លោក​ជា ​ពិសី​ អញ្ជើញ​ចូលរួម​ក្នុង​ពិធី​បើក​ការដ្ឋាន​ស្ថាបនា​ផ្លូវ​១​ខ្សែ​ និង​លូ​១​ខ្សែ​ នៅ​សង្កាត់​ទួល​សង្កែ

លោក​ជា ​ពិសី​ អញ្ជើញ​ចូលរួម​ក្នុង​ពិធី​បើក​ការដ្ឋាន​ស្ថាបនា​ផ្លូវ​១​ខ្សែ​ និង​លូ​១​ខ្សែ​ នៅ​សង្កាត់​ទួល​សង្កែ



ភ្នំពេញ ​៖​ កាលពី​ព្រឹក​ថ្ងៃ​ទី​១៣ ​ខែ​កក្កដា ​ឆ្នាំ​២០១៦ លោក ជា ពិសី អភិបាលខណ្ឌ​ឫស្សីកែវ បាន​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​បើ​ការដ្ឋាន​ស្ថាបនា​ផ្លូវ​១​ខ្សែ​ នៅ​ភូមិ​ទួលគោក សង្កាត់​ទួល​សង្កែ​ខណ្ឌ​ឫស្សីកែវ​ ដែល​មានការ​ចូលរួម​ពី លោក​កូប ស្លេះ អភិបាលរងខណ្ឌ ចៅសង្កាត់​ទួល​សង្កែ ​លោក​សយ កុសល លោកស្រី អាន ផល្លា ប្រធាន​សមាគម​​នារី​ខណ្ឌ​រួម​ទាំង​មន្ត្រី​ក្រោម​ឱវាទ និង​ប្រជាពលរដ្ឋ​ជាច្រើន​នាក់។

ការ​ដំណើរការ នៃ​ការស្ថាបនា​ផ្លូវ​បេតុង និង​ប្រព័ន្ធ​លូ នេះ​ស្ថិត​ក្នុង​ក្រុម​១៤-១៥-​និង​១៦ ម្តុំ​គង្គាផុស ភូមិ​ទួលគោក​ សង្កាត់​ទួល​សង្កែ ខណ្ឌឫស្សីកែវ។

លោក​សយ​ កុសល បាន​មានប្រសាសន៍ថា តម្រូវការ​របស់​ប្រជាពលរដ្ឋ​នា​រដូវ​វស្សា ដែលមាន​អាទិភាព​ប្រើប្រាស់​ក្នុង​គម្រោង​មូលនិធិ​សង្កាត់​ឆ្នាំ​២០១៦ និង​ដោយមាន​ការអនុញ្ញាត​ពី​លោក ជា ពិសី អភិបាលខណ្ឌ ដើម្បី​ប្រើប្រាស់​គម្រោង​មូលនិធិ​របស់​ខណ្ឌ​ឆ្នាំ​២០១៦​ផង​នោះ មាន​ប្រព័ន្ធ​លូ​ប្រវែង​៤៣០​ម៉ែត្រ​គុណ​នឹង​០,៨​ម៉ែត្រ និង​ផ្លូវ​បេតុង​ឆ្អឹង​ដែក​ប្រវែង​២២៧​ម៉ែត្រ​គុណ​ នឹង​៥​ម៉ែត្រ កម្ពស់​០,១៥​ម៉ែត្រ ជា​មូលនិធិ​របស់​សាលា​ខណ្ឌ​ឫស្សីកែវ និង​ប្រព័ន្ធ​លូ​ប្រវែង​៣៣៩​ម៉ែត្រ​គុណ​នឹង​០,៨ ផ្លូវ​បេតុង​គ្មាន​សរសៃ​ដែក​ប្រវែង​៩១​ម៉ែត្រ​គុណ​នឹង​៤​ម៉ែត្រ ជា​មូលនិធិ​របស់​សាលាសង្កាត់​ទួល​សង្កែ​ ត្រូវ​បើក​ការដ្ឋាន​ជា​ផ្លូវការ​នៅ​ព្រឹក​ថ្ងៃនេះ។

ជាមួយគ្នា​នោះ លោក កូប ស្លេះ អភិបាលរងខណ្ឌ​ឫស្សីកែវ​ក៏បាន​លើកឡើង​ដែរ​ថា តំបន់​មួយចំនួន​ក្នុង​ខណ្ឌឫស្សីកែវ ដែល​កំពុង​ទទួលរង​ទឹក​លិច​ផ្លូវ ដែល​មាន​ផល​លំបាក ក្នុងការ​ធ្វើដំណើរ​របស់​បង​ប្អូន ប្រជាពលរដ្ឋ​នោះ​រួមមាន ដូចជា វត្ត​ញាណ​រង្សី ភូមិ​ដើម​ខ្វិត​ និង​ភូមិ​ផ្សារ​តូច ជាពិសេស​គឺ​ភូមិ​គង្គា​​ផុស​នេះ​តែម្ដង ព្រោះ​ស្ថិត​ក្នុង​គម្រោង​ជា​អាទិភាព ដែល​ត្រូវ​សិក្សា​ដើម្បី​បន្ត​ស្ថាបនា។

ជាមួយគ្នា​នោះ​ដែរ​អភិបាលខណ្ឌ លោក ជា ពិសី បាន​ថ្លែង​ទៅកាន់​ប្រជាពលរដ្ឋ​ថា ពិតជា​ប្លែក​ណាស់​ពី​មួយថ្ងៃ​ទៅ​មួយ​ថ្ងៃ ខណៈ​តំបន់​មួយ​ចំនួន ក្នុង​ភូមិ​សាស្ត្រ​ខណ្ឌ​ឫស្សីកែវ ភាគច្រើន​សុទ្ធសឹងតែ​ជា​ព្រៃ​ត្រែង ត្រឹម​មួយ​ប៉ប្រិច​ភ្នែក បាន​ប្រែក្លាយ​ទៅជា​កន្លែង​កំសាក​សប្បាយ មាន​ផ្លូវថ្នល់​ល្អ​អាគារ​តូច​ធំ​ទាប​ខ្ពស់ បាន​កើត​ឡើងជា​បន្តបន្ទាប់​​ ក៏​ព្រោះតែ​ប្រទេស​កម្ពុជា​របស់​យើង បាន​ទទួល​សុខសន្តិភាព ពី​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៣ របស់​រាជរដ្ឋាភិបាល​កម្ពុជា ដែល​មាន​សម្ដេច​តេ​ជោ ហ៊ុន សែន ជា​ប្រមុខ​ដឹកនាំ​ដ៏​ប៉ិនប្រសប់ និង​ឈ្លាសវៃ។

លោក ក៏បាន​សំណូមពរ​ដល់​ប្រជាពលរដ្ឋ​ ដែល​ប្រើប្រាស់​ផ្លូវ​នេះ ឲ្យ​ជួយ​ថែរក្សា​ទាំងអស់​ទើប​ប្រើ​បាន​យូរ​អង្វែង និង​សុំ​ការយោគយល់​ពី​បងប្អូន​ប្រជាពលរដ្ឋ​ ដែល​រស់នៅ​ក្បែរ​សងខាង​ផ្លូវ​ បើ​មាន​ការ​ប៉ះពាល់​តិចតួច​ សូម​អភ័យទោស​ផង ព្រោះ​ការអភិវឌ្ឍ​​តែងតែ​ជួប​នឹង​បញ្ហា​តិចតួច​ហើយ៕

លោក​ជា ​ពិសី​ អញ្ជើញ​ចូលរួម​ក្នុង​ពិធី​បើក​ការដ្ឋាន​ស្ថាបនា​ផ្លូវ​១​ខ្សែ​ និង​លូ​១​ខ្សែ​ នៅ​សង្កាត់​ទួល​សង្កែ

លោក​ជា ​ពិសី​ អញ្ជើញ​ចូលរួម​ក្នុង​ពិធី​បើក​ការដ្ឋាន​ស្ថាបនា​ផ្លូវ​១​ខ្សែ​ និង​លូ​១​ខ្សែ​ នៅ​សង្កាត់​ទួល​សង្កែ