ចូល​ផ្សារ​ទំនើប បន្លំ​លួច​ស្រា​មួយ​ដប​ ដាក់​ចូល​ក្នុង​ខោ ត្រូវ​​​សន្តិសុខ​ផ្សារ​ឃាត់​ខ្លួន

ចូល​ផ្សារ​ទំនើប បន្លំ​លួច​ស្រា​មួយ​ដប​ ដាក់​ចូល​ក្នុង​ខោ ត្រូវ​​​សន្តិសុខ​ផ្សារ​ឃាត់​ខ្លួន



ភ្នំពេញ ​៖​ ជន​សង្ស័យ​ម្នាក់​បន្លំ​លួច​យក​ស្រា​ម៉ាក​ Red Label ១​ដប​ដាក់​ចូល​ក្នុង​ខោ ​ត្រូវ​បាន​សន្តិសុខ​ផ្សារ​សុ​វណ្ណា​ ឃាត់​ខ្លួន​ កាលពី​វេលា​ម៉ោង​៧​និង​៣០​នាទី​យប់​ ថ្ងៃ​ទី​១៣ ខែ​កក្កដា ឆ្នាំ​២០១៦ ​នៅ​ចំណុច​ក្នុង​ផ្សារ​ទំនើប​ឡាក់​គី ​សុ​វណ្ណា តាម​បណ្ដោយ​ផ្លូវ​លេខ​២៧១ សង្កាត់​ទំនប់ទឹក ខណ្ឌ​ចំការមន រាជធានី​ភ្នំពេញ។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ជន​សង្ស័យ​មិន​ត្រូវ​បាន​ស្គាល់​ឈ្មោះ​ទេ មាន​អាយុ​ជាង​៤០​ឆ្នាំ​ មុខរបរ​ និង​ស្នាក់នៅ​មិន​ពិតប្រាកដ។ ក្រោយពី​កើតហេតុ សន្តិសុខ​រក​ឃើញ​ស្រា​មួយ​ដប​លាក់​នៅ​ក្នុង​ខោ ជនសង្ស័យ​ ប៉ុន្តែ​ដោយសារ​ពិនិត្យ​ឃើញ ​ជនសង្ស័យ មាន​ស្មារតី​មិន​គ្រប់គ្រាន់ ក៏​ធ្វើការ​អប់រំ​ដោះលែង​ទៅវិញ។

សាក្សី បាន​ឲ្យ​ដឹងថា មុន​ពេល​កើតហេតុ​គេ​បាន​ឃើញ​ជនសង្ស័យ​ខាងលើ​​ ​ដើរចូល​ទៅ​ក្នុង​ផ្សារ​​ រួច​​រកមើល​ទំនិញ​ចុះ​ឡើងៗ ហើយ​ក៏បាន​ដើរ​ទៅ​កន្លែង​លក់​ស្រា​​​​ ​យក​ស្រា​ម៉ាក Red Label ១​ដប​តូច​​​​​ដាក់​ចូល​ក្នុង​ខោ។ បន្ទាប់​មក​បាន​ដើរចេញ​ទៅ​ខាង​ក្រៅ បុគ្គលិក​ឃើញ​ដូច្នេះ​ ក៏បាន​រត់​ទៅ​ប្រាប់​សន្តិសុខ​ឲ្យ​ដេញ​តាម​ជនសង្ស័យ​រហូតដល់​ក្រោម​ស្ពាន​អាកាស​ស្ទឹងមានជ័យ។ ពេល​នោះ ​ប្រជាពលរដ្ឋ ​ដែល​ធ្វើដំណើរ​តាម​ដង​ផ្លូវ​ឃើញ​សន្តិសុខ​ខាង​លើ​ដេញ​តាម​ពីក្រោយ​ ក៏​ស្រែក​ថា​ចោរៗ​ទៀត​ ទើប​ចាប់​បាន​​ភ្លាមៗ​​ រួច​ក៏​នាំ​ខ្លួន​​​ទៅ​សាកសួរ​នៅ​កន្លែង​កើតហេតុ​ ដោយ​មិន​រាយការណ៍​ឲ្យ​សមត្ថកិច្ច​​មូលដ្ឋាន​នោះ​ទេ។

សាក្សី​បន្ត​ថា ក្រោយពី​ពិនិត្យ​ឃើញ​ថា ជនសង្ស័យ​រូប​នោះ​ មាន​សតិ​មិន​ប្រក្រតី ក៏​ត្រូវ​ម្ចាស់​ផ្សារ​ទំនើប​ឡាក់​គី​ សុ​វណ្ណា​ និង​សន្តិសុខ ​​ធ្វើ​ការអប់រំ​ណែនាំ​​ ហើយក៏​បាន​ឲ្យ​ត្រឡប់​ទៅ​ផ្ទះ​វិញ​តែ​ម្ដង​ ដោយ​មិនបាន​ប្ដឹង​សមត្ថកិច្ច​នោះ​ទេ៕