ប្រធានាធិបតីពូទីនដកតំណែងមេបញ្ជាការកងពលសមុទ្របាល់ទិកទាំងអស់

មន្ត្រីយោធាប្រចាំនៅសមុទ្របាល់ទិក រហូតដល់៥០រូបត្រូវបានប្រធានាធិបតីពូទីនដកហូតតំណែងក្នុងនោះមានអគ្គមេបញ្ជាការរងលោក Wiktor Kravchuk និងលោក Sergei Popovផងដែរ។ ការដកហូតតំណែងខាងលើនេះជាទ្រង់ទ្រាយធំបំផុតមិនធា្លប់មាននៅក្នុងជួរកម្លាំងទាហានជើងទឹករុស្សុីចាប់តាំងពីឆ្នាំ១៩៥០មកទល់ពេលនេះ។ កងពលឈរជើងនៅសមុទ្របាល់ទិកភាគខាងលិចរុស្ស៊ីជាកងពលមួយក្នុងចំណោម៤កងពលធំៗរបស់ទាហានជើងទឹកប្រទេសនេះ។

ក្រសួងការពារជាតិរុស្ស៊ីបានប្រកាសថា មេដឹកនាំកម្លាំងទាហានជើងទឹកស្ថិតនៅក្នុងកងពលបាល់ទិកដែលត្រូវបានដកហូតតំណែងដោយសារតែមិនយកចិត្តទុកដាក់ក្នុងការហ្វឹកហាត់កម្លាំងទាហានប្រយុទ្ធ និងបំភ្លៃការពិតពីសមត្ថភាពយោធាពេលផ្តល់ព័ត៌មានទៅកាន់ថ្នាក់លើ។

ហេតុការណ៍ដកហូតតំណែងខាងលើ របស់រដ្ឋាភិបាលលោកពូទីនកើតឡើងក្រោយពេលដែលក្រុមអ្នកស្រាវជ្រាវបានបើកការស៊ើបអង្កេតតាំងពីថ្ងៃទី១១ ខែឧសភាដល់ថ្ងៃទី១០ ខែមិថុនា។ ប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ីបានផ្សាយថា ការដកហូតតំណែងខាងលើកើតឡើង ក្រោយពេលមានគ្រោះថ្នាក់នាវាមុជទឹកហើយត្រូវបានបិទបាំងព័ត៌មាន ព្រមទាំងធ្វេសប្រហែសក្នុងការជ្រើសរើសកម្លាំងយោធានិងគម្រោងកសាងយោធាឲ្យរឹងមាំ។តាមរបាយការណ៍ក្នុងតំបន់មេបញ្ជាការកងពលបាល់ទិកព្យាយាមលាក់បាំងរឿងប៉ះទង្គិចគ្នារវាងនាវាមុជទឹក Krasnodar ជាមួយនាវារបស់ប្រទេសប៉ូឡូញពេលកំពុងហ្វឹកហាតធ្វើឲ្យមន្ត្រីការពារជាតិ ពិសេសគឺលោកពូទីនខឹងសម្បាយ៉ាងខ្លាំង។

តាមរបាយការណ៍បានបញ្ជាក់ថា ភាពចលាចលនៅក្នុងជួរដឹកនាំមេបញ្ជាការកង ពលបាល់ទិកកើតចេញពីការធ្វេសប្រហែស ហើយក៏ជាការដកហូតតំណែងទ្រង់ទ្រាយធំបំផុតមិនធ្លាប់មានពីមុនមក ។ កងពលបាល់ទិកដើរតួនាទីយ៉ាងសំខាន់សម្រាប់ទាហានរុស្ស៊ីទាំងមូល ហើយក៏ជាទីតាំងមានវិវាទជាមួយអឺរ៉ុបនិងអាមេរិកផងដែរ ។ ការធ្វេសប្រហែសទាំងនោះហើយធ្វើឲ្យលោកពូទីនត្រូវដកហូតតំណែងមន្ត្រីយោធាទាំងអស់នៅទីនោះ។

នៅក្នុងព្រឹត្តិការណ៍មួយផ្សេងទៀតដែលពាក់ព័ន្ធនឹងសមុទ្របាល់ទិកនោះដែរ រដ្ឋមន្ត្រីក្រសួងការពារជាតិរុស្ស៊ីបានបញ្ជាឲ្យតាក់តែងវិធានការជឿទុកចិត្តគ្នាឆ្ពោះទៅបង្កើនសុវត្ថិភាពនៃការហោះហើរយន្តហោះយោធាលើតំបន់សមុទ្របាល់ទិក បន្ទាប់ពីមានកើតឡើងជាឧប្បត្តិហេតុផ្ទួនៗ បង្កើនភាពតានតឹងរវាងរុស្ស៊ីនឹងអូតង់។វិធានការដែលរុស្ស៊ីនឹងស្នើទៅអូតង់ក្នុងជំនួបទ្វេភាគីមួយលើកថ្មីនៅថ្ងៃទី១៣ ខែ កក្កដា ក្នុងក្រុងប្រ៊ុចសែល។

ក្នុងសេចក្តីជូនដំណឹងរបស់ក្រសួងការពារជាតិរុស្ស៊ីមានលើកឡើងថា ការតាក់តែងនេះប្រព្រឹត្តទៅតាមការយកចិត្តទុកដាក់របស់ប្រមុខក្រសួងនេះគឺលោកនាយឧត្តមសេនីយ៍ Serguei Shoighou។ សាច់រឿងគឺអំពីចង្កោមវិធានការបច្ចេកទេសឆ្ពោះទៅពង្រឹងសន្តិសុខនៃការហោះហើរនៅពីលើសមុទ្របាល់ទិក។

មូលហេតុមកពី៣ប្រទេសបាល់ទិកគឺ លីទុយអានី ឡេតូនី អេស្តូនី ដែលជាសមាជិកអូតង់នៅជិតខាងនឹងរុស្ស៊ីហើយ ប៉ុន្មានខែចុងក្រោយនេះតែងចោទរុស្ស៊ីជារឿយៗថា បានរំលោភដែនអាកាសខ្លួនហើយបញ្ជាយន្តហោះយោធារុស្ស៊ីឲ្យហោះពីលើសមុទ្របាល់ទិក ដោយពន្លត់ប្រដាប់អេឡិចត្រូនិកហៅថា Transpondeurs ដែលមាន ដំឡើងក្នុងយន្តហោះហើយអនុញ្ញាតឲ្យរ៉ាដាកំណត់អត្តសញ្ញាណយន្តហោះនោះ ព្រមទាំងបញ្ចៀសកុំឲ្យមានការប៉ះទង្គិចគ្នា។

លោករដ្ឋមន្ត្រីការពារជាតិរុស្ស៊ីបានតម្រូវឲ្យពិនិត្យមើលវិធានការដែលនាំទៅកាន់ការប្រើខានមិនបានឡើយប្រដាប់ Transpondeurs ប្រសិនបើពួកប្រទេសអូតង់ចាត់វិធានការបែបនេះដែរ។ បច្ចុប្បន្នភាគីរុស្ស៊ីពិនិត្យមើលវិធីបញ្ចូលបញ្ហាធានាសន្តិសុខសម្រាប់ការហោះហើរលើសមុទ្របាល់ទិកទៅក្នុងរបៀបវារៈនៃជំនួបរវាងតំណាងអចិន្ត្រៃយ៍របស់រុស្ស៊ី-អូតង់ នៅក្នុងក្រុមប្រឹក្សាឯកតោភាគីដែលគ្រោងប្រព្រឹត្តទៅនៅថ្ងៃ១៣ ខែកក្កដា គឺបន្ទាប់ពីជំនួបកំពូលអូតង់នៅក្រុងវ៉ាសូវី ថ្ងៃទី៨-៩ ខែ កក្កដា ឆ្នាំ២០១៦។

ថ្ងៃទី១កក្កដា ឆ្នាំ២០១៦ លោកពូទីន ប្រធានាធិបតីរុស្ស៊ីនៅក្នុងសន្និសីទកាសែតរួមជាមួយសមភាគីហ្វាំងឡង់នៅក្រុងហែលសាំងគី បានថ្លែងថា រុស្ស៊ីគាំទ្រដល់សំណើហ្វាំងឡង់ដែលហាមការហោះហើរណាក៏ដោយនៃយន្តហោះដែលពន្លត់មិនឲ្យដើរប្រដាប់អេឡិចត្រូនិក Transpondeurs ក្នុងយន្តហោះពន្លត់នេះគឺដើម្បីលាក់បាំងអត្តសញ្ញាណយន្តហោះតែម្តង ។ មិនតែ ប៉ុណ្ណោះលោក ពូទីន រំលឹកថា មិនមែនតែ យន្តហោះរុស្ស៊ីទេ តែក៏ទាំងគ្រប់យន្តហោះរបស់ប្រទេសអូតង់ដែលតែងហោះលើសមុទ្របាល់ទិកដោយបិទមិនឲ្យដើរឡើយប្រដាប់ Transpondeurs។

តាមតួលេខលោកប្រមុខរដ្ឋរុស្ស៊ីយន្តហោះអូតង់ហោះប្រតិបត្តិការលើសមុទ្របាល់ទិក ក្នុងចំនួនដល់ទៅ២ដងច្រើនជាងយន្តហោះរុស្ស៊ី។ ជាការកត់សម្គាល់តាំងពីមានវិបត្តិកើតឡើងនៅអ៊ុយក្រែនជាងពីរឆ្នាំមុនមកអូតង់ និង រុស្ស៊ីបានរួមប្រជុំគ្នា ទើបបានមួយលើកប៉ុណ្ណោះ គឺកាលពីថ្ងៃទី២០ ខែកក្កដាឆ្នាំ ២០១៥៕

ប្រធានាធិបតីពូទីនដកតំណែងមេបញ្ជាការកងពលសមុទ្របាល់ទិកទាំងអស់

ប្រភព៖ nokorwatnews

  • ប្រធានាធិបតីពូទីនដកតំណែងមេបញ្ជាការកងពលសមុទ្របាល់ទិកទាំងអស់已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/07/14  Category:ជីវិតនិងសង្គម
Tags: