នារីទំនើង​បើក​ឡានបង្ក​គ្រោះ​​ថ្នាក់ តែ​ចង់​បើក​រត់​

រាជធានី​ភ្នំពេញ ៖ នារី​​វ័យក្មេង​ម្នាក់​ស្រវឹង​ស្រា​ ​បើករថយន្ត​ទៅ​បុក​​​រនាំង​​ដែក​ពុះ​ចែកផ្លូវ​​បាក់​អស់​ចំនួន​​៥​ផ្ទាំង រួច​ជ្រុល​ទៅ​បុក​​​រថយន្ត​២​​គ្រឿង​ទៀត បណ្តាល​ឱ្យ​​រង​ការ​​ខូចខាត​​​ដែរ ដែល​ហេតុការណ៍​នេះ ​កើតឡើង​​កាលពី​​វេលា​ម៉ោង​១០​យប់​ថ្ងៃ​ទី​១៣ ​កក្កដា ២០១៦ ស្ថិត​លើ​ផ្លូវ​ព្រះ​មុន្នី​វង្ស សង្កាត់​បឹង​កេងកង​១ ខណ្ឌចំការមន ។

ប្រភព​ឱ្យ​​ដឹង​ថា មុន​ពេល​​កើត​ហេតុ គេ​​ឃើញ​នារី​វ័យ​ក្មេង​​ម្នាក់​​បើករថយន្ត​ម៉ាក​ឡិច​ស៊ី​ស GS300 ពណ៌​.​ស ពាក់​ស្លាក​លេខ ភ្នំពេញ 2AA​-9929 ធ្វើ​ដំណើរ​តាម​ផ្លូវ​ព្រះ​មុនី​វង្ស ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង ក្នុង​ល្បឿន​លឿន​ ព្រោះ​​ស្រវឹងស្រា​ ។ ខណៈ​មក​ដល់​ចំំណុច​​កើតហេតុ​ ក៏​បាន​រេ​ចង្កូត​ទៅ​បុក​​​រនាំង​ដែក​ពុះ​ចែកផ្លូវ​​បាក់​អស់​ចំនួន​៥​ផ្ទាំង រួច​ហើយ​​​ជ្រុល​ទៅ​បុក​​និង​រថយន្ត​ម៉ា​កកូ​រ៉ូ​ឡា ពណ៌​​ទឹកប្រាក់ ពាក់​ស្លាក​លេខ ភ្នំពេញ2V-7338​​បញ្ច្រាស​ទិស​គ្នា តាម​ផ្លូវ​ព្រះ​មុន្នី​វង្ស ទិស​ដៅ​ពី​ត្បូង​ទៅ​ជើងចំ​ពីមុខ​ពេញទំហឹង ធ្វើ​​​ឱ្យ​រថយន្ត​កូ​រ៉ូ​ឡា​​ខ្ទេច​ផ្នែក​ខាង​មុខ ។

​ប៉ុន្តែ​​រថយន្ត​បង្ក​​មិន​បាន​ឈប់​​​ទេ ​ព្យាយាម​​បើករថយន្ត​បត់​ត្រលប់​​ក្រោយ​ឡើង ​ទៅ​លើ​ចិញ្ចើម​ផ្លូវ ក៏​ជ្រុល​ទៅ​បុក​និង​រថយន្ត​ម៉ាក​
មែរហ្សឺដែស ពណ៌​ទឹកប្រាក់  ពាក់​ស្លាក​លេខ​ភ្នំពេញ 2J-6966 ដែល​ម្ចាស់​គេ​ចត​ចោល​នៅ​លើ​ចិញ្ចើម​ផ្លូវ ចំ​ថ្ពាល់​ចំហៀង​ខាងស្ដាំ បណ្តាល​​ឱ្យ​​ក្រ​ពិត​បន្តិច ទើប​រថយន្ត​បង្ក​ខូចខាត​ផ្នែក​ខាង​មុខ​បើក​ទៅ​មុខ​លែង​រួច ។ តែ​សំណាងល្អ​ មិន​បណ្ដាល​ឱ្យ​​គ្រោះថ្នាក់​ដល់​មនុស្ស​​នោះ​​ទេ ។

ក្រោយ​ពេល​កើតហេតុ តំណាង​ខាង​រថយន្ត​បង្ក​ បាន​មក​ធ្វើការ​ចរចា​ជាមួយ​ខាង​រថយន្ត​រង​គ្រោះ ដោយ​សង​ទៅ​ខាង​រថយន្ត​កូ​រ៉ូ​ឡា ចំនួន​​៣០០​ដុល្លារ  និង​ចេញថ្លៃ​ការ​ខូចខាត​ទៅ​រថយន្ត​មែរហ្សឺ​ដែស​ ដើម្បី​បញ្ចប់រឿង​​ ។ ដោយឡែក​ រថយន្ត​បង្ក​និង​អ្នកបើកបរ​​ ត្រូវ​បាន​សមត្ថកិច្ច​នាំ​ខ្លួន​យក​ទៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​ដើម្បី​ធ្វើការ​ដោះស្រាយ ៕