អនុ​សាខា​កាកបាទ​ក្រហម​កម្ពុជា​ ខណ្ឌ​សែន​សុខ​ ធ្វើ​​ពិធី​បរិច្ចាគ​ឈាម​ ដោយ​ស្ម័គ្រចិត្ត

អនុ​សាខា​កាកបាទ​ក្រហម​កម្ពុជា​ ខណ្ឌ​សែន​សុខ​ ធ្វើ​​ពិធី​បរិច្ចាគ​ឈាម​ ដោយ​ស្ម័គ្រចិត្ត



ភ្នំពេញ​ ៖ ​អនុ​សាខា​កាកបាទ​ក្រហម​កម្ពុជា​ខណ្ឌ​សែនសុខ ​សហការ​ជាមួយ​ មជ្ឈមណ្ឌល​ជាតិ​​ផ្ដល់​ឈាម បាន​​ប្រារព្ធ​កម្មវិធី​បរិច្ចាគ​ឈាម​ ដោយ​ស្ម័គ្រចិត្ត ​ក្រោម​ប្រធានបទ​ “​ចែករំលែក​ជីវិត​ សូម​បរិច្ចាគ​ឈាម​” Share Life ,Give Blood” កាលពី​ព្រឹក​ថ្ងៃ​ទី​១៤ ខែ​កក្កដា ឆ្នាំ​២០១៦ ក្រោម​អធិបតីភាព លោក​ប៉ឹ​ល កុសល ប្រធាន​កិត្តិយស អនុ​សាខា​កាកបាទ ក្រហម​កម្ពុជា ​ខណ្ឌ​សែន​សុខ​ និង​ជា​អភិបាលខណ្ឌ​ផង និង​ លោក​យស ផាន់ មេត្តា ប្រធាន​ អនុ​សាខា​កាកបាទ​ក្រហម​កម្ពុជា ​រាជធានី​ភ្នំពេញ ​ព្រម​ទាំង​លោក​ហុក គឹម​ចេង​ ប្រធាន​មជ្ឈមណ្ឌល​ជាតិ​ផ្ដល់​ឈាម​កម្ពុជា។

លោក​ប៉ឹល កុសល បាន​មាន​ប្រសាសន៍​ថា នៅ​ក្នុង​ពិធី​នេះ​ តាម​គម្រោង​មាន​អ្នក​មក​ចូលរួម​បរិច្ចាគ​ឈាម​ចំនួន​៥០០​នាក់ ​​ក្នុង​នោះ​មាន​សិស្សសាលា​ មន្ត្រីរាជការ​ ទូទាំង​ខណ្ឌ ​និង​កងកម្លាំង​សមត្ថកិច្ច​ព្រមទាំង​ព្រះសង្ឃ​ផង​ដែរ។ លោក​បន្ត​ថា ការ​បរិច្ចាគ​ឈាម​គឺជា​ការ​ជួយ​សង្គ្រោះ​ជីវិត​មនុស្ស​ ហើយ​លោក​បាន​អំពាវនាវ​សូម​ឲ្យ​បងប្អូន​ប្រជាជន​ទាំង​អស់​មេត្តា​ចូលរួម​បរិច្ចាគ​ឈាម​ ដោយ​ស្ម័គ្រចិត្ត​នៅ​ទូទាំង​ប្រទេស។

លោក​ហុក គឹម​ចេង ប្រធាន​មជ្ឈមណ្ឌល​ជាតិ​ផ្តល់​ឈាម​កម្ពុជា ​បាន​មានប្រសាសន៍ថា ​ជា​រៀងរាល់ថ្ងៃ​មជ្ឈមណ្ឌល​ជាតិ​ផ្ដល់​ឈាម ​បាន​ចំណាយ​ឈាម​ជា​មធ្យម​ចំនួន​១៥០​ប្លោក​ ឡើង​​ទៅ​ ក្នុង​១​ថ្ងៃ​ៗ ​ដើម្បី​ជួយ​​សង្គ្រោះ​ជីវិត​មនុស្ស​ ដែល​កំពុង​រងគ្រោះ ​ដោយ​ជំងឺ​ផ្សេងៗ​ នៅ​តាម​មន្ទីរពេទ្យ នានា។ លោក​បាន​បន្ត​ថា ​ដើម្បី​​ជួយ​សង្គ្រោះ​ជីវិត​មនុស្ស​​យើង​​ចាំបាច់​ ត្រូវតែ​ស្វែងរក​ការ​ផ្តល់​ឈាម​ដោយ​ស្ម័គ្រចិត្ត​ពី សប្បុរសជន​នានា ​ហើយ​​លោក​ក៏បាន​​ធ្វើ​ការ​អំពាវនាវ ជាទូទៅ​ដល់​បងប្អូន​ប្រជាពលរដ្ឋ ទាំងអស់​សូម​ចូលរួម​ផ្តល់​ឈាម ​ដោយ​ការ​ស្ម័គ្រចិត្ត។

លោក​យស់ ផាន់​មេត្តា ប្រធាន​អនុ​សាខា​កាកបាទក្រហម​​​កម្ពុជា រាជធានី​ភ្នំពេញ បាន​មាន​ប្រសាសន៍​ថា តាម​របាយការណ៍​​យើង​ត្រូវការ​ឈាម​ដើម្បី​សង្គ្រោះ​ជីវិត​មនុស្ស​ចំនួន​២០០​ប្លោក ក្នុង​១​ថ្ងៃ​ៗ​ ​ហើយ​មាន​ប្រជាជន​តិចតួច​ណាស់​ ដែល​បាន​ចូលរួម​បរិច្ចាគ​ឈាម ​ដោយ​ការ​ស្ម័គ្រចិត្ត ទូទាំង​ប្រទេស ដែល​មាន​មិន​ដល់​១​ភាគរយ​ផង​នៃ​អ្នកចូលរួម។ ដើម្បី​​សង្គ្រោះ​ជីវិត​មនុស្ស​សូម​ចូលរួម​ផ្តល់​ឈាម​ទាំង​អស់​គ្នា​ ដោយ​ស្ម័គ្រចិត្ត៕

អនុ​សាខា​កាកបាទ​ក្រហម​កម្ពុជា​ ខណ្ឌ​សែន​សុខ​ ធ្វើ​​ពិធី​បរិច្ចាគ​ឈាម​ ដោយ​ស្ម័គ្រចិត្ត