​សមាជិកសភា​អាមេរិក​សម្តែង​ការគាំទ្រ​ដល់​ការតស៊ូ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​

កាលពី​យល់​មិញ​នេះ​លោក កឹម សុខា ប្រធានស្តីទី​គណបក្ស​ស​ង្គ្រោះ​ជាតិ បានទទួល​ជួប​សន្ទនា​តាម​ទូរស័ព្ទ​ជាមួយ លោក អា​ឡេ​ន ឡូ​វិ​ន​ថា​ល់ (Alan Lowenthal) សមាជិក​រដ្ឋសភា​នៃ​សហរដ្ឋអាមេរិក និង​ជា​ប្រធាន​ក្រុម​សភា​សហរដ្ឋអាមេរិក ទទួលបន្ទុក​កិច្ចការ​ប្រទេស​កម្ពុជា​។​ការសន្ទនា​នេះ​ធ្វើ​នៅ​ថ្ងៃ​ពុធ ទី​១៣ ខែកក្កដា ឆ្នាំ​២០១៦ វេលា​ម៉ោង ០៧ និង ៣០​នាទី​យប់ ម៉ោង​នៅ​កម្ពុជា ត្រូវ​នឹង​ម៉ោង ០៨ និង​៣០​នាទី​ព្រឹក នៅ​រដ្ឋធានី​វ៉ាស៊ីនតោន សហរដ្ឋអាមេរិក​។​

លោក មុត ចន្ថា នាយក​ខុទ្ទកាល័យ​របស់ លោក កឹម សុខា ប្រធានស្ដីទី​គណបក្ស​ស​ង្គ្រោះ​ជាតិ បាន​បញ្ជាក់ថា ការសន្ទនា​ខាងលើនេះ​ឥស្សរជន​ទាំង​ពីរបាន​ផ្លាស់ប្តូរ​យោបល់​គ្នា​ជំវិញ​ស្ថានការណ៍​នយោបាយ ដំណើរការ​ប្រជាធិបតេយ្យ និង​បញ្ហា​សិទ្ធិមនុស្ស​បច្ចុប្បន្ន នៅ​ប្រទេស​កម្ពុជា​។ នៅពេល​ជាមួយគ្នានេះ លោក អា​ឡេ​ន ឡូ​វិ​ន​ថា​ល់ (Alan Lowenthal)  បាន​លើកទឹកចិត្ត​ដល់​គណបក្ស​សង្គ្រោះ​ជាតិ បន្ត​កិច្ចខិតខំ​ប្រឹងប្រែង​ដ៏​មានតម្លៃ​របស់ខ្លួន​ក្នុង​បុព្វហេតុ​លទ្ធិប្រជាធិបតេយ្យ សេរីភាព និង​ការគោរព​សិទ្ធិមនុស្ស សម្រាប់​កម្ពុជា និង​ប្រជាពលរដ្ឋ​ខ្មែរ​។​

លោក អា​ឡេ​ន ឡូ​វិ​ន​ថា​ល់ (Alan Lowenthal)  សមាជិក​រដ្ឋសភា​សហ​រដ្ឋ​អាមេរិក បាន​សង្កត់ធ្ងន់ថា សហរដ្ឋអាមេរិក​នឹង​បន្ត​តាមដាន​យ៉ាង​យកចិត្តទុកដាក់​ចំពោះ​ស្ថានការណ៍​នយោបាយ​តានតឹង​បច្ចុប្បន្ន​នៅ​ប្រទេស​កម្ពុជា ហើយ​និង​បន្ត​ទំនាក់ទំនង និង​សហការ​ជាមួយ គណបក្ស​សង្គ្រោះ​ជាតិ​អំពី​ការវិវត្តន៍​នៃ​ស្ថានការណ៍​នយោបាយ​របស់​ប្រទេស​កម្ពុជា​។​

ជុំវិញ​បញ្ហា​ខាងលើនេះ លោក ថម ម៉ាលី​ណូ​ស្គី ឧបការី​រដ្ឋមន្ត្រីក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក​ទទួលបន្ទុក​ផ្នែក​លទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្ស និង​ការងារ ក៏​នឹង​មក​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​កម្ពុជា ពីថ្ងៃ​ទី​១៨ ដល់​ថ្ងៃទី​១៩ ខែកក្កដា​។ ស្ថានទូត​សហរដ្ឋអាមេរិក​ប្រចាំ​កម្ពុជា​បាន​បញ្ជាក់ថា ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ លោក ថម ម៉ាលី​ណូ​ស្គី នឹង​ជួបពិភាក្សា​ការងារ​ជាមួយ​មន្ត្រី​រដ្ឋាភិបាល គណបក្សជំទាស់ សង្គម​ស៊ីវិល និង​តំណាង​ទីភ្នាក់ងារ​អន្តរជាតិ ដើម្បី​ពិភាក្សា​ពី​សារៈសំខាន់​នៃ​ការបោះឆ្នោត​ប្រកបដោយ​ភាពសេរី ត្រឹមត្រូវ និង​យុត្តិធម៌​នៅ​កម្ពុជា​។

សេចក្តីប្រកាស​ព័ត៌មាន​របស់​ស្ថានទូត​សហរដ្ឋអាមេរិក​ប្រចាំ​កម្ពុជា ចុះ​ថ្ងៃទី​១៣ កក្កដា បាន​សង្កត់ធ្ងន់ថា គោលបំណង​នៃ​ដំណើរ​ទស្សនកិច្ច​របស់​មន្ត្រីជាន់ខ្ពស់​សហរដ្ឋ​អាមេរិក គឺ​ដើម្បី​បញ្ជាក់​ពី​សារៈសំខាន់​នៃ​សិទ្ធិមនុស្ស​នៅក្នុង​ទំនាក់ទំនង​រវាង​កម្ពុ​ជា និង​សហរដ្ឋអាមេរិក​៕

13614942_1400589593291669_2289753010580270567_n 13631475_1058251454257814_1421171206332757515_n d749ab25-5ec9-484a-bdc9-14196a75e735