ជនជាតិ​ជប៉ុន​ម្នាក់​ស្លាប់​នៅ​ក្នុង​មន្ទីរពេទ្យ​បង្អែក​ខេត្តសៀមរាប

ខេត្តសៀមរាប ៖ បុរស​វ័យ​ចំណាស់​ជនជាតិ​ជប៉ុន​ដើម​កំណើត​ខ្មែរ​ម្នាក់​បាន​ស្លាប់​បាត់បង់​ជីវិត​នៅ​ក្នុង​មន្ទីរពេទ្យ​បង្អែក​ខេត្ត​សៀមរាប​កាលពី​វេលា​ម៉ោង​២ និង​១៥​នាទី​រំលង​អា​ធ្រា​ត្រ​ឈាន​ចូល​ថ្ងៃ​ទី​១៤ ខែកក្កដា ឆ្នាំ​២០១៦ ។

ប្រភព​បាន​បន្ត​ថា ជនជាតិ​ជប៉ុន​ដែល​បាន​ស្លាប់​នៅ​ក្នុង​មន្ទីរពេទ្យ​ខាងលើ​នេះ​មានឈ្មោះ KAI TOSHIKI ភេទ​ប្រុស អាយុ​៥៨​ឆ្នាំ មុខរបរ បាន​ចូល​និវត្តន៍ មាន​ដើម​កំណើត​ជា​ជនជាតិ​ខ្មែរ សញ្ជាតិ​ជប៉ុន ហើយ​ជន​រង​គ្រោះ​ស្នាក់​នៅ​ភូមិ​សាលា​កន្សែង សង្កាត់​ស្វាយ​ដង្គំ ក្រុង​-​ខេត្តសៀមរាប ដោយ​​បាន​ចូល​ទៅ​សំរាក​ព្យាបាល​ជម្ងឺ​កាលពី​វេលា​ម៉ោង​៣​រសៀល ថ្ងៃ​ទី​១៣ ខែកក្កដា ឆ្នាំ​២០១៦ លុះដល់​វេលា​ម៉ោង​២ និង​១៥​នាទី​រំលង​អា​ធ្រា​ត្រ​ឈាន​ចូល​ថ្ងៃ​ទី​១៤ ខែកក្កដា ឆ្នាំ​២០១៦ ក៏​បាន​ដាច់ខ្យល់​ស្លាប់​តែ​ម្តង ។

ប្រភព​ពី​មន្ត្រី​នគរបាល​បាន​ឲ្យ​ដឹង​ថា ដោយ​មានការ​សហការ​ជាមួយ​ក្រុម​គ្រួ​ពេទ្យ​បង្អែក​ខេត្តសៀមរាប រួច​នាំ​គ្នា​បាន​ធ្វើ​កោសល្យ​វិ​ច្ច័​យ​ទៅ​លើ​សព​ជន​រង​គ្រោះ បាន​បញ្ជាក់​ឱ្យ​សមត្ថកិច្ច​ដឹង​ថា មូលហេតុ​ដែល​បណ្ដាល​ឱ្យ​ជន​រង​គ្រោះ​ស្លាប់​នោះ ដោយសារ​ជន​រង​គ្រោះ​មាន​ជំងឺ​ប្រចាំ​កាយ​ដូច​ជា លើសឈាម​រ៉ាំរ៉ៃ​, រលាក​ផ្លូវដង្ហើម​ធ្ងន់ធ្ងរ ។

បច្ចុប្បន្ន សព​ជន​រង​គ្រោះ​ត្រូវ​បាន​សមត្ថកិច្ច​ផ្ញើ​តម្កល់​ទុក​នៅ​ក្នុង​មន្ទីរពេទ្យ​បង្អែក​ខេត្តសៀមរាប ដើម្បី​រង់ចាំ​ស្ថានទូត​ជប៉ុន​មក​ទទួលយក​ទៅ​ប្រគល់​ឱ្យ​ក្រុម​គ្រួសារ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕