ទាញ​ដាវ​ដេញ​កាប់​មនុស្ស​៣​នាក់ ​ព្រោះ​ចង់​ដោះស្រាយ​គំនុំ​ចាស់​​

ទាញ​ដាវ​ដេញ​កាប់​មនុស្ស​៣​នាក់ ​ព្រោះ​ចង់​ដោះស្រាយ​គំនុំ​ចាស់​​



តាកែវ ៖ ជនសង្ស័យ​ម្នាក់​ ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​ស្រុក​បាទី​ឃាត់ខ្លួន​ កសាង​សំណុំរឿង​បញ្ជូន​ទៅកាន់​តុលាការ​ នៅ​ព្រឹក​ថ្ងៃ​ទី​១៤ ខែ​កក្កដា ឆ្នាំ​២០១៦​ ដោយ​ជាប់ចោទ​ពី​បទ​ហិង្សា​ដោយ​ចេតនា ​ទៅលើ​ជនរងគ្រោះ​៣​នាក់ កាលពីពេល​ថ្មីៗ​កន្លងមកនេះ។

បើតាម​សម្តី​លោក ង៉ាន់ សារី អធិការ​នគរបាល​ស្រុក​បាទី​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ឈ្មោះ ហេង ផា ភេទ​ប្រុស អាយុ​១៧​ឆ្នាំ រស់នៅ​ក្នុង​ភូមិ​កណ្ដឹង​ធំ ឃុំ​កណ្ដឹង ស្រុក​បាទី ខេត្ត​តាកែវ បាន​ធ្វើ​សកម្មភាព​យក​ដាវ​ដេញ​កាប់​ទៅលើ​ជនរងគ្រោះ​៣​នាក់ បណ្ដាល​ឲ្យ​រង​របួស​កាលពី​វេលា​ម៉ោង​២១​យប់ ថ្ងៃ​ទី​១២ ខែ​កក្កដា ឆ្នាំ​២០១៦ ខណៈ​ដែល​ជនរងគ្រោះ​ទាំង​៣​នាក់​មក​ដើរលេង​មើល​ការ​ប្រគុំ​តន្ត្រី​ក្នុង​ភូមិ​។

លោក​អធិការ​នគរបាល​បាន​បន្ត​ទៀត​ថា ជនរងគ្រោះ​ទាំង​៣​នាក់​មាន ទី​១-ឈ្មោះ សុខ ចាវ ភេទ​ប្រុស អាយុ​២៣​ឆ្នាំ រស់នៅ​ភូមិ​កណ្ដឹង​តូច ឃុំ​កណ្ដឹង ស្រុក​បាទី។ ទី​២-​ឈ្មោះ អ៊ូ ប៊ុណ្ណា​រ៉េត ភេទ​ប្រុស អាយុ​២០​ឆ្នាំ រស់នៅ​ភូមិ​ពូន​ភ្នំ ឃុំ​ត្រពាំង​សាប ស្រុក​បាទី និង​ទី​៣-​ឈ្មោះ ដោក មករា ភេទ​ប្រុស អាយុ​១៧​ឆ្នាំ រស់នៅ​ក្នុង​ភូមិ​/ឃុំ​ជាមួយនឹង​ជនសង្ស័យ​ខាងលើ។

បើ​ផ្អែក​តាម​ចម្លើយ​របស់​ជនសង្ស័យ​បាន​ប្រាប់​សមត្ថកិច្ច​ថា រូបគេ​ពិតជា​បាន​កាប់​ទៅលើ​ជន​រង​គ្រោះ​ទាំង​៣​នាក់​ពិត​ប្រាកដ​មែន ព្រោះតែ​រូបគេ​ខឹង​នឹង​ជនរងគ្រោះ​ទាំង​៣​នាក់​ធ្លាប់​ព័ទ្ធ​ស្ទាក់​ម៉ូតូ​និង​វាយ​មក​លើ​រូបគេ​មុន​កាលពីពេល​កន្លងមក​ លុះ​មកដល់​ថ្ងៃកើតហេតុ​ខាងលើ គ្រាន់តែ​ឃើញ​ជនរងគ្រោះ​ទាំង​៣​នាក់​មក​មើល​ការ​ប្រគុំ​តន្ត្រី​ក្នុង​ទឹកដី​របស់​ខ្លួន​ភ្លាម គេ​ក៏​យក​ដាវ​មក​ដេញ​កាប់​តែម្ដង។

បច្ចុប្បន្ន​ ជនសង្ស័យ​ក្នុង​ករណី​អំពើ​ហិង្សា​ដោយ​ចេតនា​ខាងលើ​ត្រូវ​បាន​បញ្ជូន​មក​ស្នងការ​ដ្ឋាន​នគរបាល​ខេត្ត​តាកែវ​ចាត់ការ​បន្ត​ឡើង​តុលាការ​តាម​នីតិ​វិធី​៕