​ឲ្យ​កូន​បៀម​ក្បាលដោះ តើ​វា​មាន​សុវត្ថិភាព​ដែរឬទេ​?

​ឲ្យ​កូន​បៀម​ក្បាលដោះ តើ​វា​មាន​សុវត្ថិភាព​ដែរឬទេ​?


​ឲ្យ​កូន​បៀម​ក្បាលដោះ តើ​វា​មាន​សុវត្ថិភាព​ដែរឬទេ​?

​សម្រាប់​កូនក្មេង ដែល​មាន​អារម្មណ៍​ថា ទាល់តែ​បៀម ឬ​ជញ្ជក់​ដៃ ទើប​ស្ងប់ចិត្ត ឬ​គេង​លក់​នោះ ការប្រើ​ក្បាលដោះ​បៀម​លេង ប្រហែលជា​អាច​ជួយ​គេ​បាន ប៉ុន្តែ ទោះបីជា​យ៉ាងនេះក្តី ត្រូវ​រង់ចាំ​គេ​មាន​អាយុ ១ ខែ​សិន ដើម្បី​ប្រាកដថា កូន​អាច​បៅដោះ​បាន​ត្រឹមត្រូវ​ហើយ​។​

​អ្នក​មិន​គួរប្រើ​ក្បាលដោះ​បៀម​លេង គ្រប់​ពេល​ដែល​កូន​យំ ឬ​រក​រឿង​ឡើយ​។ ចូរ​ព្យាយាម​ឱប បី យោល ឬ​ច្រៀង​ឲ្យគេ​គេង​ជាមុនសិន​។ បើ​មិន​មាន​ប្រយោជន៍ ចាំ​អ្នក​ប្រើ​ក្បាលដោះ​។​

​ចូរ​បន្ថយ​ភ្លើង​ឲ្យ​ងងឹត​បន្តិច ហើយ​ចាក់​ចម្រៀង​កុមារ គឺ​រឹតតែ​ល្អ​ថែមទៀត​។ ពេល​គេ​ភ្ញាក់ឡើង​ក៏​ដូចគ្នា អ្នក​គួរ​រៀន​ធ្វើឲ្យ​បាត់យំ ល្អ​ជាង​ការឲ្យក្បាល​ដោះគេ​បៅលេង​។​

​ក្បាលដោះ​បៀម​លេង មាន​ទាំង​អត្ថប្រយោជន៍ និង​គុណវិបត្តិ​របស់​វា​។

​ការសិក្សា​បាន​បង្ហាញថា ការប្រើ​ក្បាលដោះ​បៀម​លេង អាច​កាត់បន្ថយ​រោគសញ្ញា​ស្លាប់​ភ្លាមៗ​របស់​កុមារ (sudden infant death syndrome)​។ ប៉ុន្តែ ការសិក្សា​ផ្សេងទៀត ក៏បាន​លើកឡើង​ផងដែរ​ថា ការ​បៀម​ក្បាលដោះ​យូរពេក អាច​ធ្វើឲ្យ​កុមារ ប្រឈម​នឹង​ការឆ្លង​មេរោគ​ត្រចៀក មេរោគ និង​ផ្សិត​ក្នុង​មាត់ និង​ពោះវៀន​។​

​ឪពុក​ម្តាយ​ភាគច្រើន សង្កេតឃើញថា ក្បាលដោះ​បៀម​លេង អាច​ជួយ​ឲ្យ​ទារក​ស្ងប់ស្ងាត់ និង​មាន​ផា​សុកភាព ហើយ​អាច​ជួយ​ឲ្យគេ​គេង​ឆាប់​លក់​។ ម្យ៉ាងទៀត ពេល​កូន​មិន​ស្រួលខ្លួន ដោយសារ​ជំងឺ​ផ្តាសាយ ឬ​ពិបាក​ដកដង្ហើម គេ​អាច​ដកដង្ហើម​តាម​មាត់​បាន​។​

​ប្រសិនបើ​អ្នក​ឲ្យ​កូន បៀម​ក្បាលដោះ​រហូតដល់​កូន​អាយុ​ក្រោម ៥ ឆ្នាំ វា​គ្មាន​រឿង​អ្វី​ត្រូវ​ព្រួយបារម្ភ អំពី​បញ្ហា​សុខភាព​ធ្មេញ​នោះទេ ពីព្រោះ ដំណាក់កាល​នេះ ទារក​ដុះ​តែ​ធ្មេញព្រៃ ហើយ​វា​អាច​នឹង​អាច​បាក់​ទៅវិញ នៅ​ចន្លោះ​អាយុ ៦ ឆ្នាំ ប៉ុន្តែ ប្រសិនបើ​អ្នក​បារម្ភ​ខ្លាំង សូម​នាំ​កូន​ទៅ​ជួប​គ្រូពេទ្យ​ជំនាញ ឬ​ទន្តពេទ្យ​។​

​យ៉ាងណាមិញ អ្នក​ត្រូវ​ប្រាកដថា ក្បាលដោះ​បៀម​លេង ត្រូវបាន​លាង​សម្អាត​យ៉ាង​ស្អាត ហើយ​ក៏​ត្រូវ​ឧស្សាហ៍​ផ្លាស់ប្តូរ​ថ្មី​ផងដែរ​៕

​អត្ថបទ ៖ វេជ្ជបណ្ឌិត ឈឹម សៅភារ៉ា​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី14 
កក្កដា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។