តើ ក្រុមមីយ៉ាន់ម៉ា ឬ វៀតណាម អាចរក្សាកំណត់ត្រាមិនដែលចាញ់នៅថ្ងៃនេះ?

ក្រុមទាំង៦ ដែលឈរនៅពូលA នឹងបន្តការប្រកួតជម្រុះលើកទី៣នៃពានរង្វាន់ AFF U16 Championship 2016 នៅពហុកីឡដ្ឋានជាតិ និងស្តាតចាស់ ថ្ងៃព្រហស្បតិ៍នេះ ដើម្បីប្រជែងគ្នាឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។
ការវិលមកជួបគ្នារវាងក្រុមមីយ៉ាន់ម៉ា និងវៀតណាម បានក្លាយជាការប្រកួតដ៏គួរឲ្យចាប់អារម្មណ៍បំផុត ព្រោះក្រុមដែលដណ្តើមបាន៣ពិន្ទុបន្ថែម ក្នុងការប្រកួតនេះ នឹងមានភាគរយខ្ពស់បំផុត ក្នុងការទទួលបានឱកាសឡើងទៅកាន់វគ្គបន្ត។

AFF-U16-Championship-16

ការឈ្នះក្រុមU16ម៉ាឡេស៊ី និងក្រុមU16អូស្រ្តាលី ក្នុងលទ្ធផល ៣-០ ក្នុងការប្រកួត២លើកកន្លងមកនេះ បានធ្វើឲ្យ U16វៀតណាម បានក្លាយជាក្រុមដែលមានកំណត់ត្រាល្អដាច់គេ នៅក្នុងការប្រកួតនេះ ប៉ុន្តែការជួបក្រុមមីយ៉ាន់ម៉ា នៅពហុកីឡដ្ឋានជាតិ នារសៀលម៉ោង ៣:៣០ ថ្ងៃនេះ មិនដឹងថា ក្រុមវៀតណាម អាចរក្សាលទ្ធផលដ៏ល្អនេះបានទៀត ឬយ៉ាងណានោះទេ ព្រោះមីយ៉ាន់ម៉ា ក៏បានបង្ហាញការប្រកួតដ៏ល្អផងដែរ ដោយ២ប្រកួតនេះពួកគេបានស្មើ ១-១ ជាមួយអូស្រ្តាលី និងចុងក្រោយបានលត់ក្រុមសិង្ហបុរី ៤-១។

ចំណែកក្រុមស្រេកឃ្លានការឈ្នះ អូស្រ្តាលី ត្រូវប៉ះក្រុមមាន១ពិន្ទុដូចគ្នា ហ្វីលីពីន នៅពហុកីឡដ្ឋានជាតិ នាល្ងាចម៉ោង ៦:៣០ ហើយការប្រកួតនេះត្រូវបានគេមើលឃើញថា អូស្រ្តាលី អាចនឹងលត់ហ្វីលីពីន ដើម្បីបង្កើតឱកាសរបស់ខ្លួនឡើងវិញ បន្ទាប់ពីបានស្មើ១ និងចាញ់១ប្រកួតកន្លងមក។

ចំពោះក្រុមសិង្ហបុរី ត្រូវជួបក្រុមម៉ាឡេស៊ី នៅស្តាតចាស់ ម៉ោង ៣:៣០ ថ្ងៃនេះដែរ ហើយការប្រកួតនេះ សិង្ហបុរី នឹងធ្វើគ្រប់យ៉ាង ដើម្បីយកឈ្នះក្រុមចាញ់ទាំង២ប្រកួតម៉ាឡេស៊ី ព្រោះការទទួលបាន៣ពិន្ទុ នឹងជួយឲ្យសិង្ហបុរី មានភាពរយយ៉ាងពេញលេញ ក្នុងការប្រជែងឡើងទៅវគ្គបន្តជាមួយក្រុមផ្សេងៗទៀត៕