«ការ​ដាក់ កឹម សុខា ក្រោម​ការ​ត្រួត​មើល​របស់​តុលាការ ជា​រឿង​នយោបាយ»

ការដាក់លោក កឹម សុខា នៅក្រោមការត្រួតពិនិត្យ តាមផ្លូវតុលាការ គឺជារឿងនយោបាយ។ នេះ គឺជា​ការ​ឆ្លើយ​តប របស់​ក្រុម​តំណាង​រាស្ត្រ មកពី​គណបក្ស​សង្គ្រោះ​ជាតិ ទៅនឹងការសម្រេចរបស់តុលាការ នៅព្រឹក​ថ្ងៃ​ព្រហស្បត្តិ៍​នេះ ដែល​ហាម​ឃាត់​លោក កឹម សុខា អនុប្រធាន (សព្វថ្ងៃជាប្រធានស្ដីទី) គណបក្ស​សង្គ្រោះ​ជាតិ មិន​ឲ្យ​ចេញ​ក្រៅ​ប្រទេស និង​បាន​ព្រមាន​ពី​ការ​ឃុំ​ខ្លួន ជាបណ្ដោះ​អាសន្ន ប្រសិន​ជា​មាន​ការ​រឹង​ទទឺង។
«ការ​ដាក់ កឹម សុខា ក្រោម​ការ​ត្រួត​មើល​របស់​តុលាការ ជា​រឿង​នយោបាយ»

លោក កឹម សុខា អនុប្រធាន (សព្វថ្ងៃជាប្រធានស្ដីទី) គណបក្សសង្គ្រោះជាតិ។ (រូបថតហ្វេសប៊ុក)

សេចក្ដីថ្លែងការណ៍មួយ របស់ក្រុមសមាជិកសភា របស់គណបក្សសង្គ្រោះជាតិ ដែលទើបនឹងធ្លាក់មកដល់ នៅពេលមុននេះ បាន​ហៅ​ការសម្រេចរបស់តុលាការ ដែលដាក់លោក កឹម សុខា ជាអ្នកតំណាងរាស្ត្រមានអភ័យឯកសិទ្ធិសភា ឲ្យស្ថិតនៅ​ក្រោម​​ការ​​ត្រួតពិនិត្យ តាមផ្លូវតុលាការ «គឺជាការរំលោភសិទ្ធិសេរីភាព របស់អ្នកតំណាងរាស្ត្រ និងជាការរំលោភ​ម្ដង​ហើយ​ម្ដង​ទៀត ទៅ​លើ​មាត្រា៨០ នៃរដ្ឋធម្មនុញ្ញ»។

សេចក្ដីសម្រេចមួយរបស់តុលាការ ដែលចុះហត្ថលេខា ដោយចៅក្រមស៊ើបសួរ ថាន់ ឡេង នៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៦ (តែទើបផ្សព្វផ្សាយនៅថ្ងៃនេះ) បានកំណត់ដាក់លោក កឹម សុខា អនុប្រធាន (សព្វថ្ងៃជាប្រធានស្ដីទី) គណបក្សសង្គ្រោះជាតិ ឲ្យស្ថិតនៅក្រោមការត្រួតពិនិត្យ របស់តុលាការ ក្រោមបទចោទបដិសេធក្នុងការចូលខ្លួន ដោយមិនអនុញ្ញាត ឲ្យលោកចាក​ចេញ​​ទៅក្រៅប្រទេស និងបានព្រមានពីការឃុំខ្លួនជាបណ្ដោះអាសន្ន។

លោកចៅក្រម ថាន់ ឡេង បានសរសេរក្នុងដីកាសម្រេចនោះថា៖ «បញ្ជាឲ្យភ្នាក់ងារមានសមត្ថកិច្ច នៃកម្លាំងសាធារណៈ អនុវត្ត​ឲ្យបានសម្រេច តាមខ្លឹមសារនៃដីកាសម្រេចនេះ និងត្រូវរាយការណ៍ មកចៅក្រមស៊ើបសួរ នៃ​សាលា​ដំបូង​រាជធានី​ភ្នំពេញ ក្នុង​ករណីជនត្រូវចោទ កឹម សុខា មិនគោរពតាមដីកាសម្រេចនេះ។ ប្រសិនបើជនត្រូវចោទ គេសវេសដោយចេតនា ពីកាតព្វកិច្ចត្រួតពិនិត្យ តាមផ្លូវតុលាការនេះ ចៅក្រមស៊ើបសួរអាចសម្រេចឃុំខ្លួនជនត្រូវចោទ ជាបណ្តោះអាសន្ន»។

ប៉ុន្តែសម្រាប់ក្រុមសមាជិកសភា មកពីគណបក្សសង្គ្រោះជាតិបានចាត់ទុក ករណីខាងលើនេះ ជារឿងនយោបាយ និងបាន​លើក​យកមាត្រា៨០ នៃរដ្ឋធម្មនុញ្ញមកពន្យល់ថា ការចោទប្រកាន់ ការចាប់ខ្លួន ការឃាត់ខ្លួនឬការឃុំខ្លួន សមាជិក​ណា​មួយ​នៃ​រដ្ឋសភា នឹងអាចធ្វើទៅកើត លុះត្រាតែមានការយល់ព្រម ពីរដ្ឋសភា ឬពីគណៈកម្មាធិការអចិន្ត្រៃយ៍របស់រដ្ឋសភា ក្នុង​ចន្លោះ​សម័យ​ប្រជុំនៃរដ្ឋសភា វៀរលែងតែក្នុងករណី បទល្មើសព្រហ្មទណ្ឌជាក់ស្ដែង។ សេចក្ដីថ្លែងការណ៍ដដែល បានបន្តថា៖ «រហូត​មក​ដល់​ពេលនេះ រដ្ឋសភាពុំបានបំពេញ​តាមនីតិវិធីត្រឹមត្រូវ ដែលច្បាប់បានកំណត់នៅឡើយ»។

លោក កឹម សុខា ដែលបានបង្ខាំងខ្លួនឯង នៅក្នុងទីស្នាក់ការគណបក្សសង្គ្រោះជាតិ នៅចាក់អង្រែលើ ជាងមួយ​ខែ​មក​ហើយ​នោះ បានខកខានមិនបានចូលខ្លួន ទៅតាមការកោះអញ្ជើញរបស់តុលាការ ក្នុងនាមជាសាក្សី ចំនួនពីរលើកនៅ​ក្នុង​សំនុំ​រឿង​មួយ និងមួយលើកទៀត នៅក្នុងសំនុំរឿងមួយផ្សេង។ អនុប្រធានគណបក្សប្រឆាំងរូបនេះ បានបង្ខាំងខ្លួនឯង ចាប់ពីមាន​ការ​ប៉ុន​ប៉ង​ ចាប់ខ្លួនលោកមិនបានសម្រេច ពីសំណាក់កងកម្លាំងប្រដាប់ដោយអាវុធ កាលពីថ្ងៃទី២៦ ខែឧសភាកន្លងមក៕