ព្រះ​បរមរាជវាំង​ជប៉ុន​បដិសេធ​ព័ត៌មាន​បំណង​ដាក់រាជ្យ​របស់​ព្រះ​ចៅ​អធិរាជ​អា​គី​ហ៊ី​តូ

បន្ទាប់​ពី​ព័ត៌មាន​នានា​របស់​បណ្តាសារ​ព័ត៌មាន​ដែល​ថា ព្រះ​ចៅ​អធិរាជ​អា​គី​ហ៊ី​តូ សម្តែង​ពី​ព្រះរាជ​បំណង​ចង់​ដាក់រាជ្យ​មក​ព្រះ​បរមរាជវាំង​ជប៉ុន​អះអាង​ថា ព្រះ​ចៅ​អធិរាជ​ពុំ​មាន​ព្រះរាជ​បំណង​ចង់​ដាក់រាជ្យ​ឡើយ​ដែល​រឿង​បែប​នោះ កម្រ​មាន​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​នៃ​រាជ្យ​ប​ល្ល័​ង​ជប៉ុន ។

ទូរទស្សន៍​រដ្ឋ​ជប៉ុន NHK បាន​បង្កើត​ការ​ភ្ញាក់ផ្អើល​កាលពី​យប់​ថ្ងៃ​ទី​១៣ កក្កដា ដោយ​រាយការណ៍​ថា ព្រះ​ចៅ​អធិរាជ​ព្រះ​ជន្ម​៨២​ព្រះ​វស្សា ទ្រង់មាន​ព្រះរាជ​បន្ទូល​ទៅ​កាន់​បណ្តា​មនុស្ស​ជំនិត​ថា ព្រះ​អង្គ​ចង់​ដាក់រាជ្យ​នា​ប៉ុន្មាន​ឆ្នាំ​ខាង​មុខ​ទៀត ឱ្យ​ព្រះរាជ​ទាយាទ​ណា​រូ​ហ៊ី​តូ ស្នងរាជ្យ​បន្ត និង​ថា ព្រះ​អង្គ​ម្ចាស់​រាជទាយាទ​អង្គ​នេះ ទ្រង់​គាំទ្រ​ព្រះ​បិតា​ចំពោះ​ព្រះរាជ​តម្រិះ​នេះ ។ ចំណែក​ទីភ្នាក់ងារ​ព័ត៌មាន​ជប៉ុន​ក្យូ​ដូ​វិញ ក៏​ផ្តល់​ព័ត៌មាន​ប្រហាក់ប្រហែល​គ្នា​នោះ​ដែរ ។

យោង​តាម​ច្បាប់​បច្ចុប្បន្ន​ស្តី​ពី​ព្រះ​បរមរាជវាំង​ដែល​ការពារ​លក្ខន្តិកៈ​ផ្លូវច្បាប់​របស់​ព្រះ​ចៅ​អធិរាជ​ពុំ​បាន​គ្រោង​ឱ្យ​មាន​យន្តការ​ស្របច្បាប់​នៃ​ការ​ដាក់រាជ្យ​ឡើយ ។ ដូច្នេះ​ចាំបាច់​ទាល់តែ​មានការ​ធ្វើ​វិសោធនកម្ម​ច្បាប់​នេះ ទើប​អាច​បំពេញ​ព្រះរាជ​បំណង​របស់​ព្រះ​អង្គ​បាន ។ ប្រទេស​ជប៉ុន​ពុំ​ធ្លាប់​ជួប​ប្រទះ​ការ​ដាក់រាជ្យ​ឡើយ រយៈពេល​២០០​ឆ្នាំ​កន្លង​មកនេះ ។

ព័ត៌មាន​រសើប​ខ្លាំង​មួយ​នេះ​មិន​គួរ​ចេញផ្សាយ​ដោយ​ទូរទស្សន៍ NHK និង​ទីភ្នាក់ងារ​ព័ត៌មាន​ក្យូ​ដូ​ដោយ​គ្មាន​ប្រភព​ច្បាស់លាស់​ឡើយ ។ នេះ​ជា​ការ​វាយតម្លៃ​របស់​ពួក​អ្នក​សង្កត​ការណ៍ ។

នា​ល្ងាច​ថ្ងៃ​ទី​១៣ កក្កដា នោះ លោក​ស៊ី​នី ជី​រ៉ូ យ៉ា​ម៉ា​ម៉ូតូ អ្នក​ទទួលខុសត្រូវ​ជាន់ខ្ពស់​ម្នាក់​នៃ​ព្រះ​បរមរាជវាំង​អះអាង​ទៅ​កាន់​ក្រុម​អ្នកកាសែត​ថា ព័ត៌មាន​នេះ​ពិតជា​ពុំ​ពិត​ទាល់តែ​សោះ ។

ចំណែក​នាយក​រដ្ឋមន្ត្រី​ជប៉ុន លោក​ស៊ី​ន ហ្សូ​អា​បេ វិញ​នា​ថ្ងៃ​ទី​១៤ កក្កដា បដិសេធ​ពុំ​ធ្វើ​អត្ថាធិប្បាយ​ដោយ​លោក​លើក​ឡើង​ពី​លក្ខណៈ​រសើប​នៃ​បញ្ហា​នេះ ក៏​ដូច​ជា​អ្នកនាំ​ពាក្យ​​រដ្ឋាភិបាល​លោក​យ៉ូ​ស៊ី​ហ៊ី​ដ ស៊ូ​ហ្គា ។ រីឯ​កាសែត​ធំ​ជប៉ុន YMIURI SHIMBUN រាយការណ៍​នា​ថ្ងៃ​ទី​១៤ កក្កដា ថា រដ្ឋាភិបាល​គ្រោង​លាក់​ជា​សម្ងាត់​នូវ​លទ្ធភាព​នេះ។

ព្រះ​ចៅ​អធិរាជ​អា​គី​ហ៊ី​តូ ដែល​ព្រះរាជ​សុខភាព​ព្រះ​អង្គ​មាន​បញ្ហា​ច្រើន ក្នុង​នោះ​មាន​ជំងឺមហារីក​ប្រូ​ស្តា​ត ហើយ​មានការ​វះកាត់​បេះដូង​ផង ធ្លាប់​មាន​ព្រះរាជ​បន្ទូល​កាលពី​ឆ្នាំទៅ​មិ​ញ​ក្នុង​ឱកាស​នៃ​សន្និសីទ​សារព័ត៌មាន​មួយ​ថា ព្រះ​អង្គ​មាន​ព្រះ​អារម្មណ៍​ថា កាន់តែ​ជរា ហើយ​ទ្រង់​ធ្លាប់​ប្រព្រឹត្ត​ការ​ខុសឆ្គង​នានា​ពេល​មាន​ពិធី​ផ្សេង​ៗ ។ ទោះបី​យ៉ាងណា យោង​តាម​ក្យូ​ដូ​ថា ពុំ​មាន​ជំងឺ​ណាមួយ​ជា​ប្រភព​នៃ​ព្រះរាជ​បំណង​របស់​ព្រះ​អង្គ​ឡើយ ។

ក្នុង​រដ្ឋធម្មនុញ្ញ​តម្រូវ​ដោយ​សហរដ្ឋអាមេរិក កាលពី​ឆ្នាំ​១៩៤៧ ក្រោយ​ការ​ចុះចាញ់​សង្គ្រាមលោក​លើក​ទី​២​របស់​ជប៉ុន ព្រះរាជ​តួនាទី​របស់​ព្រះ​ចៅ​អា​គី​ហ៊ី​តូ ត្រូវ​បាន​កម្រិត​ត្រឹម​តួនាទី​ជា​និមិត្តរូប​របស់​រដ្ឋ និង​ឯកភាព​របស់​ប្រជាជន​ជប៉ុន ដើម្បី​បង្ការ​ការ​វិល​ទៅ​រក​លទ្ធិ​យោធា​និយម​ដែល​មាន​ក្នុង​ផ្នែក​ដំបូង​នៃ​ការ​គ្រងរាជ្យ​របស់​ព្រះ​បិតា​ព្រះ​អង្គ​ព្រះ​ចៅ​អធិរាជ​ហ៊ី​រ៉ូ​ហ៊ី​តូ ដែល​ចាត់ទុកជា​ព្រះ​អាទិទេព​រស់​មួយ​អង្គ​រហូត​ដល់​បរាជ័យ​នៃ​សង្គ្រាម​ក្នុង​ឆ្នាំ​១៩៤៥ ។ ទោះបី​យ៉ាងណា ព្រះរាជ​បល្ល័ង្ក​នៅ​តែ​ជា​ការ​គោរព​ខ្លាំង​បំផុត​ពី​សំណាក់​ប្រជាជន​ជប៉ុន ៕