ឡុ​ង សុវណ្ណ​ឌឿ​ន ផ្អាក​ឡើង​សង្វៀន​មួយ​ប្រកួត​ដោយសារ​អ្វី?

រាជធានី​ភ្នំពេញ ៖ ការ​ប្រកួត​ប្រដាល់​វគ្គ​សន្សំ​ពិន្ទុ​ឈាន​ទៅ​ដណ្តើម​ខ្សែក្រវាត់​គោ​ជល់ ក្នុង​ប្រភេទ​ទម្ងន់​៦៩​គីឡូក្រាម​នៅ​លើ​សង្វៀន​ទូរទស្សន៍ PNN ថ្ងៃអាទិត្យ ទី​១៧ កក្កដា ស​ប្ដា​ហ៍​នេះ​ឈាន​ចូល​ដល់​ស​ប្តា​ហ៍​ទី​៣ ។

ឡុ​ង សុវណ្ណ​ឌឿ​ន ជើង​ខ្លាំង​ប្រចាំ​ក្លិប​សាល​វ័​ន្ត​កីឡា ដែល​ត្រូវ​ជួប​ប្រកួត​ជាមួយ​កីឡាករ​ថៃ​ឈ្មោះ Chokdee Sor Thanapeth ត្រូវ​បាន​គណៈកម្មការ​រៀបចំ​កម្មវិធី​ប្រដាល់​សម្រេច​ផ្អាក​មិន​ឱ្យ​ឡើង​សង្វៀន​មួយ​ប្រកួត ដោយសារ​តែ​របួស​ក្តោងច្រមុះ​ពេល​ប្រកួត​ជាមួយ​កីឡាករ​ថៃ​ឈ្មោះ Sumaee Sor Weerawan កាលពី​ថ្ងៃ​ទី​៣ កក្កដា មិន​ទាន់​ជា ។ គណៈកម្មការ​រៀបចំ​ការ​ប្រកួត​បាន​ដាក់​កីឡាករ ព្រំ សំណាង​ឱ្យ​ឡើង​ប្រកួត​លក្ខណៈ​មិត្តភាព​ជាមួយ​កីឡាករ​ថៃ​ឈ្មោះ Yotsyam Setpnancherrng ជំនួស​វិញ ។ ឡុ​ង សុវណ្ណ​ឌឿ​ន មាន​៣​ពិន្ទុ​នៅ​ក្នុង​ដៃ​រួច​ទៅ​ហើយ ប្រសិនបើ​គេ​មិន​មាន​របួស​ទេ​នោះ គេ​មាន​សង្ឃឹម​ច្រើន​ក្នុង​ការ​ស្វែងរក​៣​ពិន្ទុ​បន្ថែម​នៅ​លើក​នេះ​ទៀត ។ ទោះបី​យ៉ាងណា ឡុ​ង សុវណ្ណ​ឌឿ​ន ដែល​ជា​ជើង​ខ្លាំង​មួយ​រូប​ដែរ​នោះ នៅ​តែ​មាន​សង្ឃឹម​ច្រើន​ក្នុង​ការ​ស្វែងរក​តំណែង​ជា​ម្ចាស់​ខ្សែក្រវាត់​ជើងឯក​លើក​នេះ ។

ចំណែក ឡេះ តើក មក​ពី​ក្លិប​ពុទ្ធ​សេរី​វង្ស ព្រែក​តា​ទែន ដែល​ឈ្នះ​១​ប្រកួត និង​មាន​៣​ពិន្ទុ​រួច​មក​ហើយ​ដែរ​នោះ ពេល​នេះ​ត្រូវ​វិល​មក​ជួប​ប្រកួត​ជាមួយ​កីឡាករ​ថៃ​ឈ្មោះ Sumaee Sor Weerawan ។ លើក​នេះ​គេ​មិន​ទាន់​ដឹង​ថា ឡេះ តើក មានសំណាង​រកបាន​៣​ពិន្ទុ​បន្ថែម​ទៀត​ឬ​អត់​នោះ​ទេ ដោយសារ​តែ​កីឡាករ​ថៃ​រូប​នេះ​ជា​ជើង​ខ្លាំង​មួយ​រូប​ដែល​មិន​ងាយ​យកឈ្នះ​ដោយ​ស្រួល​ឡើយ ។ ជាក់ស្តែង​កីឡាករ​ថៃ​រូប​នេះ​ហើយ​ដែល​ជា​អ្នក​ធ្វើ​ឱ្យ ឡុ​ង សុវណ្ណ​ឌឿ​ន បាក់​ក្តោងច្រមុះ​ធ្ងន់ធ្ងរ​ប្រកួត​លែង​កើត រហូត​មក​ទល់​សព្វ​ថ្ងៃនេះ ។ ដូច្នេះ គេ​នៅ​តែ​មាន​មន្ទិល​មិនដឹង​ថា​តើ ឡេះ តើក អាច​ទៅ​រួច​ជាមួយ​កីឡាករ​ថៃ​រូប​នេះ​ដែរ​ឬ​អត់ ។ ឡេះ តើក ទម្រង់​នៃ​ការ​វាយ​ចេញ​របស់​គេ​មិនសូវ​ជា​ល្អ​ប៉ុន្មាន​ទេ ទាំង​ផ្លែ​កែង​និង​ជង្គង់​ពេល​វាយ​ចេញ​ម្ដង​ៗ​មិនសូវ​ជា​មាន​ប្រសិទ្ធភាព​នោះ​ទេ ប៉ុន្តែ​កីឡាករ​រូប​នេះ​មានចិត្ត​សឿង​គ្រាន់បើ ។

ចំណែក​សមាសភាព​គូប្រកួត​ជា​លក្ខណៈ​ម៉ា​រ៉ា​តុង​វិញ​នោះ​មាន កីឡាករ ឈាន ឡុ​ង មក​ពី​ក្លិប​អេ​ភូ​ថង​កីឡា ត្រូវ​ប្រកួត​ជាមួយ​កីឡាករ ផា​ន់ ពិសិដ្ឋ មក​ពី​ក្លិប​គជសារ​កីឡា និង​កីឡាករ ងួ​ន គា មក​ពី​ក្លិប​តា​ឡី​ដំរី​មាន​រិ​ទ្ធ ប្រកួត​ជាមួយ​កីឡាករ ព្រឿ​ង សុ​ជាតិ មក​ពី​មជ្ឈមណ្ឌល​កីឡា ខ​.​ភ​.​ម ៕