បើ​មាន​រោគសញ្ញា​​បី​​នេះ បញ្ជាក់​ថាអ្នក​មាន​ជំងឺ​ទឹកនោម​ផ្អែម

អ្នក​កើត​ជំងឺ​ទឹកនោម​ផ្អែម​នៅ​កម្ពុជា ចេះ​តែ​កើន​ឡើង​​ជា​លំដាប់​ពី​មួយ​ថ្ងៃៗ ហើយ​ជំងឺ​នេះ​ដែរ ត្រូវ​អ្នក​ជំនាញ​បង្ហើប​ឱ្យ​ដឹង​ថា កំពុង​តែ​មាន​សភាព​ធ្ងន់ធ្ងរ ក្នុង​ប្រទេស​កំពុង​អភិវឌ្ឍ​មួយ​នេះ។

 

បើ​មាន​រោគសញ្ញា​​បី​​នេះ បញ្ជាក់​ថាអ្នក​មាន​ជំងឺ​ទឹកនោម​ផ្អែមលោក​វេជ្ជបណ្ឌិត Nam Han Cho

 

តើ​ជំងឺ​ទឹកនោម​ផ្អែម​មាន​រោគ​សញ្ញា​អ្វី​ខ្លះ?

 

ប្រធាន​សហព័ន្ធ​ជំងឺ​ទឹកនោម​ផ្អែម​អន្តរជាតិ លោក​វេជ្ជបណ្ឌិត Nam Han Cho បាន​ឱ្យ​អ្នកសារព័ត៌មាន​ដឹង នៅ​ក្នុង​អគារ មជ្ឈមណ្ឌល​ជំងឺ​ទឹកនោម​ផ្អែម​កម្ពុជា-កូរ៉េ ក្នុង​បរិវេណ​មន្ទីរ​ពេទ្យ​ព្រះកុសុមៈ ព្រឹកមិញ​ថា ជំងឺ​នេះ​មាន​រោគសញ្ញា​បី​ដែល​ត្រូវ​កត់​សម្គាល់ គឺ​​ផឹក​ទឹក​ច្រើន នោម​ច្រើន និង​ឃ្លាន​អាហារ​ញឹកញាប់ ហើយ​​ប្រហែល​ជា​ ១០% នៃ​អ្នក​​កើត​ជំងឺ​នេះ តែង​មាន​បញ្ហា​ភ្នែក។

 

លោក​បន្ត​ថា អ្នក​កើត​ជំងឺ​ទឹកនោម​ផ្អែម​​ភាគច្រើន មិន​មាន​ការ​ឈឺចាប់ និង​រោគសញ្ញា​អ្វី​នោះទេ៖ “ពី​មុន​គាត់​ (អ្នកជំងឺ) អត់​ដឹង​ថា គាត់​កើត​​ជំងឺ​ទឹកនោម​ផ្អែម​ទេ ប៉ុន្តែ​ទៅ​ជួប​​គ្រូពេទ្យ​ទៅ មាន​រោគសញ្ញា​ហ្នឹង ប្រហែល​គាត់​កើត​រោគ​ហ្នឹង ១០ ​ឆ្នាំទៅ​​ហើយ”។

 

តើ​ជំងឺ​នេះ​កើត​ឡើង​ដោយសារ​អ្វី?

 

ចំពោះ​មូលហេតុ​ដែល​នាំ​ឱ្យ​កើត​ជំងឺ​ទឹកនោម​ផ្អែម គឺ​មក​ពី​ការ​ទទួលទាន​បារី ស្រា អាហារ​មាន​ញាតិ​ខ្លាញ់​ច្រើន តាម​បែប​លោក​ខាងលិច និង​កង្វះ​ការ​ហាត់ប្រាណ។ លោក​វេជ្ជបណ្ឌិត Nam Han Cho ឆ្លើយ​តប។

 

អ្នក​ណា​ខ្លះ​ងាយនឹង​​ប្រឈមជំងឺ​នេះ?

 

ចំពោះ​សំណួរ​មួយ​នេះ​វិញ លោក​វេជ្ជបណ្ឌិត​ជនជាតិ​កូរ៉េ សញ្ជាតិ​ខ្មែរ​រូប​នេះ​ប្រាប់​ថា បុរស​ស្ត្រី​​​មាន​អាយុ​ចាប់​ពី ៤០ ​ឆ្នាំ​ឡើង ​ងាយ​នឹង​​ប្រឈមជំងឺ​នេះ ប៉ុន្តែ​បច្ចុប្បន្ន អ្នក​ងាយ​ប្រឈម​ គឺ​មាន​អាយុ​ចាប់​ពី ៣០ ​ឆ្នាំ​ឡើង​ទៅ។ បើ​នៅ​ជប៉ុន កូរ៉េវិញ គឺ​ចាប់​ផ្ដើម​ពី​អាយុ  ២០ ​ឆ្នាំ។

 

តើ​ជំងឺ​​នេះ​អាច​ព្យាបាល​ជា​សះស្បើយ​​ដែរឬ​​ទេ?

 

លោក​បញ្ជាក់​ថា ទឹកនោម​ផ្អែម​ជា​ជំងឺ​មួយ​ប្រភេទ មិន​អាច​ព្យាបាល​ជាសះស្បើយ​បាន​ទេ គឺ​ត្រូវ​ការ​ការ​ព្យាបាល​អស់​មួយ​ជីវិត។ យ៉ាងណាមិញ​លោក​ថា អ្នក​កើត​ជំងឺ​នេះ អាច​រស់នៅ​បាន​ដូច​មនុស្ស​ធម្មតា ដោយ​គ្រាន់​តែ​អនុវត្ត​វិធី​សាមញ្ញ​ដូចជា ជប់​ពិសា​បារី គ្រឿង​ស្រវឹង ញ៉ាំ​អាហារ​ឱ្យ​បាន​ត្រឹម​ត្រូវ ជួប​​ជាមួយ​គ្រូពេទ្យ​ជា​ប្រចាំ ធ្វើ​លំហាត់​ប្រាណ​ឱ្យ​បាន​ទៀងទាត់ ជា​ពិសេស​ដើរ​ឱ្យ​បាន ១ម៉ឺន​ជំហាន​ក្នុង​មួយ​ថ្ងៃ។

 

បើ​មាន​រោគសញ្ញា​​បី​​នេះ បញ្ជាក់​ថាអ្នក​មាន​ជំងឺ​ទឹកនោម​ផ្អែម វេជ្ជបណ្ឌិត ទូច ឃុន ប្រធាន​មជ្ឈមណ្ឌល​ជំងឺ​ទឹកនោម​ផ្អែម (បន្ទាប់​ស្ដាំ)

 

លោក​បាន​ឱ្យ​ដឹង​ថា បច្ចុប្បន្ន​កម្ពុជា ​មាន​អ្នក​ជំងឺ​ទឹកនោម​ផ្អែម​​​ប្រហែល ១.២ លាន​នាក់ អ្នក​អត់​ដឹង​ថា​ខ្លួន​មាន​ជំងឺ​នេះ មាន​ប្រហែល ១.២ លាន​នាក់ និង ២លាន​នាក់​ផ្សេង​ទៀត អាច​ប្រឈម​មុខ​ជំងឺ​នេះ ក្នុង​ពេល​អនាគត។

 

សរុប​ជា​រួម​មក ​ប្រជាជន​កម្ពុជា ៥ លាន​នាក់ បាន​កើត និង​អាច​ប្រឈម​នា​អនាគត ហើយ​ដើម្បី​ព្យាបាល​ជំងឺ​នេះ មន្ទីរពេទ្យ​ត្រូវ​ការ​ថវិកា​ជាតិប្រមាណ​ ២០% ​ពី​​រដ្ឋាភិបាល។

 

យ៉ាងណា​ក៏ដោយ លោកបាន​​ថ្លែង​ថា បើ​ធៀបថៃ វៀតណាម ​ទៅ​នឹង​កម្ពុជា​វិញ គឺ​កម្ពុជា​អត្រា​​អ្នក​កើត​ជំងឺ​ទឹកនោម​ផ្អែម ទាប​ជាង​ ២% ហើយ​មូលហេតុ​នោះ ដោយសារ​​​​ប្រទេស​ទាំង​ពីរ​នេះ មាន​របៀប​រស់​នៅ​ដូច​លោក​ខាងលិច​ជាង​កម្ពុជា។

 

តើ​ត្រូវ​ទប់​ស្កាត់​ជំងឺ​នេះ​យ៉ាងដូច​ម្ដេច?

 

វេជ្ជបណ្ឌិត​ជំនាញ​រូប​នេះ បាន​លើកឡើង​ថា ដើម្បី​ទប់ស្កាត់​កុំ​ឱ្យ​កើត​ជំងឺ​នេះ ប្រជាជន​ខ្មែរ​គួរ​ បរិភោគ​អាហារ​តាមបែប​​​ខ្មែរ រស់​នៅ​តាម​បែប​ខ្មែរ ហាត់​ប្រាណ​ឱ្យ​បាន​ច្រើន និង​អប់រំ​ក្មេង​​ៗ ឱ្យ​កាត់​បន្ថយ​អាហារ​លោក​ខាងលិច។ លោក​ថ្លែង​ថា៖ “គួរ​រស់នៅ​ និង​ហូប​ចុក​តាម​បែប​កម្ពុជា”។

 

បើ​ប្រសាសន៍​របស់​លោក Nam Han Cho ​អ្នក​កើត​ជំងឺ​ទឹកនោម​ផ្អែម​ប្រហែល ​៥ លាន​នាក់​ បាន​ស្លាប់​ជា​រៀង​​​រាល់​ឆ្នាំលើ​ពិភពលោក ពោល​គឺ​ ៦ វិនាទី​ម្ដង​ មាន​មនុស្ស​ម្នាក់​ស្លាប់។ ចំណែក​ឯ​កម្ពុជា​ លោក​មិន​បាន​ដឹង​ទិន្នន័យ​ទេ ប៉ុន្តែ​លោក​ថា​ ជំងឺ​នេះ​នៅ​កម្ពុជា​បច្ចុប្បន្ន កំពុង​មាន​លក្ខណៈ​ធ្ងន់ធ្ងរ ហើយ​បើ​មើល​តាម​កំណើន​​សេដ្ឋកិច្ច​​ ក្នុង​ ៥ វិនាទី​ម្ដង មាន​អ្នកជំងឺ​ម្នាក់​ស្លាប់។

 

ចាប់​តាំង​ពី​ឆ្នាំ​ពី ២០០៥ មក​ដល់​ពេល​នេះ មន្ទីរពេទ្យ​ព្រះកុសមៈ មាន​អ្នកជំងឺ​ទឹកនោម​ផ្អែម​ មក​ព្យាបាល​ប្រហែល​ជិត ​១ ​ម៉ឺន​នាក់​ហើយ។ នេះ​បើ​តាម​ការ​ឱ្យ​ដឹង​របស់​លោក វេជ្ជបណ្ឌិត ទូច ឃុន ប្រធាន​មជ្ឈមណ្ឌល​ជំងឺ​ទឹកនោម​ផ្អែម នៃ​មន្ទីរពេទ្យ​ព្រះកុសុមៈ៕

 

ជម្លោះ​​គ្រួសារ ជា​ជំងឺ​ឯកជន ឬ​​​ជំងឺ​សង្គម?

ចាន់​ សោភ័ណ៖ “បើ​ខ្ញុំ​អត់​ធ្វើ យុវជន​ជំនាន់​ក្រោយ​ថា​របស់​សៀម”

 

អត្ថបទ៖ អ៊ុំ សុភក្តិ