រវល់​ផឹកស៊ី​ តាំងពី​ក្បាល​ព្រលប់​រហូត​ជិត​ភ្លឺ​ ភ្លេច​មើល​ម៉ូតូ​មួយ​ភ្លែត ​ត្រូវ​ចោរ​កាច់​សោ.ក ​យក​ទៅ​បាត់

រវល់​ផឹកស៊ី​ តាំងពី​ក្បាល​ព្រលប់​រហូត​ជិត​ភ្លឺ​ ភ្លេច​មើល​ម៉ូតូ​មួយ​ភ្លែត ​ត្រូវ​ចោរ​កាច់​សោ.ក ​យក​ទៅ​បាត់



ភ្នំពេញ ​៖ ​​បុរស​ម្នាក់​នៅ​ពេល​ត្រឡប់​មកពី​ធ្វើការ​វិញ​មិន​បាន​ទៅ​ដល់​ផ្ទះ​នោះ​ទេ​ ត្រូវ​បាន​មិត្តភក្ដិ​បបួល​ផឹក​ស៊ី​នៅ​ផ្ទះ​មិត្តភក្តិ ​ដោយ​ផឹក​តាំងពី​ក្បាល​ព្រលប់​រហូត​ដល់​ម៉ោង​៤​ទៀបភ្លឺ។ ពេល​កំពុង​ផឹក​ម្ចាស់​បាន​ឧស្សាហ៍​ងាក​មើល​ម៉ូតូ​ដែរ​ ប៉ុន្តែ​ដោយ​ភ្លេច​មើល​តែ​មួយ​ភ្លែត ​ត្រូវ​ចោរ​លួច​កាច់​សោ.ក​ ជិះ​ចេញទៅ ​ទោះបី​ឃើញ​ជនសង្ស័យ​កំពុង​ជិះ​ចេញទៅ​ហើយ​ក្ដី​ ក៏​មិន​អាច​ដេញ​ចាប់​ចោរ​បាន​ដែរ ​ព្រោះ​ស្រវឹង​អស់ហើយ។

ហេតុការណ៍​នេះ​បាន​កើត​ឡើង​កាលពី​វេលា​ម៉ោង​៤​ទៀបភ្លឺ​​ ​ថ្ងៃ​ទី​១៤ ​ខែ​កក្កដា ​ឆ្នាំ​២០១៦​ នៅ​ភូមិ​ព្រៃទា ​សង្កាត់​ចោមចៅ ​ខណ្ឌ​ពោធិ៍​សែន​ជ័យ។

ជនរងគ្រោះ​ឈ្មោះ​ឃឹម សុខាន់ ភេទ​ប្រុស​ អាយុ​៣៦​ឆ្នាំ​ មុខរបរ​កម្មករ​រោងចក្រ រស់នៅ​ភូមិ​ដើម​ត្រាំង ឃុំ​អន្លង់​រមៀត ស្រុក​កណ្ដាល​ស្ទឹង ​ខេត្ត​កណ្ដាល។ ចំណែក​ម៉ូតូ​ ដែល​ជនសង្ស័យ​លួច​ ម៉ាក​ហុងដា​ឌ្រីម​សេ​១២៥​ ស៊េរី​​២០១៤​ ពណ៌​ខ្មៅ​ ពាក់​ស្លាក​លេខ ​កណ្ដាល​1R.0723។

តាម​ប្រភព​ព័ត៌មាន​ពី​ជនរងគ្រោះ​បាន​និយាយ​ថា ​មុន​ពេល​កើតហេតុ រូប​គាត់​មកពី​ធ្វើការ​ ដោយ​មិនបាន​ទៅផ្ទះ​ទេ​ គឺ​បាន​ទៅ​ជួបជុំ​មិត្តភក្តិ​៣​នាក់​ទៀត ​ហើយ​បាន​នាំគ្នា​ផឹកស៊ី​នៅផ្ទះ​មិត្តភក្ដិ​ម្នាក់ ឈ្មោះ​កែវ ប៊ុន​ធី ដែល​ជា​មិត្ត​រួម​ការងារ​ជាមួយគ្នា។ ដូច្នេះ​បើ​បូក​រួម​ទាំង​ម្ចាស់​ផ្ទះ​ទៀត ​មាន​គ្នា​៤​នាក់​ ហើយ​ផឹក​អស់​ជាង​មួយ​កេស។

ជនរងគ្រោះ​បាន​បន្ត​ទៀត​ថា​ ម៉ូតូ​របស់​គាត់​ទុក​តាំងពី​ក្បាល​ព្រលប់​​ ​ប្រហែល​ម៉ោង​៦​ល្ងាច​ ដោយ​ចាក់សោ.ក និង​បិទ​សន្ទះ​ត្រឹមត្រូវ ហើយ​ផឹក​ស៊ី​នៅ​ផ្ទះ​ជាន់​ទី​មួយ​ ឯ​ម៉ូតូ​ទុក​នៅមុខ​ផ្ទះ ជាន់​ក្រោម។ ពេល​នោះ​​រូប​គាត់​ផឹក​ បណ្ដើរ​ចេញទៅ​មើល​ម៉ូតូ​បណ្ដើរ លុះ​មកដល់​ម៉ោង​កើតហេតុ​ គាត់​ចេញ​មក​មើល​ម៉ូតូ​របស់​គាត់​ម្ដង​ទៀត​ ស្រាប់តែ​ឃើញ​ជនសង្ស័យ​ពីរ​នាក់​ជិះ​ម៉ូតូ​ មក​កាច់​សោ.ក​ម៉ូតូ​ របស់​គាត់ ហើយ​គាត់​ ​និង​មិត្តភក្ដិ​បាន​ដេញ​តាម​ជនសង្ស័យ​ដែរ​ តែ​ដេញ​មិនទាន់ ​ព្រោះ​ស្រវឹង​អស់ហើយ។

ក្រោយពេល​កើតហេតុ ​ជនរងគ្រោះ​ និង​មិត្តភក្តិ​ម្នាក់ទៀត​ បាន​មក​ដាក់ពាក្យ​បណ្ដឹង​ នៅ​ប៉ុស្តិ៍​ចោមចៅ​ ដើម្បី​ឲ្យ​សមត្ថកិច្ច​ជួយ​អន្តរាគមន៍​ ​​ស្រាវជ្រាវ​រកមុខ​ជនសង្ស័យ​ យក​មក​ផ្ដន្ទាទោស​តាមច្បាប់៕

រវល់​ផឹកស៊ី​ តាំងពី​ក្បាល​ព្រលប់​រហូត​ជិត​ភ្លឺ​ ភ្លេច​មើល​ម៉ូតូ​មួយ​ភ្លែត ​ត្រូវ​ចោរ​កាច់​សោ.ក ​យក​ទៅ​បាត់