ត្រី​ខូចគុណភាព នៅតែ​បន្ត​ហូរ​ចូល​មក​កម្ពុជា តាម​ច្រក​គីឡូ​១៣ ​គ្មាន​ស្រាក​

ត្រី​ខូចគុណភាព នៅតែ​បន្ត​ហូរ​ចូល​មក​កម្ពុជា តាម​ច្រក​គីឡូ​១៣ ​គ្មាន​ស្រាក​



បាត់ដំបង ៖ ត្រី​ចំនួន​៣​ប្រភេទ ដែល​គេ​និយម​យក​មក​កែច្នៃ​ធ្វើជា​អាហារ​ផ្សេងៗ​ នៅតែ​បន្ត​ការ​នាំ​ចូល​មក​កម្ពុជា​យ៉ាង​សន្ធឹកសន្ធាប់ តាម​ច្រក​តំបន់​គីឡូ​១៣ ដែល​ស្ថិត​ក្នុងស្រុក​សំពៅ​លូន ​ខេត្ត​បាត់​ដំបង ដោយ​គ្មាន​ស្រាកស្រាន្ត ក្រោម​រូបភាព​ថា​ យក​ទៅ​ឲ្យ​សត្វ​ក្រពើ​ស៊ី​ នេះ​ក៏ដោយ​សារ​តែ​មាន​ការ​បើក​ភ្លើង​ខៀវ​ពី​សំណាក់​មន្ត្រី​គយ និង​មន្ត្រី​កាំកុងត្រូល​ ដែល​ឈរជើង​ប្រចាំ​ច្រក​តំបន់​នោះ​ផង​ដែរ បើទោះបីជា​ត្រី​ទាំងនេះ​ស្ថិត​ក្នុង​សភាព​បាក់សាច់ ឬក៏​មានគុណ​ភាព​អន់​យ៉ាងណាក៏ដោយ។ កន្លងមក​គេ​តែង​សង្កេត​ឃើញ​ថា មេ​ឈ្មួញ​ធំៗ​ដែល​ជា​អ្នកជំនួញ​រកស៊ី​ចេញចូល​តាម​ច្រក​

តំបន់​គីឡូ​១៣ ដែល​ស្ថិត​ក្នុងស្រុក​សំពៅ​លូន ហាក់បីដូចជា​មានការ​ត្រូវរ៉ូវ​គ្នា​យ៉ាង​ស្អិត​រ​មួ​ត​ជា​មួយ​នឹង​មន្ត្រី​គយ ក៏ដូចជា​មន្ត្រី​របស់​អង្គភាព​កាំកុងត្រូល​យ៉ាង​ដូច្នេះ​ដែរ ព្រោះ​ការ​នាំ​ចូល​ត្រី​ដែល​អន់​គុណភាព​ពី​ប្រទេស​ថៃ មក​កម្ពុជា វា​ហាក់បីដូច​ជាមាន​ភាព​ធូររលុង និង​យ៉ាង​រលូន​ថែម​ទៀត​ផង ដោយ​ក្រុម​អូស​រទេះ​គ្រាន់តែ​ញាក់ភ្នែក ឬក៏​ស្រែក​មួយ​ម៉ាត់​ថា « ជា​របស់​ចែ​នេះ ឬ​ចែ​នោះ មក​តាម​ក្រោយ » គឺ​វា​ជា​ការ​ស្រេច ដោយ​ពួក​ក្រុម​ជំនាញ​ដែល​អង្គុយ​ចាំ​កត់ត្រា​នូវ​ចំនួន​រទេះ​របស់​ឈ្មួញ​បើកផ្លូវ​ឲ្យ​ចូល​យ៉ាង​ស្រួល​ ដោយ​មិនចាំបាច់​ត្រួតពិនិត្យ​ទៅលើ​ត្រី​ទាំងនោះ​ថា តើ​ការ​បើកចំហ​ឲ្យ​នាំចូល​ត្រី​ដែល​អន់​គុណភាព​ចូល​មក​កម្ពុជា​បែបនេះ វា​អាច​ប៉ះពាល់​ដល់​សុខភាព​របស់​ប្រជាពលរដ្ឋ​​ដែរឬទេ?

បន្ទាប់ពី​ក្រុម​អូស​រទេះ បាន​អូស​ឆ្លង​ព្រំដែន​ចូល​មកដល់​ក្នុង​ទឹកដី​ស្រុក​សំពៅ​លូន​ហើយ​នោះ គឺ​ពួកគេ​ចាប់ផ្ដើម​ផ្ទេរ​ទំនិញ​ទាំងនេះ​ដាក់​លើ​រថយន្ត​ដើម្បី​ដឹក​ឆ្ពោះទៅកាន់​ក្រុង​បាត់ដំបង ​យក​ទៅ​បោះ​ឲ្យ​ម៉ូយ​ដែល​ជា​អ្នក​កែច្នៃ​ធ្វើជា​ចំណីអាហារ​ផ្សេងៗ ចំណែក​ត្រី​នៅ​ឯ​ព្រំដែន ​គឺ​ត្រី​ណា​ដែល​ខូច​គុណភាព​ គឺ​ក្រុម​ជំនាញ​គេ​ប្រើ​ភាសា​ថា​ គេ​យក​ទៅ​ឲ្យ​ក្រពើ​ស៊ី ប៉ុន្តែ​ធាតុ​ពិត​ គឺ​គេ​យក​ទៅ​កែច្នៃ​ឲ្យ​មនុស្ស​ស៊ី​សោះ ដោយសារ​តែ​វិធីសាស្ត្រ​ នៃ​ការកែច្នៃ​ដ៏​ជំនាញ​របស់​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្នុង​តំបន់​ភូមិ​ព្រែក​ខ្ពប ​ឃុំ​ព្រែក​ខ្ពប និង​ភូមិ​ស្តី​ក្រោម ឃុំ​រហាល​សួង ស្រុក​ឯក​ភ្នំ គេ​បាន​បំភ្លៃ​ពី​សាច់​ត្រី​ត្រសក់​ដែល​ពោរពេញ​ដោយ​ឆ្អឹង ព្រមទាំង​មាន​តម្លៃ​ថោក ឲ្យ​ទៅ​ជា​ណែម​ត្រី ឬក៏​ទៅជា​សង្វាក់​ជា​ដើម ដែល​ជា​ការ​ពេញ​និយម​របស់​អ្នកផង​ទាំងឡាយ ដែល​ត្រី​ទាំង​៣​ប្រភេទ​នោះ​រួមមាន ត្រី​ទី​ឡាប់​ត្យា ត្រី​ត្រសក់ និង​ត្រី​ប្រា។

ជាក់ស្ដែង កាលពី​ម្សិលមិញ​នៅ​ក្បែរ​ច្រក​តំបន់​គីឡូ​១៣ ស្ថិត​ក្នុង​ស្រុក​សំពៅ​លូន​ មាន​ប្រភព​ច្បាស់​ការណ៍​មួយ​បាន​រាយការណ៍​មក​ថា ត្រី​ទាំងនេះ​កំពុង​សម្រុក​ដឹក​ចូល​មក​ទាំង​រទេះៗ ហើយ​បាន​យក​មក ​គ ​ទុក ​រង់ចាំ​រថយន្ត​ចូល​ទៅ​ដឹក ព្រមទាំង​រង់ចាំ​ការ​ដឹក​ទឹកកក​យក​មក​ក្លាសេ​ឲ្យ​រឹង​សាច់​ផង ព្រោះ​នៅ​ពេល​ដែល​គេ​ដឹក​មកដល់​ភ្លាម គឺ​ពួកគាត់​ស្ទើរតែ​ដើរ​ទៅ​ជិត​មិនបាន​នឹង​ក្លិន​របស់​វា ដោយសារតែ​ត្រី​ទាំងនេះ​មាន​សភាព​អន់សាច់ ​និង​ខូចគុណភាព ដូច្នេះ​ការដែល​កម្លាំង​ជំនាញ​មាន​ការ​ឃុបឃិត​គ្នា​ជាមួយនឹង​មេ​ឈ្មួញ​បែបនេះ គឺ​បន្ទុក​ នៃ​គ្រោះថ្នាក់​ប្រាកដជា​ធ្លាក់​ទៅលើ​ប្រជាពលរដ្ឋ​ដែល​ជា​អ្នក​បរិភោគ​ជាមិនខាន ហើយ​ការ​ដឹកជញ្ជូន​ត្រី​ទាំងនេះ​ចូល​មក​ក្រុង​បាត់ដំបង ត្រូវ​បាន​គេ​ធ្វើឡើង​រាល់ថ្ងៃ គ្មាន​ថ្ងៃ​ណា​ចន្លោះ​ឡើយ។

ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ កម្ពុ​ជាថ្មី បាន​ព្យាយាម​ទាក់ទង​តាមរយៈ​ទូរស័ព្ទ​ទៅ​លោក ជា វុទ្ធី​ ប្រធាន​គយ ប្រចាំ​ច្រក​តំបន់​គីឡូ​១៣​ដែរ ប៉ុន្តែ​យើង​មិនអាច​ធ្វើការ​ទាក់ទង​បានទេ​ ដោយ​ទូរស័ព្ទ​មិន​ដំណើរការ៕

ត្រី​ខូចគុណភាព នៅតែ​បន្ត​ហូរ​ចូល​មក​កម្ពុជា តាម​ច្រក​គីឡូ​១៣ ​គ្មាន​ស្រាក​

ត្រី​ខូចគុណភាព នៅតែ​បន្ត​ហូរ​ចូល​មក​កម្ពុជា តាម​ច្រក​គីឡូ​១៣ ​គ្មាន​ស្រាក​