ឱកាស​ការងារ​ជាង ៣០០ កន្លែង កំពុង​រង់ចាំ ក្នុង​​ពិព័រណ៍​ការងារ​នៅ​ CJCC ថ្ងៃ​សៅរ៍​នេះ

ថ្ងៃ​សៅរ៍ ទី​១៦-កក្កដា នេះ មជ្ឈមណ្ឌល​សហ​ប្រតិបត្តិ​ការ​កម្ពុជា-ជប៉ុន (CJCC) សហការ​ជាមួយ​សមាគម​អ្នក​ធុរកិច្ច​ជប៉ុន​នៅ​កម្ពុជា និង​វិទ្យាស្ថាន​ភាសាបរទេស (IFL) នឹង​រៀបចំ​ពិព័រណ៍​ការងារ​សម្រាប់​ក្រុមហ៊ុន​ជប៉ុន ប្រចាំ​ខែ​កក្កដា។ ​ពិព័រណ៍​នេះ ធ្វើ​ឡើង​ដើម្បី​ផ្តល់​ឱកាស​ដល់​អ្នក​ដែល​កំពុង​ស្វែង​រក​ការងារ​ធ្វើ ជា​ពិសេស​និស្សិត​ដែល​ទើប​បញ្ចប់​ការ​សិក្សា​នា​ឆ្នាំ​នេះ ឲ្យ​បាន​ស្គាល់ និង​ដាក់​ពាក្យ​ចូល​ធ្វើការ​នៅ​ក្រុមហ៊ុន​ណា​មួយ​ដែល​ពួកគេ​ពេញ​ចិត្ត។

 

ក្រុមហ៊ុន​ជប៉ុន​ចំនួន​ ១១ និង​ក្រុមហ៊ុន​មិនមែន​ជប៉ុន​ចំនួន ​៧ នឹង​ចូលរួម​ជ្រើសរើស​បុគ្គលិក និង​អ្នក​ស្ម័គ្រ​ចិត្ត​នៅ​ក្នុង​ពិព័រណ៍​ការងារ​នេះ។ មុខ​តំណែង​ មាន​ប្រមាណ​ជាង ៣០០​តំណែង ដែល​ភាគ​ច្រើន​គឺ​ផ្នែក​គណនេយ្យ វិស្វករ​សំណង់​ស៊ីវិល វិទ្យាសាស្ត្រ​កុំព្យូទ័រ (IT) គ្រប់គ្រង​ទីផ្សារ ភស្តុភា (Logistic) អ្នក​បក​ប្រែ​ភាសា​ជប៉ុន និង​មុខដំណែង​ដទៃ​ទៀត​ជាច្រើន។

 

ឱកាស​ការងារ​ជាង ៣០០ កន្លែង កំពុង​រង់ចាំ ក្នុង​​ពិព័រណ៍​ការងារ​នៅ​ CJCC ថ្ងៃ​សៅរ៍​នេះ

 

ស្រប​ពេល​ជាមួយ​នឹង​វិស្សមកាល​ធំ​នេះ ក៏​មាន​តំណែង​អ្នក​ស្ម័គ្រចិត្ត​ជាង​១០០​តំណែង កំពុង​តែ​រង់​ចាំ​និស្សិត ចូល​មក​ហាត់​ការងារ​ជាមួយ​នឹង​ក្រុមហ៊ុន និង​ស្ថាប័ន​ដែល​នឹង​ចូលរួម​ក្នុង​ពិព័រណ៍​ការងារ​នេះ​ផង​ដែរ។ កម្មវិធី នឹង​ចាប់​ផ្ដើម​ពី​ម៉ោង ៨ ព្រឹក ដល់​ម៉ោង ៤ ល្ងាច ក្នុង​បរិវេណCJCC។

 

ក្រៅ​ពី​នេះ នឹង​មាន​សិក្ខាសាលា​ចំនួន​ ៥ ដើម្បី​ជួយ​ពង្រឹង​សមត្ថភាព​សិស្ស និស្សិត និង​សាធារណជន ដើម្បី​ត្រៀម​ខ្លួន​ស្វែង​រក​ការងារ និង​មាន​ចំណេះដឹង​ក្នុង​បំនិន​ជីវិត។

 

សូម​កុំ​ភ្លេច​ភ្ជាប់​មក​ជាមួយ​ប្រវត្តិ​រូប​សង្ខេប (CV) និង​រូបថត​មក​ជាមួយ​ផង! អ្នក​នឹង​មាន​ឱកាស​ទទួល​​សម្ភាសន៍​ចូល​ធ្វើការ​ភ្លាមៗ​ផង​ដែរ។ ព័ត៌មាន​បន្ថែម សូម​ទាក់ទង​អ្នកនាង ណាំ ស៊ូទាង តាម​ទូរសព្ទ 066 515 515 / 096 327 9669

 

អត្ថបទ៖ ដៃ​គូ​សហការ