ក្រុម​ចោរ ​​​គាស់​តូប​ក្នុង​ផ្សារ​ថ្មី​ពោធិ៍សាត់​ លួច​​យក​សម្ភារៈ​អស់​ជាង​៣ពាន់ដុល្លារ

ក្រុម​ចោរ ​​​គាស់​តូប​ក្នុង​ផ្សារ​ថ្មី​ពោធិ៍សាត់​ លួច​​យក​សម្ភារៈ​អស់​ជាង​៣ពាន់ដុល្លារ



ពោធិ៍សាត់ ​៖​ តូប​អាជីវក​ផ្សារ​ថ្មី​ពោធិ៍សាត់​មួយ​កន្លែង​ ​ដែល​លក់​សម្ភារៈ​ជាច្រើន​មុខ​នោះ​ ត្រូវ​បាន​ក្រុម​ចោរ​​ ​ចូល​គាស់​យក​ទៅ​ស្ទើរ​អស់ពី​តូប​ ​គិត​ជា​ទឹក​ប្រាក់ ​ប្រមាណ​៣ពាន់​ដុល្លារ ​​ដោយ​ពុំ​មាន​ការ​រំខាន​​ដល់​កម្លាំង​សន្តិសុខ​ផ្សារ ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ឡើយ។

ហេតុការណ៍​នេះ ​ត្រូវ​បាន​គេ​សង្ស័យ​ថា កើតឡើង​កាលពី​ទៀបភ្លឺ​ថ្ងៃ​ទី​១៤ ខែ​កក្កដា ឆ្នាំ​២០១៦ ស្ថិតនៅ​ផ្សារ​ថ្មី​ពោធិ៍សាត់ ក្នុង​សង្កាត់​ផ្ទះ​ព្រៃ​ ក្រុង​ពោធិ៍សាត់។

មន្ត្រី​នគរបាល​​ប៉ុស្តិ៍​ផ្ទះ​ព្រៃ​​​​ បាន​​ឲ្យ​ដឹង​ថា​ ៖ ​ជនរងគ្រោះ​ជា​អាជីវករ​ ម្ចាស់​តូប​នោះ​ឈ្មោះ​ ស៊ុន បូរី អាយុ​៣១​ឆ្នាំ ភេទ​ប្រុស រស់នៅ​ភូមិ​ឆ្លងកាត់ សង្កាត់​រលាប ក្រុង​ពោធិ៍សាត់។

ម្ចាស់​តូប​រងគ្រោះ ​បាន​និយាយ​ទាំង​ហួសចិត្ត​ប្រាប់​សមត្ថកិច្ច​ថា​ ៖​ តូប​លក់​សម្ភារៈ​របស់​គាត់​ លក់​នៅ​ជួរ​ប៉ែក​​​ខាងជើង​ផ្សារ​ថ្មី​ពោធិ៍សាត់ ដោយ​រូប​គាត់​ទុក​សម្ភារៈ​ក្នុង​តូប​ចាក់​សោ​ចោល​ ពេល​យប់​ហើយ​​មិន​បាន​គិត​ថា​មាន​​អ្វី​កើត​ឡើង​លើ​ទ្រព្យសម្បត្តិ​គាត់​ទេ​ ព្រោះ​មាន​ការការពារ​ពី​សន្តិសុខ​ផ្សារ របស់​ក្រុមហ៊ុន​ដែល​ដេញថ្លៃ​បាន ក្នុង​ការ​បង់​ភាស៊ី ​ការពារ​ត្រឹមត្រូវ នៅ​ជុំវិញ​ផ្សារ​នេះ។ ដោយ​ហេតុ​នេះ​ហើយ ទើប​គាត់​ទុកចិត្ត​ ​ហើយ​ទុក​សម្ភារៈ នៅ​​ក្នុង​តូប​នេះ​​ ​ដូចជា​អាជីវក​ផ្សេងៗ​ទៀត​ដែរ ដោយ​ទុក​ឃ្លុប​តូប​ចាក់​សោ​រាល់​លើក ​​​មិន​មាន​ការ​បាត់​បង់​អ្វី​ដែរ។ លុះ​នៅ​ព្រឹក​ឡើង​ថ្ងៃ​ទី​១៤ ខែ​កក្កដា​ នេះ​ពេល​ដែល​ធ្វើដំណើរ​ពី​ផ្ទះ​មក​ផ្សារ​បើក​តូប​លក់ដូរ​ដូច​សព្វមួយដង​ ក៏​ឃើញ តូប​ត្រូវ​ក្រុម​ចោរ​​​ចូល​លួច​គាស់​យក​សម្ភារៈ​​ ​​​ស្ទើរ​អស់ពី​តូប​តែម្ដង ​​​​ដោយ​គិត​​​​​ជា​ទំហំ​ទឹកប្រាក់​ប្រមាណ​ជា​ជាង​៣​ពាន់​ដុល្លារ។

ជនរងគ្រោះ​ ក៏​ដូចជា​ក្រុម​អាជីវករ មានការ​អាក់អន់ចិត្ត​ និង​ខ្វះ​ទំនុក​ចិត្ត​​​យ៉ាង​ខ្លាំង​ទៅ​លើ​ម្ចាស់​ក្រុមហ៊ុន​ ដែល​ដេញថ្លៃ​ផ្សារ​ថ្មី​​ពោធិ៍សាត់​ ​ក្នុង​ការ​យក​ភាស៊ី​ប្រចាំ​ថ្ង ខែ ឆ្នាំ នេះ​​ ដោយ​ពួកគាត់​បង់​លុយ​ត្រឹមត្រូវ​តាម​សៀវភៅ​បន្ទុក ​​ហេតុ​អី​ក៏ គ្មាន​ការ​ការពារ​ទ្រព្យសម្បត្តិ​អាជីវករ​ឲ្យ​មាន​​សុវត្ថិភាព​ បែបនេះ។ ដូច្នោះ​ ពួកគាត់​សូម​សំណូមពរ​ដល់​លោក​អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ពោធិ៍សាត់​ ដែល​តែងតែ​ចុះ​សួរ​សុខទុក្ខ​​​​​អាជីវករ​តាម​ផ្សារ​រាល់​លើក ​មេត្តា​ពិនិត្យ​លើ​សេវាកម្ម​សន្តិសុខ​ចំពោះ​ក្រុមហ៊ុន​ផ្សារ​នេះ​ផង ព្រោះ​ពួកគាត់​ជា​អាជីវករ​នៅ​ទូទាំង​ខេត្ត​ពោធិ៍សាត់ ​អស់​ទំនុក​ចិត្ត​ទាំង​ស្រុង​ហើយ៕

ក្រុម​ចោរ ​​​គាស់​តូប​ក្នុង​ផ្សារ​ថ្មី​ពោធិ៍សាត់​ លួច​​យក​សម្ភារៈ​អស់​ជាង​៣ពាន់ដុល្លារ