​សម្តេច​តេ​ជោ ហ៊ុន សែន ទៅ​ចូលរួម កិច្ចប្រជុំ​កំពូល​អាស៊ី​-​អឺរ៉ុប

ភ្នំពេញ:
នៅវេលា​ម៉ោង ៨ ព្រឹក ថ្ងៃទី​១៤ ខែកក្កដា​នេះ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់ អញ្ជើញ​ទៅ​ចូលរួម កិច្ចប្រជុំ​កំពូល អាស៊ី​-​អឺរ៉ុប លើក​ទី​១១ ដែល​នឹង​ប្រព្រឹត្តទៅ ពីថ្ងៃ​ទី​១៥ ដល់​ថ្ងៃទី​១៦ ខែកក្កដា ឆ្នាំ​២០១៦ នៅ​ទីក្រុង​អ៊ូ​ឡង់​បា​ទ័​រ ប្រទេស​ម៉ុង​ហ្គោ​លី តប​តាម​ការអញ្ជើញ របស់លោក ត្សា​ឃី​អា​ហ្គី​ន​អែល​ប៊េ​ឌូ​រ្ស ប្រធានាធិបតី​ម៉ុង​ហ្គោ​លី​។​

​គណៈប្រតិភូ អមដំណើរ រួមមានៈ លោក​ទេសរដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រី​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ព្រមទាំង​សមាជិក រាជរដ្ឋាភិបាល​កម្ពុជា ដទៃទៀត​។​

​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នឹង​ថ្លែង​សុន្ទរកថា នៅក្នុង​សម័យ ប្រជុំ​ពេញអង្គ របស់​កិច្ចប្រជុំ​កំពូល​អាស៊ី​-​អឺ​រុ​ប លើ​ប្រធានបទ "​ការតភ្ជាប់​ផ្នែក​ទន់​"​។​

​ក្រោម​ប្រធានបទ "​រយៈពេល ២០ ឆ្នាំ នៃ​កិច្ចប្រជុំ​អាស៊ី អឺរ៉ុប ៖​ភាពជា​ដៃគូ សម្រាប់​អនាគត តាមរយៈ​ការតភ្ជាប់​" កិច្ចប្រជុំ​កំពូល​អាស៊ី អឺរ៉ុប លើក​ទី​១១ នឹង​ពិភាក្សា​កើ​បញ្ហាសំខាន់ៗ ជាច្រើន រួមមានៈ ការវាយតម្លៃ​ពីបទ​ពិសោធន៍ របស់ ASEM ក្នុង​រយៈពេល ២០ ឆ្នាំ កន្លងមក ការកសាង​ការតភ្ជាប់​ផ្នែក​រឹង និង​ទន់​រវាង​អាស៊ី អឺរ៉ុប និង​ទិសដៅ​អនាគត របស់ ASEM បំរែបំរួល​អាកាសធាតុ ការអភិវឌ្ឍន៍ ប្រកបដោយ​ចីរភាព និង​ប្រព័ន្ធ​ពហុ​ពាណិជ្ជកម្ម ការកាត់បន្ថយ និង​ការគ្រប់គ្រង​ហានិភ័យ គ្រោះធម្មជាតិ សន្តិសុខ​ថាមពល សន្តិសុខ​ស្បៀង ការគ្រប់គ្រង​ទឹក ព្រមទាំង​បញ្ហា​តំបន់ និង​អន្តរជាតិ​៕N​/S