​នឹង​រយៈពេល​ដូច​គ្នា​នឹង​ឆ្នាំ​មុន កើនឡើង​៧,៩៨% ។

លោក​បន្ត​ថា ៖ « ក្នុង​ឆមាស​ទី​១ ទំនិញ​ចេញពី​កម្ពុជា​កើន​ជាង​៣% រីឯ​ទំនិញ​នាំ​ចូល​មក​វិញ​កើន​ជាង​៩% ធៀប​នឹង​ឆ្នាំ​មុន ។ កម្ពុជា​នាំ​ចេញ​ទៅ​បរទេស​ភាគច្រើន​ជា​សម្ភារ​នៅ​ក្នុង​វិស័យ​កាត់ដេរ និង​ផលិតផល​ជា​អង្ករ ដោយ​បាន​នាំ​ចេញ​ច្រើន​ទៅ​សហគមន៍​អឺរ៉ុប និង​ប្រទេស​បារាំង ចំណែក​សម្ភារ​កាត់ដេរ​នាំ​ទៅ​សហរដ្ឋអាមេរិក និង​អឺរ៉ុប ។

ដោយឡែក ទំនិញ​នាំ​ចូល​មក​វិញ​ភាគច្រើន​ជា​សម្ភារ​បម្រើ​ក្នុង​វិស័យ​កាត់ដេរ​មាន​ដូច​ជា វត្ថុធាតុដើម​ប្រើប្រាស់​ក្នុង​រោងចក្រ សម្ភារ​សំណង់ ប្រេង ហ្គា​ស និង​ធ្យូងថ្ម ដែល​វត្ថុធាតុដើម​ភាគច្រើន​នាំ​មក​ពី​ប្រទេស​ចិន » ។

បរិមាណ​ទំនិញ​ឆ្លងកាត់​កំពង់​ផែ​ក្នុង​ឆមាស​ទី​១​នេះ លោក​រំពឹង​ថា អាច​នឹង​កើនឡើង​រហូត​ដល់​១០% រួម​ទាំង​មុខទំនិញ​ជា​កុងតឺន័រ​ផង​ដែរ ប៉ុន្តែ​ជា​លទ្ធផល​បាន​តែ​ជាង​៧% ដោយសារ​តែ​ស្ថានភាព​នៅ​អឺរ៉ុប និង​សេដ្ឋកិច្ច​សកល​មានការ​ធ្លាក់​ចុះ​តិចតួច ។

លោក​បន្ត​ថា ៖ « បើ​ទោះបី​យើង​ទទួល​បាន​កំណើន​ជាង​៧% តែ​យើង​នៅ​តែ​រក្សា​បាន​ប្រាក់​ចំណូល​ក្នុង​ចន្លោះ​១០% ដូច​ការ​គ្រោងទុក​។ ដូច្នេះ សម្រាប់​កំពង់​ផែ​ក្រុងព្រះ​សីហនុ​នៅ​តែ​មាន​កំណើន ហើយ​យើង​រំពឹង​ថា អាច​នឹង​សម្រេច​តាម​ផែនការ ប្រសិនបើ​សេដ្ឋកិច្ច​ពិភពលោក​មាន​តម្រូវការ ឬ​ទីផ្សារ​កើន​ឡើងជា​ធម្មតា​នោះ​ផែនការ​នឹង​សម្រេច​ដូច​ការ​គ្រោងទុក » ។

លោក​បន្ថែម​ថា ចំពោះ​កំណើន​នៅ​ឆមាស​ទី​២ កើនឡើង​កម្រិត​ណា​នោះ នៅ​មិន​ទាន់​អាច​សន្មត​បាន​ទេ វា​អាស្រ័យ​លើ GDP បើ GDP កើនឡើង​៧%​ក្នុង​មួយ​ឆ្នាំ​នោះ កំពង់​ផែ​នឹង​ទទួល​កំណើន​ប្រហែល​១០% ។ ដើម្បី​សម្រួល​លើ​ការ​លើកដាក់​មុខទំនិញ​ឱ្យ​បាន​ទាន់សភាពការណ៍​នៅ​ចុងឆ្នាំ​នេះ កំពង់​ផែ​នឹង​បំពាក់​គ្រឿងចក្រ​ធំ​ៗ​ពីរ​គ្រឿង​ទៀត ព្រមទាំង​ដោះស្រាយ​ចំណតរថយន្ត​ឱ្យ​បាន​ល្អ​ដើម្បី​ទទួល​បានការ​ទាក់ទាញ​ពី​អ្នក​ប្រើប្រាស់​ផែ ៕