ចោរ​ស្រី​ខ្ចី​ល្ហក់ ​ជំនាញ​វះ​កាបូប និង​លូក​ហោប៉ៅ ត្រូវ​អស់លក្ខណ៍​

ចោរ​ស្រី​ខ្ចី​ល្ហក់ ​ជំនាញ​វះ​កាបូប និង​លូក​ហោប៉ៅ ត្រូវ​អស់លក្ខណ៍​



បាត់ដំបង ៖ ចោរ​ស្រី​ចំនួន​២​នាក់ ដែល​ក្នុង​នោះ​មាន​ម្នាក់ ​គឺជា​ក្តិ​ប​ចោរ ​ដែល​មាន​សាច់​ខ្ចី​ល្ហក់ ត្រូវ​បាន​សមត្ថកិច្ច នៃ​អធិការ​នគរបាល​ក្រុង​បាត់ដំបង ធ្វើការ​ឃាត់ខ្លួន​បាន​ ខណៈ​ដែល​ពួកគេ​ទាំងពីរ​នាក់​កំពុង​ធ្វើ​សកម្មភាព​ជាក់ស្ដែង ក្នុង​ការ​ដើរ​លូក​ហោប៉ៅ​ប្រជាពលរដ្ឋ និង​អាជីវករ​នៅ​តាម​ផ្សារ។​

ថ្មីៗ​នេះ ទាំង​ក្រុម​ចោរប្លន់ ក៏ដូចជា​ចោរលួច នៅពេលដែល​ប្រជាពលរដ្ឋ​ចាប់​បាន​លើ​ករណី​ជាក់ស្ដែង ភាគច្រើន​តែងតែ​ពួកគាត់​កាត់ទោស​នៅនឹងកន្លែង​តែម្ដង​ ដោយ​មិនចាំបាច់​ឲ្យ​សមត្ថកិច្ច​ចាត់​បញ្ជូន​ទៅដល់​តុលាការ​ឡើយ ប៉ុន្តែ​ករណី​មួយ​នេះ​គឺ​ចាត់ទុកថា​ជា​សំណាង​ណាស់ ដែល​ពួកគាត់​មិន​ធ្វើបាប។

អំពើ​លួច​នេះ​បាន​កើតឡើង​នៅ​ថ្ងៃ​ទី​១៤ ខែ​កក្កដា ឆ្នាំ​២០១៦ វេលា​ម៉ោង​៨​និង​៤៥​នាទី​ព្រឹក ត្រង់​ចំណុច​ផ្សា​របឹង​ឈូក ស្ថិត​ក្នុង​ក្រុម​ទី​៤២ ភូមិ​ព្រែក​មហាទេព សង្កាត់​ស្វាយប៉ោ ក្រុង​បាត់ដំបង ខេត្ត​បាត់ដំបង ដែល​បង្ក​ដោយ​ជនសង្ស័យ​ចំនួន​ពីរ​នាក់​ ដែល​ពួកគេ​បានធ្វើ​សកម្មភាព​ដើរ​លូក​ហោប៉ៅ​គេ​នៅតាម​ផ្សារ។​

តាម​សំដី​របស់​ជនរងគ្រោះ​ឈ្មោះ រ៉េត សៅ​រី ភេទ​ស្រី អាយុ​៣០​ឆ្នាំ រស់នៅ​ភូមិ​២០​ឧសភា សង្កាត់​ស្វាយប៉ោ ក្រុង​បាត់ដំបង ដែល​បាន​ដើរចូល​ទៅ​ក្នុង​ផ្សារ ហើយ​ត្រូវ​បាន​ជន​មិន​ស្គាល់​មុខ​លូក​ក្នុង​កាបូប​យក​ទូរស័ព្ទ​ម៉ាក​អាយ​ហ្វូ​ន​សិច ពណ៌​មាស១​គ្រឿង​ និង​ប្រាក់​ចំនួន​៧០​ម៉ឺន​រៀល​។​

ភ្លាមៗ​នៅពេលដែល​ជនរងគ្រោះ​ឆោឡោ ព្រមទាំង​មានការ​សង្ស័យ​ផង​នោះ​ ក៏​មាន​ការ​ជួយ​អន្តរាគមន៍​ពី​សំណាក់​ក្រុម​អាជីវករ​ក្នុង​ផ្សារ ទើប​ឃាត់ខ្លួន​នារី​សង្ស័យ​បាន​ចំនួន​២​​នាក់ ព្រមទាំង​បាន​ប្តឹង​ទៅ​សមត្ថកិច្ច​ដើម្បី​នាំ​ខ្លួន​យក​ទៅ​សាកសួរ ដោយ​ពួកគេ​ទាំងពីរ​នាក់​នោះ​មានឈ្មោះ ទូច នាង ភេទ​ស្រី អាយុ​៣៧​ឆ្នាំ និង​ឈ្មោះ​ សុខ ច្រឹប ​ភេទ​ស្រី អាយុ​១៦​ឆ្នាំ អ្នក​ទាំងពីរ​រស់នៅ​ភូមិ​ត្រពាំង​លើ​ក ឃុំ​ត្រពាំង​លើក ស្រុក​បាទី ខេត្ត​តាកែវ។

បច្ចុប្បន្ន ដោយ​យោង​ទៅលើ​វត្ថុតាង និង​ចំលើយ​សារភាព គឺ​នារី​ដែល​ជា​ជនសង្ស័យ​ទាំងពីរ​នាក់ ត្រូវ​បាន​សមត្ថកិច្ច​ នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​បាត់ដំបង កំពុង​កសាង​សំណុំរឿង​ដើម្បី​បញ្ជូន​ទៅ​ជំនាញ​ចាត់ចែង​តាម​ផ្លូវ​ច្បាប់៕