រុ​ស្ស៊ី​ផលិត​មី​ស៊ី​ល​បាលី​ស្ទិ​ក​ថ្មី​មួយ​សម្រាប់​នាវាមុជទឹក

កាសែត IZVESTIA រុ​ស្ស៊ី​រាយការណ៍​កាលពី​ថ្ងៃ​ទី​១៤ កក្កដា ថា មជ្ឈមណ្ឌល​មី​ស៊ី​ល​រដ្ឋ ដឹកនាំ​ដោយ​លោក​ម៉ា​កេ​អេ​វ នឹង​ផលិត​មី​ស៊ី​ល​បាលី​ស្ទិ​ក​ថ្មី​មួយ ។

លោក​វ្ល៉ា​ឌី​មៀរ ដេ​ស​ទី​យ៉ា ប្រមុខ​ក្រុមហ៊ុន​ផលិត​មី​ស៊ី​ល​រុ​ស្ស៊ី គូសបញ្ជាក់​ថា បច្ចុប្បន្ន​យើង​ទទួល​បាន​កុងត្រា​ជា​ច្រើន​ចុះហត្ថលេខា​ជាមួយ​ក្រសួង​ការពារ​ប្រទេស​សំដៅ​ផលិត​បណ្តា​មី​ស៊ី​ល​បាលី​ស្ទិ​ក មាន​មូលដ្ឋាន​នៅ​លើ​ដី ព្រមទាំង​បណ្តា​មី​ស៊ី​ល​សម្រាប់​បំពាក់​លើ​នាវា ។ មី​ស៊ី​ល​បាលី​ស្ទិ​ក​ធុន​ធ្ងន់ SARMAT ផលិត​សម្រាប់​កងទ័ពជើងគោក ព្រមទាំង​មី​ស៊ី​ល​សម្រាប់​បំពាក់​ក្នុង​នាវា ។

យោង​តាម​កាសែត​នេះ​ថា វា​អាច​ជា​មី​ស៊ី​ល​បាលី​ស្ទិ​ក​ថ្មី សម្រាប់​យក​ទៅ​ជំនួស​មី​ស៊ី​ល​ធុន BOULAVA ។ អគ្គនាយក​ក្រុមហ៊ុន ROUBIN ដែល​ផលិត​នាវាមុជទឹក​យុទ្ធសាស្ត្រ​អះអាង​ប្រាប់​កាសែត IZVESTIA ថា សហគ្រាស​របស់​លោក​ចាប់ផ្តើម​រួច​ហើយ នូវ​ការងារ​សំដៅ​បង្កើត​នាវាមុជទឹក​ថ្មី​ជំនាន់​ទី​៥ ដែល​ដាក់​ឈ្មោះ​រួច​ហើយ​ថា HUSKY ។ មី​ស៊ី​ល​ថ្មី​ដែល​ផលិត​អាច​សម្រាប់​យក​ទៅ​បំពាក់​ឱ្យ​នាវាមុជទឹក​ថ្មី​ប្រភេទ HUSKY នេះ ។

បណ្តា​នាវាមុជទឹក HUSKY នឹង​ជំនួស​នា​ពេល​អនាគត​បណ្តា​នាវាមុជទឹក​នុយក្លេអ៊ែរ​នៃ​គម្រោង​៨៨៥ ។ នាវាមុជទឹក HUSKY ក៏​នឹង​បំពាក់​ផង​ដែរ​ដោយ​មី​ស៊ី​ល​លឿន​ជាង​សំឡេង​ច្រើន​ដង​ធុន ZIRCON ៕