ឡូយម្ល៉េះ! សុំបង់៥០០ដុល្លារបញ្ចប់រឿង

ខេត្តបាត់ដំបង ៖ ស្ត្រី​សង្ស័យ​២​នាក់ត្រូវ​កម្លាំង​នគរបាល​ក្រុង​បាត់ដំបង​ឃាត់ខ្លួន​ភ្លាម​ៗ បន្ទាប់​ពី​ធ្វើ​សកម្មភាព​លូក​យក​ទ្រព្យ​សម្បត្តិ​​ពី​ក្នុង​កាបូបស្ពាយ​របស់​ស្ត្រី​ម្នាក់ កាលពី​វេលា​ម៉ោង​០៨ និង​៤៥​នាទី​ព្រឹក​ថ្ងៃ​ទី​១៤ កក្កដា ២០១៦ ខណៈ​ជន​រង​គ្រោះ​កំពុង​ដើរ​ទិញ​ទំនិញ​នៅ​ក្នុង​ផ្សា​របឹង​ឈូក ក្នុងភូមិ​ព្រែក​មហាទេព សង្កាត់​ស្វាយប៉ោ ក្រុង​បាត់ដំបង ។

ស្ត្រី​សង្ស័យ​ទាំង​២​នាក់  ១-​ឈ្មោះ​ទូច នាង អាយុ​៣៧​ឆ្នាំ និង​២-​ឈ្មោះ​សុខ ច្រិ​ប អាយុ​១៦​ឆ្នាំ ទាំង​២​នាក់​មាន​ទីលំនៅ​ក្នុងភូមិ​ត្រពាំង​លើក ឃុំ​ត្រពាំង​លើក ស្រុក​បាទី ខេត្តតាកែវ ។ ស្ត្រី​សង្ស័យ​ទាំង​២​នាក់​បាន​មក​ដល់​ក្រុង​បាត់ដំបង កាលពី​ល្ងាច​ថ្ងៃ​ទី​១៣​កក្កដា លុះ​នៅ​ព្រឹក​ថ្ងៃ​ទី​១៤ កក្កដា ទៅ​ធ្វើ​សកម្មភាព​តែ​ម្ដង ។

ទាំង​២​នាក់​នេះ បាន​លូក​យក​ទ្រព្យសម្បត្តិ​ពី​ក្នុង​កាបូបស្ពាយ​របស់​ស្ត្រី​រង​គ្រោះ​ឈ្មោះ​រ៉េ​ត សៅរ៍ អាយុ​៣០​ឆ្នាំ មាន​ទីលំនៅ​ភូមិ​២០​ឧសភា សង្កាត់​ស្វាយប៉ោ ក្រុង​បាត់ដំបង ខណៈ​កំពុង​ដើរ​ផ្សា​របឹង​ឈូក​ទិញ​ទំនិញ ប៉ុន្តែ​ត្រូវ​សមត្ថកិច្ច​ដែល​ការពារ​សុវត្ថិភាព​នៅ​ក្បែរ​ផ្សារ​អន្តរាគមន៍​បាន​ភ្លាម​ៗ ។

បើ​តាម​ស្ត្រី​រង​គ្រោះ​និយាយ​ថា គាត់​មិន​បាន​ចាប់អារម្មណ៍​ស្ត្រី​ទាំង​២​នាក់​ចេះ​តែ​ដើរ​តាម​គាត់​នោះ​ទេ ហើយ​ខណៈ​កំពុង​ដើរ​ទិញ​ទំនិញ ភ្លាម​នោះ​កាបូបស្ពាយ​របស់​គាត់​ហាក់​មាន​មនុស្ស​ទាញ លុះ​គាត់​ងាក​មើល ក៏​ឃើញ​ស្ត្រី​២​នាក់​កំពុង​លូក​យក​លុយ និង​ទូរ​ស័ព្ទ ទើប​ប្រតាយ​គ្នា បង្ក​ឱ្យ​ភ្ញាក់ផ្អើល​ពេញ​ផ្សារ ។

រីឯ​សមត្ថកិច្ច​ក៏​បាន​ចុះ​មក​អន្តរាគមន៍​ចាប់​បាន​ទាំង​២​នាក់​នេះ​ភ្លាម​ៗ​ដែរ តែ​ទូរស័ព្ទ និង​លុយ​បាត់​អស់ហើយ ។ ប៉ុន្តែ​បន្ទាប់​ពី​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន ជនសង្ស័យ​ឈ្មោះ​ទូច នាង និង​ឈ្មោះ​សុខ ច្រិ​ប បាន​សារភាព​ថា ពួក​ខ្លួន​ពិតជា​បាន​ធ្វើ​សកម្មភាព​លូក​យក​លុយ និង​ទូរស័ព្ទ​ជន​រង​គ្រោះ​ពី​ក្នុង​កាបូប​មែន តែ​ពេល​ប្រតាយប្រតប់​គ្នា​នោះ​មិនដឹង​ជ្រុះ​បាត់​ទៅ​ណា​ទេ ព្រោះ​មនុស្ស​ច្រើន​ពេក ហើយ​ក៏​មិន​បាន​ជម្លៀស​ទៅ​ឱ្យ​បក្សពួក​ទេ ។

ចោរ​ស្រី​ដៃ​ស្អិត​ទាំង​២​នាក់​បាន​និយាយ​ទៀត​ថា ខ្លួន​រស់នៅ​ខេត្តតាកែវ ហើយ​មក​ដល់​ខេត្តបាត់ដំបង កាលពី​ល្ងាច​ថ្ងៃ​ទី​១៣
កក្កដា ប៉ុណ្ណោះ ។

តាម​ស្ត្រី​រង​គ្រោះ​បាន​ប្រាប់​ថា ទ្រព្យសម្បត្តិ​ដែល​បាត់បង់​មាន​ទូរស័ព្ទ​ម៉ាក​អាយ​ហ្វូ​ន​១​គ្រឿង និង​លុយ​ចំនួន​៧០​ម៉ឺន​រៀល ។ ប៉ុន្តែ​ពេល​ប្រទាញប្រទង់​គ្នា មិនដឹង​ថា ទូរស័ព្ទ និង​លុយ​នោះ​ធ្លាក់​ទៅ​លើ​ដៃ​បុគ្គល​ណា​ទេ តែ​គេ​នៅ​តែ​សង្ស័យ គឺ​ស្ត្រី​សង្ស័យ​បាន​ជម្លៀស​​ទៅ​ឱ្យ​បក្សពួក ។

លោក​អធិការ​បាន​បញ្ជាក់​ថា ជនសង្ស័យ​បាន​សារភាពហើយ​ថែម​ទាំង​សុំ​បង់​សំណង​៥០០​ដុល្លារ ដល់​ជន​រង​គ្រោះ ដើម្បី​បាន​រួច​ខ្លួន​ពី​សំណាញ់​ច្បាប់ ប៉ុន្តែ​លោកស្នងការ​ខេត្ត និង​តំណាង​អយ្យការ​អម​សាលាដំបូង​ខេត្ត បាន​បញ្ជា​ឱ្យ​កសាង​សំណុំរឿង​បញ្ជូន​ចោរ​ស្រី​ដៃ​ស្អិត​ទាំង​២​នាក់​នេះ ទៅ​កាន់​ស្នងការដ្ឋាន​ខេត្ត ដើម្បី​ចាត់ការ​បន្ត ។