លោក ហោ បុ​ណ្ណ​វឌ្ឍន៍ ត្រូវ​បាន​តែងតាំង​ជា​ប្រធាន​មន្ទីរ​សេដ្ឋកិច្ច ​និង​ហិរញ្ញវត្ថុ​ ខេត្ត​តាកែវ

លោក ហោ បុ​ណ្ណ​វឌ្ឍន៍ ត្រូវ​បាន​តែងតាំង​ជា​ប្រធាន​មន្ទីរ​សេដ្ឋកិច្ច ​និង​ហិរញ្ញវត្ថុ​ ខេត្ត​តាកែវ



​តាកែវ ៖ កាលពី​ល្ងាច​ថ្ងៃ​ពុធ​ ទី​១៣ ខែ​កក្កដា ឆ្នាំ​២០១៦​ នៅ​ទីចាត់ការ​ផែនការ​ និង​វិនិយោគ​ខេត្ត​តាកែវ បាន​រៀបចំ​ពិធី​ប្រកាស​ចូលកាន់​មុខតំណែង​ប្រធាន​មន្ទីរ​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ខេត្ត​តាកែវ​ថ្មី ដែល​ត្រូវ​ជំនួស​ប្រធាន​មន្ទីរ​ចាស់​ចូល​និវត្ត។

ការប្រកាស​តែងតាំង​មុខតំណែង​ថ្មី​របស់​ប្រធាន​មន្ទីរ​សេដ្ឋកិច្ច ​និង​ហិរញ្ញវត្ថុ​ខេត្តតាកែវ​នេះ មាន​ការ​ចូល​មាន​ជា​អធិបតីភាព​របស់​ឯកឧត្ដម អៀង ស៊ុន​លី អនុរដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច ​និង​ហិរញ្ញវត្ថុ​ ដែល​ជា​តំណាង​ដ៏​ខ្ពង់ខ្ពស់​របស់​ឯកឧត្ដម អូន ព័ន្ធ​មនីរ័ត្ន​ ទេសរដ្ឋមន្ត្រី​រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ ព្រមទាំង​មានការ​ចូលរួម​ពី​មន្ត្រី​ថ្នាក់​ខេត្ត លោក​ប្រធាន​មន្ទីរ​ក្នុង​ខេត្ត យ៉ាង​ច្រើន​កុះករ​ផង​ដែរ។

ថ្លែង​ទៅកាន់​អង្គ​ពិធី​នា​ពេល​នោះ​ដែរ ឯកឧត្ដម អឿង ស៊ុន​លី បាន​ធ្វើ​ការណែនាំ​ឲ្យ​លោក​ប្រធាន​មន្ទីរ​ដែល​ទើប​ទទួល​ការ​តែងតាំង​ថ្មី ត្រូវ​ធ្វើ​យ៉ាងណា​ប្រើប្រាស់ ​និង​ចាយវាយ​ថវិកា​ឲ្យ​ចំ​ខ្ទង់ ជៀសវាង​ការ​ចំណាយ​ណា​ដែល​គ្មាន​តម្លាភាព​។

លោក​បាន​បន្តទៀតថា ការគ្រប់គ្រង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ គឺជា​បញ្ហា​ស្មុគស្មាញ​មួយ​ដែល​ទាមទារ​ឲ្យ​មន្ត្រី​ទាំងអស់​នៅ​ក្នុង​ស្ថាប័ន​មួយ​នេះ​ ត្រូវ​ស្វែងយល់​ឲ្យ​បាន​ច្បាស់លាស់​ពាក់ព័ន្ធ​ទៅ​លិខិត​បទដ្ឋាន​គតិយុត្តិ​នានា​ ដែល​ពាក់ព័ន្ធ​នឹង​វិស័យ​សេដ្ឋកិច្ច​សាធារណៈ​នេះ​ ហើយ​បើ​មន្ត្រី​ទាំង​អស់​មិន​យល់​ច្បាស់​ទេ វា​នឹង​ធ្វើ​ឲ្យ​ការ​ចំណាយ ​ឬ​ការ​ប្រមូល​ចំណូល​ចូល​រដ្ឋ​ នឹង​ជួប​បញ្ហា​ជាក់​ជា​ពុំខាន​។

ពិសេស​បំផុត ​រាល់​ការ​ចំណាយ​នានា ​ត្រូវតែ​ធ្វើ​ឲ្យ​មាន​តម្លាភាព​បំផុត​ ពោល​តម្លៃ​ដែល​បាន​ទិញ ​ត្រូវ​ស្រប​ទៅ​នឹង​តម្លៃ​នៅ​ទីផ្សារ ហើយ​បើ​ការ​ចំណាយ​ណាមួយ​មិន​ត្រឹមត្រូវ ហើយ​ក្រុម​អធិការកិច្ច​ចុះ​មក​ស្រាវជ្រាវ​ឃើញ​ថា​ ពិតជា​មាន​ភាព​មិន​ប្រក្រតី​ពិតប្រាកដ​មែន មន្ត្រី​ពាក់ព័ន្ធ​ត្រូវតែ​ទទួលខុសត្រូវ​ចំពោះ​មុខ​ច្បាប់​។

និយាយ​ជា​រួម​ មន្ត្រី​ទាំងអស់​ធ្វើយ៉ាងណា​ត្រូវ​គ្រប់គ្រង​ចំណូល​ និង​ចំណាយ​របស់​រដ្ឋ​ក្នុង​ស្ថាប័ន​របស់​ខ្លួន​ឲ្យ​បាន​ត្រឹមត្រូវ និង​ត្រូវ​រក​ចំណូល​បង់​ចូល​រដ្ឋ​ឲ្យ​បាន​គ្រប់​ ឬ​លើស​ផែនការ​ដែល​រដ្ឋ​បាន​ដាក់​ចេញ។

ជា​ចុងក្រោយ លោក ហោ បុ​ណ្ណ​វឌ្ឍន៍ ប្រធាន​មន្ទីរ​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ ដែល​ទើប​ទទួល​ដំណែង​ថ្មី បាន​ប្ដេជ្ញា ​និង​ខិតខំ​បំពេញ​ភារកិច្ច​ឲ្យ​បានល្អ​ ដើម្បី​ដឹកនាំ​ស្ថាប័ន​ដែល​ខ្លួន​កំពុង​បម្រើ​ការងារ​នេះ​ប្រកបដោយ​ភាព​ជោគជ័យ​សម្រាប់​បម្រើ​ផលប្រយោជន៍​ដល់​ប្រទេសជាតិ​៕

លោក ហោ បុ​ណ្ណ​វឌ្ឍន៍ ត្រូវ​បាន​តែងតាំង​ជា​ប្រធាន​មន្ទីរ​សេដ្ឋកិច្ច ​និង​ហិរញ្ញវត្ថុ​ ខេត្ត​តាកែវ

លោក ហោ បុ​ណ្ណ​វឌ្ឍន៍ ត្រូវ​បាន​តែងតាំង​ជា​ប្រធាន​មន្ទីរ​សេដ្ឋកិច្ច ​និង​ហិរញ្ញវត្ថុ​ ខេត្ត​តាកែវ

លោក ហោ បុ​ណ្ណ​វឌ្ឍន៍ ត្រូវ​បាន​តែងតាំង​ជា​ប្រធាន​មន្ទីរ​សេដ្ឋកិច្ច ​និង​ហិរញ្ញវត្ថុ​ ខេត្ត​តាកែវ