ចាន់ ស៊ី​ណាត និង​រឿង សោ​ភ័​ណ្ឌ ប៉ះ​ថៃ​យប់​ថ្ងៃ​សុក្រ​នេះ

រាជធានី​ភ្នំពេញ ៖ នៅ​យប់​ថ្ងៃ​ទី​១៥ កក្កដា នេះ កីឡាករ​ជើង​ខ្លាំង​២​រូប​គឺ ចាន់ ស៊ី​ណាត និង​រឿង សោ​ភ័​ណ្ឌ នឹង​បើក​ឆាកប្រយុទ្ធ​ជាមួយ​កីឡាករ​ថៃ​នៅ​ក្នុង​ព្រឹត្តិការណ៍​ប្រដាល់​អន្តរជាតិ K-Cement របស់​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍​ដើម្បី​រំលេច​ការ​ចាប់អារម្មណ៍ ។ គេ​មិន​ទាន់​ដឹង​ថា រវាង​កីឡាករ​ទាំង​ពីរ នឹង​មាន​វាសនា​យ៉ាងដូចម្ដេច​នោះ​ទេ ដោយសារ​តែ​សមាសភាព​ថៃ​ដែល​ត្រូវ​ប៉ះ​ជាមួយ​ក៏​មិនមែន​ជើង​ថ្មី និង​មិន​ធ្លាប់​មាន​ប្រវត្តិ​ស៊ីជើង​ខ្លាំង​របស់​កម្ពុជា ។

ការ​ប្រកួត​ដែល​នឹង​ចាប់ផ្ដើម​ឡើង​ពី​ម៉ោង​៥​និង​៣០​នាទី​ល្ងាច​រហូត​ដល់​ម៉ោង​៨​យប់​នេះ ទើបតែ​ដំណើរការ​បាន​៣​ស​ប្ដា​ហ៍​រាប់​ទាំង​ការ​ប្រដាល់​នៅ​ថ្ងៃ​សុក្រ​នេះ​ប៉ុណ្ណោះ ដោយ​សមាសភាព​របស់​កីឡាករ​ដែល​ឡើង​ប្រកួត គឺ​មើលទៅ​ទាក់ទាញ​ទាំង​កីឡាករ​កម្ពុជា និង​កីឡាករ​ថៃ ។ ការ​ប្រដាល់​នៅ​វេលា​យប់​នេះ មានការ​រំពឹង​ថា នឹង​មាន​អ្នក​ទស្សនា​កកកុញ បើ​ទោះជា​ប្រដាល់​នៅ​យប់​ថ្ងៃ​សុក្រ​ទើបនឹង​បាន​ផ្លាស់​ប្ដូរ​ពី​ថ្ងៃ​សៅរ៍​ដែល​អ្នក​ស្នេហា​ប្រដាល់​របស់​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍​ខ្លះ​មិន​បានដឹង​។ អ្នក​រៀបចំ​ការ​ប្រកួត​បាន​ប្រកាស​ពី​ការ​សម្រិតសម្រាំង​កីឡាករ​សម្រាប់​ការ​ប្រកួត​យប់​នេះ ដោយ​វត្តមាន​របស់​កីឡាករ​កម្ពុជា និង​ថៃ​ទាំង​៤​រូប​ហាក់​ធ្វើ​ឱ្យ​មានការ​ជឿជាក់​ខ្លាំង​ថា ពួក​គេ​នឹង​បើក​ឆាកប្រយុទ្ធ​កាច​សាហាវ​ដាក់​គ្នា ដោយសារ​តែ​ចង់​ឈ្នះ​ចាញ់ ។

កីឡាករ ចាន់ ស៊ី​ណាត ដែល​ជា​ជើង​ខ្លាំង​ម្នាក់​ប្រចាំ​ក្លិប​និរោធ​មាន​ជ័យ នឹង​ត្រូវ​ជួប​ប្រកួត​ជាមួយ​កីឡាករ​ថៃ​ឈ្មោះ​យ៉​ត សុ​ី​ង ដែល​ល្បីឈ្មោះ​នៅ​ក្នុង​ប្រទេស​ថៃ ។ ជំនួប​ប៉ះ​គ្នា​រវាង​អ្នក​ទាំង​ពីរ​ត្រូវ​គេ​មើលឃើញ​ថា​នឹង​បែក​ផ្កាភ្លើង​នៅ​លើ​សង្វៀន ដោយសារ​តែ​អ្នក​ទាំង​ពីរ​សុទ្ធតែ​ត្រូវការ​ឈ្នះ​ដើម្បី​រក្សា​មុខមាត់ និង​ក្រេ​ឌី​ត ។ លោក ញាន សុធី អ្នក​រៀបចំ​ការ​ប្រកួត​បាន​អះអាង​ថា លោក​សម្រេច​ដាក់​ឱ្យ​កីឡាករ​ទាំង​ពីរ​ប៉ះ​គ្នា ដោយសារ​តែ​ចាន់ ស៊ី​ណាត ក៏​ហ្វឹកហាត់​ច្រើន​ក្នុង​ការ​ត្រៀមខ្លួន ហើយ​កីឡាករ​យ៉​ត សុ​ី​ង ក៏​មាន​ស្នាដៃ​នៅ​លើ​សង្វៀន​ប្រទេស​ថៃ និង​សង្វៀន​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍​ផង​ដែរ ។ គូ​នេះ កីឡាករ​កម្ពុជា​ធ្លាប់​ប្រកួត​បាន​៧៩​លើក ឈ្នះ​៦៨​លើក ចាញ់​៩​លើក និង​ស្មើ​២​លើក ក្នុង​ពេល​ដែល​កីឡាករ​ថៃ​ធ្លាប់​ប្រកួត​បាន​៧៧​លើក ឈ្នះ​៦៦​លើក ចាញ់​៩​លើក និង​ស្មើ​២​លើក​ដូច​គ្នា ។ កីឡាករ​កម្ពុជា​បាន​ប្រកាសប្រាប់​ថា នឹង​ប្រឹង​យកឈ្នះ​កីឡាករ​ថៃ​ឱ្យ​ខាង​តែ​បាន ដោយសារ​តែ​មុន​ផ្គូផ្គង​លោក​ហ្វឹកហាត់​ច្រើន​នៅ​លើ​សង្វៀន​ក្នុង​ក្លិប ។ យ៉ាងណា​ក៏​ដោយ កីឡាករ​ថៃ​ក៏​មាន​ជំនឿ​ចិត្ត​បែប​នេះ​ដែរ ។ នេះ​បើ​យោង​តាម​ការ​អះអាង​របស់​លោក ថៃ អ៊ូ ជា​អ្នកដឹកនាំ​កីឡាករ​ថៃ​ឱ្យមក​ប្រកួត និង​ផ្អែក​តាម​ថ្វីដៃ​ដែល​កីឡាករ​ថៃ​ធ្វើ​បាន​នា​ពេល​កន្លង​មក ។ គូ​នេះ​ត្រូវ​គេ​រំពឹង​ច្រើន​ថា នឹង​វាយ​អស់ពី​សមត្ថភាព ដោយសារ​តែ​ចាន់ ស៊ី​ណាត ថ្វីបើ​ការ​ប្រកួត​ខ្លះ​មិន​ទទួល​ជោគជ័យ​តែ​អ្វី​ដែល​គេ​ធ្វើ​បាន គឺ​មិន​ដែល​បណ្ដោយ​ឱ្យ​គូប្រកួត​យកឈ្នះ ឬ​បញ្ចប់​ការ​ប្រកួត​ដោយ​ស្រួល​ឡើយ ។

កីឡាករ រឿង សោ​ភ័​ណ្ឌ មក​ពី​ក្លិប​មកុដ​រាជសីហ៍ ក៏​នឹង​ត្រូវ​ជួប​ប្រកួត​ជាមួយ​កីឡាករ​ថៃ​ឈ្មោះ​ថា​យ អ៊ូ​ឡេ​ក នៅ​ក្នុង​ព្រឹត្តិការណ៍​នេះ​ដែរ ។ អ្នក​ទាំង​ពីរ​ប៉ះ​គ្នា​ក្នុង​តំណែង​គូ​ឯក ដោយ​កីឡាករ​ម្ខាង​ៗ​សុទ្ធតែ​អួត​រៀងខ្លួន​ថា​ពួក​គេ​នឹង​ប្រឹង​ឱ្យ​ឈ្នះ ។ ទោះបី​យ៉ាងណា គេ​មិន​ទាន់​ដឹង​ថា អ្នក​ណា​នឹង​ឈ្នះ​អ្នក​ណា​សម្រាប់​ការ​ប្រកួត​នេះ​នៅឡើយ​ទេ​ដោយ​សារ​​តែ​អះអាង​ថា កីឡាករ​ទាំង​ពីរ​សុទ្ធតែ​ត្រូវ​បាន​មហាជន​ស្គាល់​ថា​មិនធម្មតា​ដូច​គ្នា ។ គាប់​ជួន​ជា​ការ​ប្រកួត​ចុង​ក្រោយ​របស់ រឿង សោ​ភ័​ណ្ឌ ជួន​បាន​លទ្ធផល​ល្អ និង​ជួន​បាន​លទ្ធផល​អវិជ្ជមាន​នោះ​ផង ទើប​ការ​ប្រាកដ​ចិត្ត​ថា កីឡាករ​កម្ពុជា​នឹង​ឈ្នះ​កីឡាករ​ថៃ​គឺ​មិនមែន​រឿង​ងាយ ។ កីឡាករ​ថៃ​ត្រូវ​បាន​ប្រកាស​ថា ក៏​ជា​ម្ចាស់​ខ្សែក្រវាត់​មួយ​រូប​នៅ​ក្នុង​ប្រទេស​ថៃ​ផង​ដែរ ទើប​ការ​ប៉ះ​គ្នា​របស់​ពួក​គេ​គឺ​មាន​តែ​ភាព​ជាក់ស្ដែង​ប៉ុណ្ណោះ​ដែល​អាច​កាត់ក្ដី​បាន ។ កីឡាករ​រឿង សោ​ភ័​ណ្ឌ ធ្លាប់​ប្រកួត​១៣៩​លើក ឈ្នះ​១២៧​លើក ចាញ់​១១​លើក និង​ស្មើ​១​លើក ខណៈ​ដែល​កីឡាករ​ថៃ​ក៏​ឡើង​រេញ​បាន​១០៦​លើក ឈ្នះ​៩០​លើក ចាញ់​១៥​លើក និង​ស្មើ​១​លើក ៕