សព​លោក​បណ្ឌិត កែម ឡី នឹង​ដង្ហែ​ទៅ​បញ្ចុះ​នៅ​ស្រុក​កំណើត

ខេត្តតាកែវ ៖ នៅ​គេហដ្ឋាន​របស់​លោក​បណ្ឌិត កែម ឡី ដែល​ទីតាំង​ស្ថិត​នៅ​ភូមិ​អង្គ​តា​កប ឃុំ​លាយ​បូរ ស្រុក​ត្រាំកក់ នៅ​ពេល​នេះ​កំពុង​រៀបចំ​ត្រៀម​ទទួល​សព​របស់​លោក​បណ្ឌិត ដែល​គ្រោង​នឹង​យក​មក​បញ្ចុះ​នៅ​ភូមិកំណើត​របស់​លោក ។

ជួប​ជាមួយ​«​កោះសន្តិភាព​» នា​ព្រឹក​ថ្ងៃ​ទី​១៤ ខែកក្កដា​ឆ្នាំ​២០១៦​នេះ នៅ​ឯ​គេហដ្ឋាន​របស់​លោក​បណ្ឌិត កែម ឡី​ លោក ភោគ សំបូរ អាយុ​៥៤​ឆ្នាំ ដែល​ត្រូវជា​បងប្អូន​ជីដូនមួយ​របស់​លោក​បណ្ឌិត កែម ឡី បាន​និយាយ​រៀបរាប់​ថា លោក​បណ្ឌិត កែម ឡី មាន​បងប្អូន​បង្កើត​ចំនួន​៤​នាក់ តែ​ប្អូន​ពៅ​បាន​ស្លាប់​កាលពី​សម័យ ប៉ុ​ល ពត នៅ​សល់​៣​នាក់ មានឈ្មោះ កែម ថា​វិ ភេទ​ស្រី​អាយុ​៥៤​ឆ្នាំ ជា​បងស្រី​ច្បង​, លោក​បណ្ឌិត កែម ឡី និង​ប្អូន​ទី​៣ ឈ្មោះ កែម​រិ​ទ្ធ​សិទ្ធ ភេទ​ប្រុស អាយុ​៥២​ឆ្នាំ ហើយ​លោក​បណ្ឌិត កែម ឡី អត់​មាន​ឪពុក​ទេ ឪពុក​គាត់​ស្លាប់​យូរហើយ នៅ​សល់​តែ​ម្តាយ​ឈ្មោះ ភោគ សេរ អាយុ​៧៦​ឆ្នាំ នៅ​មើលថែ​ផ្ទះ​ជាមួយ​កូន​ទី​៣​ឈ្មោះ កែម រិ​ទ្ធ​សិទ្ធ ។

លោក ភោគ សំបូរ បាន​បញ្ជាក់​ថា ក្រុម​គ្រួសារ និង សាច់ញាតិ​ទាំងអស់​បាន​ពិភាក្សា​ជាមួយ​គណៈកម្មាធិការ​បុណ្យសព ឯកភាព​គ្នា​ដង្ហែ​សព​របស់​លោក​បណ្ឌិត កែម ឡី យក​មក​បញ្ចុះ​នៅ​ដី​ទីធ្លា​ផ្ទះ​របស់​លោក​ឯ​ស្រុក​កំណើត​នេះ ហើយ​ពេល​នេះ​លោក​ជា​បងប្រុស​ជីដូនមួយ​បាន​កំពុង​តែ​រៀបចំ​ចាក់​ដី​នៅ​ក្នុង​បរិវេណ​ផ្ទះ​របស់​លោក​ឲ្យ​បាន​ល្អ ត្រៀម​ទទួលភ្ញៀវ​ដែល​ចូលរួម​ដង្ហែ​សព​មក​បញ្ចុះ ព្រោះ​បរិវេណ​ផ្ទៃដី​មាន​ទំហំ​ជិត​មួយ​ហិតា​ដែល​អាច​ទទួល​មនុស្ស​បាន​រាប់​ម៉ឺន​នាក់ ។

លោក ភោគ សំបូរ បាន​បន្ត​ទៀត​ថា មិន​ថា​ឡើយ​សាច់ញាតិ​ក្រុម​គ្រួសារ​តែ​ដែល​មានការ​សោកស្ដាយ​មនុស្ស​ដែល​មានចំណេះ​ខ្ពង់ខ្ពស់ ហ៊ាន​និយាយ​ការ​ពិត​ពី​ស្ថានភាព​សង្គម ហើយ​ត្រូវ​ឃាតករ​បាញ់​សម្លាប់​នោះ ប្រជាពលរដ្ឋ​ទូ​ទាំង​ប្រទេស​ក៏​មានការ​សោកស្ដាយ​យ៉ាង​ខ្លាំង​បំផុត​ដែរ ។

គួរ​បញ្ជាក់​ថា លោក​បណ្ឌិត កែម ឡី ចូល​រៀន​ដំបូង​នៅ​សាលា​បឋម​សិក្សា​វត្ត​អំ​ពិត ក្រោយមក​រៀន​នៅ​សាលា​បឋម​សិក្សា​តាកែវ​ក្រុង ប្រឡង​ជាប់​ឌី​ប្លូ​ម​នៅ​ឆ្នាំ​១៩៨៥ ចូល​មក​រៀន​នៅ​វិទ្យាល័យ ជា ស៊ី​ម តាកែវ រហូត​ដល់​ឆ្នាំ​១៩៨៨ លោក​បណ្ឌិត​មាន​ប្រឡង​ជាប់​សញ្ញាបត្រ​បាក់​ឌុ​ប​រួច​ក៏​ប្រឡង​ចូល​ដុក​ទ័​រ​ក៏​ជាប់​ទៀត រហូត​បាន​ក្លាយទៅជា​អ្នកវិភាគ​សង្គម​រហូត​ដល់​ថ្ងៃ​ស្លាប់​នេះ ៕