Smart បោះ​ទុន​៧៥​លាន​ដុល្លារ​បន្ថែម ដើម្បី​បង្កើន​ល្បឿន​សេវា​អ៊ីនធឺណិត​ឲ្យ​កាន់តែ​លឿន

Smart បោះ​ទុន​៧៥​លាន​ដុល្លារ​បន្ថែម ដើម្បី​បង្កើន​ល្បឿន​សេវា​អ៊ីនធឺណិត​ឲ្យ​កាន់តែ​លឿន



ភ្នំពេញ ៖ ក្រុមហ៊ុន Smart នឹង​បន្ត​វិនិយោគ​យ៉ាងហោចណាស់​៧៥​លាន​ដុល្លារ​អាមេរិក​បន្ថែម​ទៀត​នៅ ឆ្នាំ​២០១៦​នេះ ដើម្បី​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​បណ្ដាញ​អ៊ីនធឺណិត និង​ពង្រីក​សេវា 4G LTE របស់​ខ្លួន​នៅ​ទូទាំង​ប្រទេស​ បន្ទាប់ពី​បាន​បំពាក់​សេវា 3.75G ជោគជ័យ​រហូតដល់​100% នៅ​គ្រប់​ស្ថានីយ​ផ្សាយ​របស់​ខ្លួន​។ ​នេះ​បើ​យោង​តាម​សេចក្ដីប្រកាស​ព័ត៌មាន​ចេញផ្សាយ​កាលពី​ថ្ងៃ​ទី​១៤​ ខែ​កក្កដា ​ឆ្នាំ​២០១៦​នេះ។

កាលពី​ឆ្នាំ​២០១៥ ក្រុមហ៊ុន Smart បាន​វិនិយោគ​ទឹកប្រាក់​ជាង​៦៣​លាន​ដុល្លារ​អាមេរិក​ ដើម្បី​ពង្រីក​បណ្ដាញ 4G LTE ហើយ​បាន​ពង្រីក​រហូតដល់​២៥​ខេត្ត​/ក្រុង​រួចមកហើយ​។​

សេចក្ដីប្រកាស​ព័ត៌មាន​ដដែល​បាន​បន្ត​ថា ​ក្នុង​ឆ្នាំ​២០១៤ ក្រុមហ៊ុន Smart Axiata ជា​ប្រតិបត្តិ​ករ​ទី​១ បាន​នាំយក 4G LTE មក​កម្ពុជា ដែលជា​បច្ចេកវិទ្យា​អ៊ីនធឺណិត​មាន​ល្បឿន​លឿន​បំផុត។ វា​ពិតជា​ព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្ត្រ​មួយ ព្រោះ​វា​បាន​ធ្វើ​ឲ្យ​កម្ពុជា​ក្លាយ​ជា​ប្រទេស​ដំបូង​ដែល​បាន​ចាប់ផ្ដើម​សេវា 4G LTE នៅ​ក្នុង​តំបន់​ឥណ្ឌូចិន ខណៈ​ពេល​ប្រទេសជិតខាង​របស់​ខ្លួន​ដូចជា ប្រទេស​ថៃ ​វៀតណាម​ និង​ប្រទេស​ឡាវ ​មិនទាន់មាន​នៅឡើយ​។

សព្វថ្ងៃ ស្ថានីយ​ផ្សាយ​ជាង 40% របស់ Smart នៅ​ទូទាំងប្រទេស​ ត្រូវបាន​បំពាក់​ដោយ​ប្រព័ន្ធ 4G LTE ហើយ​ក្រុមហ៊ុន​រំពឹងថា​ នឹង​ពង្រីក​ឲ្យ​បាន​ជាង​50% នៅ​ចុង​ឆ្នាំ​២០១៦ ដើម្បី​ផ្តល់​ជូន​នូវ​បច្ចេកវិទ្យា​អ៊ីនធឺណិត​ល្បឿន​លឿន 4G LTE បន្ថែម​ទៅលើ​សេវា 2G និង 3.75G ដែល​មាន​ស្រាប់​។​ សរុប​មក Smart គឺជា​ប្រតិបត្តិ​ករ​ដែលមាន​សេវា​គ្របដណ្ដប់​ទូលំទូលាយ​បំផុត​ ទាំង​អ៊ីន​ធឺ​ណិត​ល្បឿន​លឿន (3.75G) និង​អ៊ីនធឺណិត​ល្បឿន​លឿន​បំផុត (4G LTE) ដើម្បី​បម្រើ​តម្រូវ​ការ​ឲ្យ ប្រជាជន​កម្ពុជា​អាច​រីករាយ​ជាមួយ​អ៊ីនធឺណិត ដែល​មាន​ល្បឿន​លឿន​ក្នុង​តម្លៃ​មួយ​សមរម្យ​បំផុត​។​

លោក Thomas Hundt នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Smart បាន​ថ្លែង​នៅក្នុង​សេចក្តីប្រកាស​ព័ត៌មាន​នោះ​ថា ​កម្ពុ​ជាមាន​សេវា 4G LTE ដូចគ្នា​ ឬ​សូម្បីតែ​ល្អ​ជាង​សេវា​ដែល​បណ្តា​ប្រទេស​អាស៊ី​ជាច្រើន​មាន​, ប៉ុន្តែ​មានតម្លៃ​ថោក​ជាង​យ៉ាង​ឆ្ងាយ​ក្នុង​មួយ​ជីកា​បៃ (Gigabyte)​។ ខណៈពេលដែល​អ្នក​ត្រូវ​ចំណាយ​១០​ដុល្លារ នៅ​ប្រទេស​សិង្ហ​បុរី​ឬ​៥​ដុល្លារ ​នៅ​ក្នុង​ប្រទេស​ថៃ​សម្រាប់​អ៊ីនធឺណិត​មួយ ជីកា​បៃ ប៉ុន្តែ​ជាមួយ Smart លោកអ្នក អាច​ទទួលបាន​អ៊ីនធឺណិត 1.5 ជីកា​បៃ​ ដោយ​គ្រាន់តែ​ចំណាយ១ដុល្លារ ជាមួយនឹង​កម្មវិធី Smart ដូរ​លុយ​របស់​យើង។

សេវា 4G LTE របស់​ក្រុមហ៊ុន Smart មិនមែន​មានតែ​នូវ តំបន់​មួយចំនួន​តូច​តែប៉ុណ្ណោះ​ទេ តែ​វា​លាតសន្ធឹង​យ៉ាង​ទូលំទូលាយ​នៅ​ទូទាំងប្រទេស​។

លោក​បន្ត​ថា ក្រុមហ៊ុន Smart គឺ​នៅតែ​ជា​ប្រតិបត្តិ​ករ​តែមួយគត់​ដែល​ផ្តល់​សេវា 4G LTE នៅ​ទូទាំង​២៥​ខេត្ត​/ក្រុង ហើយ​មិនមែន​មានតែ​នៅ​ទី​រួម​ខេត្ត​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ទីក្រុង​ធំៗ​ជាច្រើន​រួមមាន ឧត្តុង្គ មេមត់ ស្គន់ ក្រគរ មោងឬស្សី​, មង្គលបុរី​, អ្នក​លឿង ជាដើម ក៏​អាច​រីករាយ​ជាមួយ 4G LTE របស់ Smart ផង​ដែរ។

លោក​បាន​បន្ថែម​ថា​ «​ក្នុងនាម​ជា​អ្នកវិនិយោគ​រយៈពេល​យូរ នៅ​កម្ពុជា​យើង​នឹង​បន្ដ​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​អ៊ីនធឺណិត ទូរស័ព្ទ​ចល័ត​របស់​យើង។

ចុងឆ្នាំ២០១៦​នេះ​ យើង​នឹង​បំពាក់​ឲ្យ​បាន​យ៉ាងហោចណាស់ 50% នៃ​ស្ថានីយ​ផ្សាយ​របស់​យើង​ជាមួយ​បច្ចេកវិទ្យា 4G LTE ដែល​អាចឲ្យ​អតិថិជន​របស់​យើង​បាន​រីករាយ​ជាមួយ​សេវា​អ៊ីនធឺណិត​លឿន​បំផុត​នៅ​គ្រប់​ទីកន្លែង​»។

បច្ចុប្បន្ន​នេះ​ ក្រុមហ៊ុន Smart ក៏បាន​ចេញ​នូវ​គម្រោង Power+ ប្រចាំខែ ដែល​លក្ខណៈ​ពិសេស​ជាច្រើន​រួមមាន ទិន្នន័យ 8GB បូក​នឹង​ការប្រើប្រាស់​បណ្ដាញ​សង្គម​គ្មាន​ដែន​កំណត់​, ការ​ហៅ​ទូរស័ព្ទ​និង​ផ្ញើ​សារ​ជា​អក្សរ​នៅ​ក្នុង​ប្រព័ន្ធ​ឥត​កំណត់ និង​ការប្រើប្រាស់ Smart Music ឥត​កំណត់​ដោយ​គ្រាន់តែ​ចំណាយ​៨​ដុល្លារ ក្នុង​១​ខែ។ ជាមួយនឹង​គម្រោង​មួយ​នេះ នៅតែ​ប្រកាន់​ជំហរ​របស់ខ្លួន​ក្នុង​ការ​ផ្តល់​សេវា​ទិន្នន័យ​ក្នុង​តម្លៃ​សមរម្យ​បំផុត​នៅ​ក្នុង​ប្រទេស​កម្ពុជា​, ហើយក៏​ទាប​បំផុត​នៅក្នុង​ពិភព​លោក​ដែរ៕