បាត់រថយន្តកាមរីឆ្លាម​មួយគ្រឿង​នៅសង្កាត់ទឹកថ្លា

ភ្នំពេញ៖ ​រថយន្តមួយគ្រឿងម៉ាក​កាមរីឆ្លាម ​ពណ៌ខ្មៅ ពាក់ស្លាកលេខ ​ភ្នំពេញ 2G-6731​ ត្រូវបានជនមិនស្គាល់អត្តសញ្ញាណ លួចទៅបាត់កាលពី​ម៉ោង១និង៣០នាទីរំលងអធ្រាត្រ​ឈានចូលថ្ងៃទី១៤ ​កក្កដា ២០១៦​ នៅចំណុចក្រោយផ្សារទឹកថ្លា​ ​​ផ្ទះលេខ​599​A ផ្លូវលំ​ ភូមិស្លែងរលើង ​សង្កាត់ទឹកថ្លា ​ខណ្ឌសែនសុខ ។

លោក សឿន សុត្រា ​ដែលជាម្ចាស់រថយន្តបានឱ្យដឹងថា​ រថយន្តរបស់លោកខាងលើ​បានចតនៅមុខផ្ទះដូចសព្វមួយដង ​និងមាន បំពាក់តេឡេ ​និងកាមេរ៉ាសុវត្ថិភាពនៅមុខផ្ទះថែមទៀតផង​ ប៉ុន្តែដោយសារតែយប់ជ្រៅពេកទើបលោក​ និងអ្នកផ្ទះបានគេងលង់ លក់មិនបានឮ​សូរសំឡេងតេឡេរោទិ៍​ លុះព្រឹកឡើងស្រាប់តែបាត់រថយន្ត ​ក៏ទៅឆែកមើលកាមេរ៉ាសុវត្ថិភាព​ទើបដឹងថា ​មានចោរ​លួច​ទៅបាត់ ។

លោកបន្តថា ​បើមើលនៅក្នុងវីដេអូដែលកាមេរ៉ាសុវត្ថិភាពថតបាននោះ​ ក្រុមចោរមានគ្នាពីរនាក់​ ដោយម្នាក់ពាក់មួកសុវត្ថិភាព និង​ម្នាក់ទៀតបានយកក្រណាត់រុំមុខ​ដើម្បីកុំឱ្យគេមើលស្គាល់ ។

លោក សឿន សុត្រា​ បានបញ្ជាក់ថា ​លោកកំពុងតែរៀបចំនិង​រកមើលឯកសារពាក់ព័ន្ធនឹងរថយន្តនេះ ​ដើម្បីទៅដាក់​ពាក្យបណ្តឹង​នៅប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកថ្លា ​និងដាក់នៅបញ្ជាកការដ្ឋាន​កងរាជអាវុធហត្ថរាជធានីភ្នំពេញ ៕