ព្រលែងកូន​ត្រី​ចំនួន ​៥០,០០០​ក្បាល​ និង​ត្រី​មេ​ពូជ​៣០​គីឡូក្រាម​ ចូល​បឹង​ធម្មជាតិ

ព្រលែងកូន​ត្រី​ចំនួន ​៥០,០០០​ក្បាល​ និង​ត្រី​មេ​ពូជ​៣០​គីឡូក្រាម​ ចូល​បឹង​ធម្មជាតិ



ព្រះសីហនុ ​៖​ កូន​ត្រី​ចំនួន​៥០.០០០​ក្បាល និង​ត្រី​មេ​ពូជ​មាន​​ទម្ងន់​៣០​គីឡូក្រាម​ ត្រូវ​បាន​ព្រលែង​ចូល​ក្នុង​អាងទឹក​ធម្មជាតិ ស្ថិត​ក្នុង​​ភូមិ​ត្រពាំង​មូល ឃុំ​ជើងគោ ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ នៅ​ព្រឹក​ថ្ងៃ​ទី​១៤ ខែ​កក្កដា ឆ្នាំ​២០១៦។

ពិធី​​នេះ ​រៀបចំ​ដោយ​ខណ្ឌ​រដ្ឋបាល​ជលផល​កំពង់សោម សហការ​ជាមួយ​អាជ្ញាធរ​ខេត្ត​ព្រះសីហនុ ​ក្រោម​អធិបតីភាព​លោក នាយ​ឧត្ដមសេនីយ៍​ ប៉ុល សា​រឿង អគ្គ​មេបញ្ជាការ​កង​យោធពល​ខេមរភូមិន្ទ និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់​ជាតិ ចុះ​ជួយ​ខេត្ត​ព្រះសីហនុ និង​លោក យន្ត មីន អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ព្រះសីហនុ ព្រមទាំង​អាជ្ញាធរ​ដែនដី មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និង​ប្រជាពលរដ្ឋ។

លោក​នេន ចំរើន នាយ​ខណ្ឌ​រដ្ឋបាល​ជលផល​កំពង់សោម បាន​រាយការណ៍​ថា នេះ​ជា​លើក​ទី​១៥​ហើយ​ ដែល​ខណ្ឌ​រដ្ឋបាល​ជលផល​កំពង់សោម បាន​ប្រារព្ធ​ទិវា​មច្ឆជាតិ​០១​កក្កដា ស្របតាម​អនុក្រឹត្យ​លេខ​៩៩​អនុ​ក្រ​.​បក ចុះ​ថ្ងៃទី​២៥ ខែកញ្ញា ឆ្នាំ​២០០២​របស់​រាជរដ្ឋាភិបាល ក្នុង​គោលបំណង​បំផុស​ឲ្យ​ប្រជាពលរដ្ឋ​នៅ​ទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា​ចូលរួម​ចំណែក​ថែរក្សា ការពារ អភិរក្ស និង​អភិវឌ្ឍន៍​វិស័យ​ជលផល​ក្នុង​ទិសដៅ​ធានា​និរន្តរភាព​នៃ​ធនធាន​ជលផល ដើម្បី​ផលប្រយោជន៍​សេដ្ឋកិច្ច សង្គម និង​បរិស្ថាន។ ថ្ងៃនេះ​យើង​ជ្រើសរើស​ទីតាំង​អាងទឹក​ធម្មជាតិ​ត្រពាំង​មូល ឃុំ​ជើងគោ ស្រុក​ព្រៃនប់​ដើម្បី​ប្រារព្ធ​ទិវា​មច្ឆជាតិ​០១​កក្កដា ឆ្នាំ​២០១៦ ជា​ការ​រួមចំណែក​ថែរក្សា​ការពារ​ពូជ​ត្រី​នៅ​ក្នុង​ដែន​ជម្រក​ធម្មជាតិ​សហគមន៍​នេសាទ​ភូមិ​ត្រពាំង​មូល​ឲ្យ​នៅ​គង់វង្ស និង​ធានា​បាន​នូវ​សន្តិសុខ​ស្បៀង​សម្រាប់​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន ព្រោះ​អាង​ធម្មជាតិ​នេះ​មាន​អំណោយផល​ក្នុង​វិស័យ​កសិកម្ម អាច​ស្រោចស្រព​លើ​ផ្ទៃដី​ស្រែ​របស់​ប្រជា​កសិករ និង​ដំណាំ​រួមផ្សំ​ផ្សេងៗ​ទៀត។

លោក​នាយ​ឧត្ដមសេនីយ៍ ប៉ុល សា​រឿង បាន​ធ្វើ​ការ​សំណេះសំណាល​ជាមួយ​សិស្សានុសិស្ស លោកគ្រូ​អ្នកគ្រូ ប្រជាពលរដ្ឋ និង​ពាំនាំ​នូវ​ការ​សួរ​សុខទុក្ខ​ពី​របស់​សម្តេច​អគ្គ​មហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្នុង​ការ​កែទម្រង់​វិស័យ​ជលផល​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ជំរុញ​ឲ្យ​រដ្ឋបាល​ជលផល ជា​សេនាធិការ​របស់​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ក្នុងការ​ទប់ស្កាត់​ឲ្យខាងតែបាន​ នូវ​ការទន្ទ្រាន​យក​ដី​ពី​សហគមន៍​នេសាទ។ រដ្ឋបាល​ជលផល​ត្រូវ​ពង្រីក​សមត្ថភាព សហគមន៍​នេសាទ ពង្រីក​ដែន​សហគមន៍​ក្នុង​ដំណាក់កាល​កំណែទម្រង់​ស៊ី ជម្រៅ ដោយ​បោះ​បង្គោល​ក្នុង​ដែន​នេសាទ​ចូលរួម​អភិរក្ស​ធនធាន​មច្ឆជាតិ​ប្រកបដោយ​ស្ថិរភាព។ រដ្ឋបាល​ជលផល​ជំរុញ​ពង្រីក​វារីវប្បកម្ម និង​ការ​ផលិត​កូន​ពូជ​ត្រី​ក្នុង និង​ក្រៅ​ស្រុក​សំដៅ​ការ​ជំរុញ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ឲ្យ​កាន់តែ​សម្បូរ​បែប ​ក្នុង​ដែន​សហគមន៍ ​ក្នុង​តំបន់​មាន​សក្តានុពល​វារីវប្បកម្ម​នៅ​តាម​តំបន់​ឆ្នេរសមុទ្រ ទំនាប​លិច​ទឹក ពិសេស​លើកទឹកចិត្ត​ចំពោះ​អ្នកវិនិយោគ​ក្នុងស្រុក និង​ក្រៅ​ស្រុក។ ត្រូវ​អភិរក្ស​ធនធាន​ជលផល និង​ដែន​ជម្រក​ទឹកសាប និង​ទឹកប្រៃ ជា​បេះដូង​នៃ​និរន្តរភាព​នៃ​ការស្រាវជ្រាវ​តំបន់​អភិរក្ស អភិវឌ្ឍន៍ និង​ពង្រីក​វិសាលភាព​ព្រៃ​លេច​ទឹក ព្រៃកោងកាង​ក្នុង​ដែន​សហគមន៍។ ស្ថាប័ន​ថ្នាក់ជាតិ និង​ថ្នាក់ក្រោម​ជាតិ កងកម្លាំងប្រដាប់អាវុធ​ត្រូវ​សហការ​ជាមួយ​មន្ត្រី​ជលផល​ដើម្បី​ចូលរួម​ទប់ស្កាត់​បទល្មើស​នេសាទ ការបង្ក្រាប​បទល្មើស​នេសាទ ការបំផ្លិចបំផ្លាញ​ធនធានធម្មជាតិ មានដូចជា​ឧបករណ៍​ស្បៃ​មុង និង​ឧបករណ៍​ឆក់​ត្រី​ជាដើម ដែល​ក្រសួងកសិកម្ម​ធ្វើការ​ហាមឃាត់។ ផែនការ​គ្រប់គ្រង និង​អភិរក្ស​តំបន់​អភិវឌ្ឍន៍​វិស័យ​ជលផល រួមចំណែក​ក្នុង​សកម្មភាព​លើកកម្ពស់​សមត្ថភាព​យេនឌ័រ និង​ការ​បម្រែបម្រួល​អាកាសធាតុ ។

លោក​នាយ​ឧត្ដមសេនីយ៍​ប៉ុល សា​រឿង ក៏​បានធ្វើ​ការ​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ អង្គការ​ជាតិ អន្តរជាតិ​ជួយឧបត្ថម្ភ​ដល់​ការគ្រប់គ្រង ​អភិវឌ្ឍន៍​វិស័យ​ជលផល​នៅ​ព្រះរាជាណាចក្រ​កម្ពុជា ពិសេស​ខេត្ត​ព្រះសីហនុ ដើម្បី​ធានា​និរន្តរភាព​ធនធាន​ជលផល​ជា​ប្រយោជន៍​រួម​របស់​យើង​ទាំងអស់គ្នា កាលណា​យើង​រក្សា​បាន​ព្រៃ​លេច​ទឹក ធនធាន​មច្ឆជាតិ ​នឹង​មានការ​កើន​ឡើង​ជាក់​ជាមុន​ខាន​ឡើយ ដូច្នេះ​យើង​ត្រូវ​រួមគ្នា​ចូលរួម​ថែរក្សា​ព្រៃ​លេច​ទឹកនឹង​ដាំ​ដុះ​កូន​កោង​កាង​ឲ្យ​បាន​ច្រើន​បន្ថែមទៀត៕

ព្រលែងកូន​ត្រី​ចំនួន ​៥០,០០០​ក្បាល​ និង​ត្រី​មេ​ពូជ​៣០​គីឡូក្រាម​ ចូល​បឹង​ធម្មជាតិ

ព្រលែងកូន​ត្រី​ចំនួន ​៥០,០០០​ក្បាល​ និង​ត្រី​មេ​ពូជ​៣០​គីឡូក្រាម​ ចូល​បឹង​ធម្មជាតិ

ព្រលែងកូន​ត្រី​ចំនួន ​៥០,០០០​ក្បាល​ និង​ត្រី​មេ​ពូជ​៣០​គីឡូក្រាម​ ចូល​បឹង​ធម្មជាតិ

ព្រលែងកូន​ត្រី​ចំនួន ​៥០,០០០​ក្បាល​ និង​ត្រី​មេ​ពូជ​៣០​គីឡូក្រាម​ ចូល​បឹង​ធម្មជាតិ

ព្រលែងកូន​ត្រី​ចំនួន ​៥០,០០០​ក្បាល​ និង​ត្រី​មេ​ពូជ​៣០​គីឡូក្រាម​ ចូល​បឹង​ធម្មជាតិ