ចំណាយ​អស់​ជាង​៤​សែន​ដុល្លារ ក្នុង​ការ​កសាង​សមិទ្ធផល​នានា ​ក្នុង​វត្ត​ស្វាយ​ផ្អែម​

ចំណាយ​អស់​ជាង​៤​សែន​ដុល្លារ ក្នុង​ការ​កសាង​សមិទ្ធផល​នានា ​ក្នុង​វត្ត​ស្វាយ​ផ្អែម​



ភ្នំពេញ​ ៖ ថវិកា​ជាង​៤​សែន​៣​ម៉ឺន​ដុល្លារ​អាមេរិក ដែល​បាន​មកពី​ពុទ្ធបរិស័ទ​ទាំង​ក្នុង និង​ក្រៅ​ប្រទេស​ បាន​ចំណាយ​ក្នុង​ការ​កសាង​សមិទ្ធផល​នានា ក្នុង​វត្ត​ស្វាយ​ផ្អែម ក្នុង​នោះ​មាន​ព្រះវិហារ​ថ្មី ដើម្បី​តម្កល់ទុក​ជា​ទី​គោរព​បូជា និង​លើក​តម្កើង​វិស័យ​ព្រះពុទ្ធសាសនា។

សមិទ្ធផល​ក្នុង​វិស័យ​ពុទ្ធចក្រ​នេះ ត្រូវ​បាន​ធ្វើ​ពិធី​សម្ពោធ​កាលពី​ព្រឹក​ថ្ងៃ​ទី​១៤ ខែ​កក្កដា​នេះ ក្រោម​អធិបតីភាព​លោក ប៉ា សុជាតិ​វង្ស អភិបាល​រាជធានី​ភ្នំពេញ តំណាង​ដ៏​ខ្ពង់ខ្ពស់​សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា។

វត្ត​ស្វាយ​ផ្អែម ត្រូវ​បាន​កសាង​ឡើង​នៅ​លើ​ផ្ទៃដី​ជាង​២​ហិកតា ស្ថិត​ក្នុង​ភូមិ​ស្រែ​ក្នុង សង្កាត់​កន្ទោក ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។ គិត​មកទល់​បច្ចុប្បន្ន វត្ត​នេះ​មាន​អាយុកាល​៦៦​ឆ្នាំ និង​មាន​ព្រះសង្ឃ​គង់​ចំនួន​០៩​អង្គ។

លោក ហែម ដា​រិ​ទ្ធិ អភិបាលខណ្ឌ​ពោធិ៍​សែន​ជ័យ​បាន​ឲ្យ​ដឹង​ថា សមិទ្ធផល​នានា​នៅ​ក្នុង​វត្ត​នេះ គឺ​បាន​កសាង​ឡើង​ដោយ​ថវិកា​សទ្ធា​ជ្រះថ្លា​របស់​ព្រះសង្ឃ ពុទ្ធបរិស័ទ សប្បុរសជន​នានា ទាំង​ក្នុង និង​ក្រៅ​ប្រទេស ក្នុង​ទឹកប្រាក់​សរុប​៤​សែន​៣​ម៉ឺន​ដុល្លារ​អាមេរិក។

លោក​បាន​ឲ្យ​ដឹង​ទៀត​ថា សមិទ្ធផល​ទាំងនេះ​មាន​កុដិ​ធ្វើ​អំពី​ថ្ម​២​ខ្នង ចំណាយ​ទឹកប្រាក់​សរុប​៣៧.០០០​ដុល្លារ របង​ជុំវិញ​វត្ត​ប្រវែង​៦៥០​ម៉ែត្រ ចំណាយ​អស់​ជាង​៤​ម៉ឺន​ដុល្លារ ខ្លោងទ្វារ​វត្ត​ចំនួន​២​កន្លែង ចំណាយ​អស់​ជាង​១៤.០០០​ដុល្លារ បន្ទប់​អនាម័យ​ចំនួន​៦​បន្ទប់ ចំណាយ​អស់​២.៨០០​ដុល្លារ។ ដោយឡែក ព្រះវិហារ​ថ្មី ដែល​ត្រូវ​បាន​កាត់​ឫស​សីមា​នេះ មាន​ទំហំ​២១​ម៉ែត្រ គុណ​នឹង​៣៣​ម៉ែត្រ និង​កម្ពស់​២​ជាន់ ចំណាយ​ថវិកា​សាងសង់​អស់​ជាង​៣​សែន​៣​ម៉ឺន​ដុល្លារ។

លោក​អភិបាលខណ្ឌ​បាន​បញ្ជាក់​ថា សមិទ្ធផល​ទាំងនេះ​ត្រូវ​បាន​កសាង​ឡើង​តាម​រចនាបថ​ខ្មែរ ស្របតាម​ប្រពៃណី​ព្រះពុទ្ធសាសនា ដោយមាន​ក្បូរ​ក្បាច់រចនា​ស្រស់​ត្រកាល ធ្វើ​ឲ្យ​ទី​វត្ត​ទាំង​មូល​មាន​សោភណភាព​ល្អ សមជា​ទី​សក្ការបូជា​សម្រាប់​ពុទ្ធបរិស័ទ​គ្រប់រូប។

លោក​អភិបាល​រាជធានី​ភ្នំពេញ ចាត់​ទុក​សមិទ្ធផល​ក្នុង​វត្ត​ស្វាយ​ផ្អែម​នេះ ជា​ផ្លែផ្កា​កើត​ចេញពី​សន្តិភាព​ដែល​រាជរដ្ឋាភិបាល បាន​និង​កំពុង​ថែរក្សា ការពារ ដោយ​យកចិត្តទុកដាក់​ខ្ពស់​បំផុត​។​

លោក​មាន​ប្រសាសន៍​ថា សភាពការណ៍​មាន​សុខ​សន្តិភាព​ទូទាំង​ប្រទេស បាន​នាំមក​នូវ​សមិទ្ធ​ផល​ជាច្រើន ​ទាំង​វិស័យ​អាណាចក្រ និង​ពុទ្ធចក្រ​។ លក្ខណៈ​បែបនេះ​ធ្វើ​ឲ្យ​ប្រជាជន មាន​លទ្ធភាព​កាន់តែ​ខ្ពស់​ក្នុង​ការ​ប្រកប​មុខរបរ​ចិញ្ចឹមជីវិត។

លោក ប៉ា សុជាតិ​វង្ស បញ្ជាក់​ថា វិស័យ​ពុទ្ធសាសនា នៅតែ​យកចិត្តទុកដាក់ និង​លើកកម្ពស់​។
លោក​អភិបាល ស្នើ​ដល់​ប្រជាពលរដ្ឋ ពិសេស​ពុទ្ធបរិស័ទ រួមគ្នា​កសាង​សមិទ្ធផល​ក្នុង​វត្ត ដើម្បី​តម្កល់​ទុកជា​ទី​សក្ការៈ​គោរព​បូជា និង​លើក​តម្កើង​វិស័យ​ព្រះពុទ្ធសាសនា ដែល​ត្រូវ​បាន​រាជ​រដ្ឋាភិបាល​កម្ពុជា​ចាត់ទុកជា​សាសនា​របស់​រដ្ឋ។

លោក​ថ្លែង​បញ្ជាក់​ថា បើ​ចង់​ឲ្យ​ពុទ្ធចក្រ​រីកចម្រើន គឺ​ទាល់តែ​រួមគ្នា​ការពារ និង​អភិវឌ្ឍន៍​ទាំង​វិស័យ​អាណាចក្រ។ យើង​ជា​ពុទ្ធបរិស័ទ ក៏​ត្រូវ​រួមគ្នា​ថែរក្សា ការពារ និង​លើកកម្ពស់​គុណ​តម្លៃ​ព្រះពុទ្ធសាសនា ដើម្បី​រួមចំណែក​អភិវឌ្ឍន៍​ប្រទេសជាតិ។ ដែល​នេះ​មិន​អាច​កាត់ផ្ដាច់​ចេញពី​គ្នា​រវាង​វិស័យ​អាណាចក្រ និង​ពុទ្ធចក្រ។

បច្ចុប្បន្ន នៅ​ទូទាំង​ប្រទេស​មាន​ព្រះសង្ឃ​ជិត​៦​ម៉ឺន​អង្គ ក្នុង​នោះ​ព្រះសង្ឃ​គណៈ​មហានិកាយ​មាន​ជាង​៥​ម៉ឺន​អង្គ និង​ព្រះសង្ឃ​គណៈ​ធម្មយុត្តិកនិកាយ​មាន​ជិត​៥​ពាន់​អង្គ។ ទី​វត្ត​អារាម បាន​កើន​ដល់​ជិត​៥​ពាន់​វត្ត ក្នុង​នោះ​វត្ត​សម្រាប់​សង្ឃ​គណៈ​មហានិកាយ​មាន​ជាង​៤.៥០០​វត្ត​។ នេះ​បើ​តាម​របាយការណ៍​របស់​ក្រសួង​ធម្មការ និង​សាសនា​៕​

ចំណាយ​អស់​ជាង​៤​សែន​ដុល្លារ ក្នុង​ការ​កសាង​សមិទ្ធផល​នានា ​ក្នុង​វត្ត​ស្វាយ​ផ្អែម​

ចំណាយ​អស់​ជាង​៤​សែន​ដុល្លារ ក្នុង​ការ​កសាង​សមិទ្ធផល​នានា ​ក្នុង​វត្ត​ស្វាយ​ផ្អែម​

ចំណាយ​អស់​ជាង​៤​សែន​ដុល្លារ ក្នុង​ការ​កសាង​សមិទ្ធផល​នានា ​ក្នុង​វត្ត​ស្វាយ​ផ្អែម​

ចំណាយ​អស់​ជាង​៤​សែន​ដុល្លារ ក្នុង​ការ​កសាង​សមិទ្ធផល​នានា ​ក្នុង​វត្ត​ស្វាយ​ផ្អែម​

ចំណាយ​អស់​ជាង​៤​សែន​ដុល្លារ ក្នុង​ការ​កសាង​សមិទ្ធផល​នានា ​ក្នុង​វត្ត​ស្វាយ​ផ្អែម​