ចិន​សាកល្បង​យន្តហោះ​ស៊ី​វិល​លើ​ព្រ​លាន​យន្តហោះ​ថ្មី​2​នៅ​សមុទ្រ​ចិន​ខាងត្បូង

យោង​តាម​ស៊ី​ន​ហួ​ថា ប្រទេស​ចិន​កាលពី​ថ្ងៃ​ទី​១៣ កក្កដា បាន​ធ្វើការ​សាកល្បង​ប្រកបដោយ​ជោគជ័យ​នូវ​ព្រ​លាន​យន្តហោះ​ថ្មី​២ ស្ថិត​នៅ​លើ​ប្រជុំ​កោះ NANSHA ជាមួយ​បណ្តា​យន្តហោះ​ស៊ី​វិល ខណៈ​ដែល​ចំនួន​ព្រ​លាន​យន្តហោះ​ដែល​បើក​សម្រាប់​យន្តហោះ​ស៊ី​វិល​លើ​ប្រជុំ​កោះ​នោះ​មាន​ដល់​៣​ហើយ ។

យន្តហោះ​មួយ​គ្រឿង​បាន​ហោះ​ចាក​ចេញពី​ទីក្រុង​ហៃ​គូ​ទីប្រជុំជន​ខេត្ត​ហៃ​ណា​ន់ នា​វេលា​ម៉ោង​៨​និង​៣០​នាទី ហើយ​ទៅ​ចុះ​លើ​កោះ​ប៉ប្រះ​ទឹក MEIJI ២​ម៉ោង​ក្រោយមក ។ ចំណែក​យន្តហោះ​មួយ​គ្រឿង​ទៀត បាន​ចាក​ចេញពី​ហៃ​គូ​ដែរ​នា​វេលា​ម៉ោង​៨​និង​៤០​នាទី​រួច​ទៅ​ចុះ​នៅ​លើ​កោះ​ប៉ប្រះ​ទឹក ZHUBI នា​វេលា​ម៉ោង​១០​និង​២៨​នាទី ។ យន្តហោះ​ទាំង​២​គ្រឿង​នេះ មួយ​គ្រឿង​ជា​យន្តហោះ AIR BUS A319 របស់​ក្រុមហ៊ុន CHINA SOUTHERN AIRLINES ហើយ​មួយ​គ្រឿង​ទៀត​ជា​យន្តហោះ​ប៊ូ​អីុ​ង​៧៣៧ របស់​ក្រុមហ៊ុន HAINAN AIRLINES ។ យន្តហោះ​ទាំង​២​គ្រឿង​នេះ​បាន​ហោះ​វិល​មក​កាន់​ក្រុង​ហៃ​គូ​វិញ ក្រោយ​ពី​ចុះ​សំចត​រយៈពេល​ខ្លី​លើ​កោះ​ប៉ប្រះ​ទឹក​ទាំង​២​នោះ​មក ។

ការ​ហោះហើរ​សាកល្បង​នេះ​ធ្វើ​ឡើង​មួយ​ថ្ងៃ​បន្ទាប់​ពី​យន្តហោះ​ធុន CESSNA CE-680 មួយ​គ្រឿង​បាន​ហោះ​រវាង​កោះ​ប៉ប្រះ​ទឹក​ទាំង​២​នោះ ដើម្បី​ធានា​ថា ព្រ​លាន​យន្តហោះ​ទាំង​២​អាច​ត្រៀម​សម្រាប់​ទទួល​បណ្តា​យន្តហោះ​ស៊ី​វិល​បាន​ហើយ ។

ជាមួយ​ព្រ​លាន​យន្តហោះ​លើ​កោះ​ប៉ប្រះ​ទឹក YONGSHU ដែល​បើក​កាលពី​ខែមករា ចិន ពេល​នេះ​មាន​ព្រ​លាន​យន្តហោះ​៣ កំពុង​ដំណើរការ​លើ​ប្រជុំ​កោះ NANSHA ដែល​លើ​ប្រជុំ​កោះ​នេះ​ជា​ដែនអាកាស​មាន​យន្តហោះ​ឆ្លងកាត់​ច្រើន​បំផុត​នៃ​ពិភពលោក ។

យោង​តាម​ក្រសួង​ដឹក​ជញ្ជូន​ចិន​ថា ខណៈ​ដែល​ព្រ​លាន​យន្តហោះ​លើ​កោះ​ប៉ប្រះ​ទឹក HUAYANG, CHIGUA ZHUBIT និង YONGSHU ដំណើរការ​រួច​ហើយ ព្រ​លាន​យន្តហោះ​ទី​៥​មួយទៀត នៅ​លើ​ប្រជុំ​កោះ MEIJI កំពុង​កសាង​ជិត​រួច​ហើយ ៕