​ឃ្លានណាស់​កូនចៅអើយ !​ ជួយ​យាយតាផង​

​ខេត្ត​ប៉ៃលិន ៖ ​​យាយ​​តា​ចំណាស់​ទុរគត២​នាក់​ប្តី​-ប្រពន្ធសុំ​ដី​គេ​​សង់ផ្ទះ​​ស្នាក់​នៅ​ អស់​រយៈពេល​ជាង​១០​ឆ្នាំ​មក​​ហើយ រ​ហូ​តម​ក​ដល់​ពេល​​នេះ កំពុង​តែ​មានការ​ខ្វះខាត អត់​មាន​អាហារ​ទទួលទាន​គ្រប់គ្រាន់ទេ​ ដោយ​រស់នៅ​ពឹង​ទៅ​លើ​អ្នក​ជិតខាង​ទាំង​ស្រុង ។ ​សព្វ​ថ្ងៃ​លោក​តា​ជា​ប្តី​ មានជំងឺ​លើស​ឈាម រីឯ​​ប្រពន្ធ​កាន់​តែ​ចាស់​​ខ្សោយ​​កម្លាំង មិន​អាច​រកស៊ី​អ្វី​កើត ទើប​ពួក​គាត់​ទាំង​២ ​រស់​ក្នុង​ខ្ទម ដែល​គេ​សង់​ឱ្យ ​ទាំង​មានការ​លំបាក​យ៉ាង​ខ្លាំង ហើយ​ប្រាថ្នា​សុំ​ឱ្យ​មាន​អាហារ​ហូប​គ្រប់​គ្រាន់ ​មុន​នឹង​អស់​ជីវិត ។

លោក​តា​ទុរគត​ខាងលើ ឈ្មោះ​ឃុ​ត ផល្លា អាយុ​​៧៥​​ឆ្នាំ មាន​ប្រចាំ​កាយ (ស្ពឹក​ដៃ​ជើង) ​និងលោកយាយ​ជា​ប្រពន្ធ ឈ្មោះវ៉ា ស៊ី​ថេ​ត អាយុ​៧១​ឆ្នាំ មានស្រុក​កំណើត​រស់នៅ​ភូមិ​រកា​គយ ឃុំ​រកា​គយ ស្រុក​កងមាស ខេត្ត​កំពង់​ចាម ។ បច្ចុប្បន្ន ​​រស់នៅ​ក្នុង​ខេត្ត​ប៉ៃ​លិន ដោយ​​សុំ​ដី​គេ​សង់​ខ្ទម​​ស្នាក់​នៅ​ អស់​រយៈពេល​ជាង​១០ឆ្នាំ​មក​ហើយ ត្រង់​ចំណុច​ប​ថ្មី ​ភូមិប​យ៉ាខាង ក្រុងប៉ៃលិន ។

​បើ​​តាម​ការ​រៀបរាប់​ពី​លោកយាយ​ជា​ប្រពន្ធ​​ឱ្យ​ដឹង​ថា ដោយសារ​ជីវភាព​​មានកា​រ​ខ្វះខាត គ្មាន​កូនចៅ​នឹង​​គេ ទើប​ពួក​គាត់​ទាំង​ពីរ​នាក់​ បាន​នាំ​គ្នា​ធ្វើ​ដំណើរ​ពី​ខេត្តកំពង់ចាម​ មក​រស់នៅ​ខេត្ត​ប៉ៃលិនអស់​រយៈពេល​ជាង​១០​ឆ្នាំ​មក​ហើយ ដោយ​សុំ​ដី​បុរស​ម្នាក់ឈ្មោះ អ៊ិ​ន ម៉ៅ អាយុ​៥០​ឆ្នាំ ​ស្នាក់​នៅ​ធ្វើការ​ស៊ីឈ្នួល​ដាំដំឡូង​មី​ និង​ជម្រះ​ស្មៅ​ពោត​អ្នក​ភូមិបាន​ប្រាក់​យកមក​ចិញ្ចឹមជីវិត ។

ប្រ​ភ​ព​បន្ត​ទៀត​​ថា ប៉ុន្តែ​រយៈពេល​២​ឆ្នាំ​កន្លង​ទៅ​នេះ ដោយសារ​លោក​តា​​​មានជំងឺ​​ប្រចាំ​កាយ ​មិន​អាច​ចេញ​ទៅ​ណា​រួច ហើយ​គាប់​ជួន​នឹង​​លោកយាយ​កាន់តែមាន​វ័យ​ចំណាស់ ទើប​រហូត​មក​ដល់​បច្ចុប្បន្ន​ ពួក​គាត់​បាន​ត្រឹមតែ​ស្នាក់​នៅ​ក្នុង​ខ្ទម​រង់ចាំ​ឱ្យ​អ្នក​ជិតខាង​ផ្តល់​បាយ​​សម្ល​​ព្រឹក-ល្ងាច ​ដើម្បី​រស់​ប៉ុណ្ណោះ  ។

គាត់​បញ្ជាក់​ទៀត​​ថា នៅ​ឯ​ស្រុកកំណើត​មាន​បងប្អូន​កូនក្មួយ​មួយ​ចំនួន​​ដែរ តែ​មិន​ធ្លាប់​បាន​ទៅ​លេង ឬ​សួរ​សុខទុក្ខ​គាត់​​ម្តង​ណា​នោះ​​ទេ ខណៈ​ពួក​គេ​មាន​​ជីវភាព​​ធូរធា​​ដែរ ។

ចំណែក​​ពួក​គាត់​វិញ​ គ្មាន​លទ្ធភាព​រក​ប្រាក់បាន​គ្រប់គ្រាន់ ដើម្បី​ទៅ​លេង​ស្រុក​កំណើត ​សម្រាប់​​ដង្ហើម​ចុង​ក្រោយ​នោះ​​ឡើយ មាន​តែផ្ញើ​ជីវិត​នៅ​លើ​ទឹកដី​ខេត្ត​ប៉ៃលិន​​ប៉ុណ្ណោះ ហើយ​មាន​​តែ​ម្ចាស់​ដី និង​អ្នក​ជិតខាង​ទេ ដែល​ចូល​រួម​ធ្វើ​បុណ្យសព​គាត់​នៅ​ថ្ងៃ​ខាង​
មុខ ។ គាត់​ក៏​សុំ​អំពាវនាវ​ដល់​សប្បុរសជន បើ​ពិតជា​​អា​ណិ​ត​អាសូរ​ដល់​គាត់ សូម​ជួយ​ផ្តល់​ជា​ស្បៀងអាហារ និង​ថវិកា​មួយ​ចំនួន សម្រាប់​គាត់បន្ត​រស់នៅ​ឃើញ​ពន្លឺព្រះអាទិត្យ​ជា​ច្រើន​ថ្ងៃ​ថែម​ទៀត ។

ទោះបីជា​យ៉ាងណា​ កាលពី​១​ស​ប្តាហ៍​កន្លង​ទៅ​នេះ ខាង​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​ប៉ៃលិន ក៏​បាន​នាំ​យក​អំណោយ​មួយ​ចំនួន​ទៅ​ចែក​ជូន​ដល់​ពួក​គាត់​ផង​​ដែរ ។ បន្ទាប់​ពី​ទទួល​សេចក្តីរាយការណ៍​ពី​ប្រជាពលរដ្ឋ នៅ​ក្នុងភូមិ​ក្បែរ​នោះ​រួច​មក ដោយ​មាន​អង្ករ មី ទឹក​សុទ្ធ ទឹកស៊ីអ៊ីវ ទឹកត្រី និង​ថវិកា​មួយ​ចំនួន ហើយ​ថែម​ទាំង​ដឹក​លោកតា និង​យាយ​ យក​មកស​ម្រាក​ព្យាបាល​ជំងឺ​​នៅ​ក្នុង​មន្ទីរ​ពេទ្យ​បង្អែក​ខេត្ត​ប៉ៃលិន​ទៀត​ផង ។