អាមេរិក​ជំរុញ​ឲ្យ​យុវជន​កម្ពុជា​ចាប់​អារម្មណ៍​កីឡា​បាល់​បោះ

ក្រសួង​ការបរទេស​សហរដ្ឋអាមេរិក បាន​បញ្ជូន​បេសកជន​កីឡាករ​ឆ្នើម​ផ្នែក​បាល់បោះ​ចំនួន ២​រូប មក​កាន់​កម្ពុជា ដើម្បី​ជួយ​ពង្រឹង​ជំនាញ និង​ជំរុញ​ឲ្យ​យុវជន​កម្ពុជា កាន់តែ​មាន​ការ​ចាប់​អារម្មណ៍​ច្រើន​ថែម​ទៀត​លើ​ផ្នែក​កីឡា​បាល់បោះ។ ទន្ទឹម​គ្នា​នេះ គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា ព្រម​ទាំង​សហព័ន្ធ​កីឡា​បាល់បោះ​កម្ពុជា ចាត់​ទុក​បេសកជន​កីឡា​របស់​សហរដ្ឋ​អាមេរិក នឹង​ជួយ​ឲ្យ​វិស័យ​កីឡា​បាល់បោះ​កម្ពុជា កាន់​តែ​ប្រសើរ​ឡើង។

ស្ថានទូត​សហរដ្ឋអាមេរិក​ប្រចាំ​កម្ពុជា រំពឹង​ថា វត្តមាន​បេសកជន​កីឡាករ​ផ្នែក​បាល់បោះ​ចំនួន​២ គឺ​លោក វ៉េនី អេលីងតុន (Wayne Ellington) និង​អ្នកស្រី ស៊ូ វីក (Sue Wicks) ដែល​មក​ពី​សមាគម​កីឡា​បាល់បោះ​បុរស និង​សមាគម​កីឡា​បាល់បោះ​នារី​នៅ​សហរដ្ឋអាមេរិក គឺ​ជា​ចំណែក​មួយ​ធ្វើ​ឲ្យ​យុវជន​រៀន​សូត្រ​បន្ថែម​ពី​បច្ចេកទេស និង​គន្លឹះ​ថ្មីៗ​ពី​កីឡាករ​បាល់បោះ​សហរដ្ឋអាមេរិក។

ការ​លើក​ឡើង​របស់​មន្ត្រី​ស្ថានទូត​អាមេរិក ប្រចាំ​កម្ពុជា នៅ​ពេល​នេះ ធ្វើ​ឡើង​នៅ​ក្នុង​សន្និសីទ​កាសែត​ស្ដីពី​កម្មវិធី​បេសកជន​កីឡា​អាមេរិក ដែល​រៀបចំ​ដោយ​ស្ថានទូត​សហរដ្ឋអាមេរិក សហការ​ជាមួយ​ក្រសួង​អប់រំ​យុវជន និង​កីឡា និង​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា ព្រម​ទាំង​សហព័ន្ធ​កីឡា​បាល់បោះ​កម្ពុជា នៅ​ថ្ងៃ​ទី​១៣ ខែ​កក្កដា។

ថ្លែង​ក្នុង​សន្និសីទ​កាសែត​នេះ ជំនួយការ​ប្រធាន​កិច្ចការ​សាធារណៈ​នៃ​ស្ថានទូត​សហរដ្ឋអាមេរិក ប្រចាំ​កម្ពុជា លោក ខតនី វូដ (Courtney Woods) មាន​ប្រសាសន៍​ថា សហរដ្ឋអាមេរិក​យល់​ថា ធនធាន​មនុស្ស​សម្រាប់​កីឡា​បាល់បោះ​នៅ​កម្ពុជា ទាំង​យុវជន និង​កុមារ នៅ​មាន​កម្រិត​នៅ​ឡើយ ខណៈ​កីឡា​ប្រភេទ​នេះ កំពុង​តែ​មាន​ប្រជាប្រិយភាព​ក្នុង​ពិភពលោក។ ហេតុ​នេះ​ដំណើរ​ទស្សនកិច្ច​របស់​កីឡាករ​ទាំង ២​រូប​មក​កាន់​កម្ពុជា មិន​ត្រឹមតែ​ជួយ​បង្ហាត់បង្ហាញ​ពី​បច្ចេកទេស​ដល់​កុមារ យុវជន គ្រូ​បង្វឹក​កីឡា​កម្ពុជា និង​ជំរុញ​ទំនាក់ទំនង​សហរដ្ឋអាមេរិក ជាមួយ​កម្ពុជា ប៉ុណ្ណោះ​ទេ តែ​វា​នឹង​ជួយ​ផ្សារភ្ជាប់​កីឡា​កម្ពុជា ទៅ​កាន់​ពិភពលោក​ផង​ដែរ។

ទន្ទឹម​គ្នា​នេះ តំណាង​បេសកជន​កីឡា មក​ពី​សមាគម​កីឡាបាល់បោះ​នារី​នៅ​សហរដ្ឋអាមេរិក អ្នកស្រី ស៊ូ វីក ដែល​បាន​ជាប់​ជា​ជម្រើស​ជុំ​ដំបូង​ដោយ​ក្រុម New York Liberty នៅ​ក្នុង​ការ​ជ្រើសរើស​កីឡាការិនី​ជា​លើក​ដំបូង​ក្នុង​ឆ្នាំ​១៩៩៧ នោះ យល់​ថា ទោះជា​បេសកកម្ម​របស់​អ្នកស្រី​មកកាន់​កម្ពុជា មាន​រយៈពេល​ខ្លី​ក្ដី ប៉ុន្តែ​អ្នកស្រី​ប្ដេជ្ញា​ជួយ​ផ្ដល់​គន្លឹះ និង​បច្ចេកទេស​ល្អៗ ដើម្បី​ឲ្យ​ក្លាយ​ជា​កីឡាករ​បាល់បោះ​អាជីព​ទៅ​ថ្ងៃ​អនាគត។

ចំណែក​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​កីឡា​នៃ​ក្រសួង​អប់រំ​យុវជន និង​កីឡា លោក អ៊ុក សិទ្ធិជាតិ សាទរ​ចំពោះ​សហរដ្ឋអាមេរិក ដែល​ជួយ​ជំរុញ​វិស័យ​កីឡា​បាល់បោះ​កម្ពុជា។ លោក​ថា កន្លង​មក​ផ្នែក​កីឡា​បាល់បោះ​កម្ពុជា មាន​បញ្ហា​ប្រឈម​ច្រើន​ដូចជា សមត្ថភាព​កីឡាករ​នៅ​មាន​កម្រិត​ខ្វះ​ធនធាន​មនុស្ស ផ្នែក​គ្រូ​បង្វឹក និង​កង្វះ​ទីកន្លែង​ហ្វឹកហាត់​ដែល​មាន​ស្តង់ដារ។

លោក​ថា នេះ​ជា​ជា​ឱកាស​ល្អ​សម្រាប់​យុវជន​កម្ពុជា រៀន​សូត្រ​បន្ថែម៖ «ការ​លែង​កីឡា​បាល់បោះ​វា​ត្រូវការ​សម្ភារៈ​វា​ត្រូវការ​ទីតាំង និង​មនុស្ស​ដែល​មាន​ទេពកោសល្យ ប៉ុន្តែ​បច្ចុប្បន្ន​យើង​នៅ​ខ្វះ​ទីតាំង និង​ហេដ្ឋារចនាសម្ព័ន្ធ ព្រោះ​អត់​មាន​នេះ​ហើយ យើង​ពិបាក​លេង តែ​បើ​សិន​មាន​គ្រូ ឬ​អ្នក​មាន​សមត្ថភាព វា​ជួយ​ឲ្យ​ប្រសើរ​ឡើង»

​ស្ថានទូត​សហរដ្ឋអាមេរិក​ប្រចាំ​កម្ពុជា ឲ្យ​ដឹង​ថា នេះ​ជា​លើក​ទី​មួយ​ហើយ​ដែល​សហរដ្ឋអាមេរិក បាន​បញ្ជូន​កីឡាករ​បាល់បោះ​ឆ្នើម​របស់​ខ្លួន​មក​កម្ពុជា។

ក្នុង​សន្និសីទ​កាសែត​នោះ​ដែរ គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា សហព័ន្ធ​កីឡា​បាល់បោះ​កម្ពុជា ក៏​បាន​ស្នើ​ឲ្យ​សហរដ្ឋអាមេរិក បញ្ជូន​កីឡាករ​ខ្មែរ​ផ្នែក​បាល់បោះ​ទៅ​សហរដ្ឋ​អាមេរិក ដើម្បី​មក​បណ្ដុះបណ្ដាល​ធនធាន​មនុស្ស​នៅ​កម្ពុជា ផង​ដែរ។

ជាង​នេះ​ទៀត អគ្គនាយកដ្ឋាន​កីឡា​នៃ​ក្រសួង​អប់រំ​យុវជន និង​កីឡា ក៏​អះអាង​ថា ដើម្បី​បង្កើន​ធនធាន​មនុស្ស​ផ្នែក​កីឡា​បាល់បោះ រដ្ឋាភិបាល​កំពុង​សាងសង់​ទីតាំង​កន្លែង​បាល់បោះ​ដែល​មាន​ស្តង់ដារ​បន្ថែម ព្រមទាំង​ផ្ដល់​ឱកាស​ឲ្យ​យុវជន​អាច​ហ្វឹកហាត់​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក ដោយ​សេរី ដើម្បី​ត្រៀម​សម្រាប់​ការ​ប្រកួត​កីឡា ស៊ី ហ្គែម ឆ្នាំ​២០២៣ ដែល​កម្ពុជា ធ្វើ​ជា​ម្ចាស់​ផ្ទះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។