អាជីវករ​នៅ​ក្រុង​​ក្រចេះ​ទាមទារ​រក​ដំណោះស្រាយ​សមស្រប​ទាក់ទង​ការ​អភិវឌ្ឍ​ផ្សារ

អាជីវករ ២០​គ្រួសារ នៅ​ផ្សារ​អូរឫស្សី ក្រុង​ក្រចេះ ខែត្រ​ក្រចេះ ទាមទារ​ឲ្យ​អាជ្ញាធរ​ផ្ដល់​សំណង​សមរម្យ មុន​ពេល​អាជ្ញាធរ​វិនិយោគ​ផ្សារ​ថ្មី។ ការ​លើក​ឡើង​នេះ នៅ​គ្រា​ដែល​អាជ្ញាធរ​ក្រុង​ក្រចេះ បាន​ជូនដំណឹង​ឲ្យ​អាជីវករ​សហការ​រុះរើ​តូប​ចាស់​ដើម្បី​សាងសង់​ថ្មី កាល​ពី​ខែ​មេសា ឆ្នាំ​២០១៦។  ចំណែក​អភិបាល​ក្រុង​ក្រចេះ អះអាង​ថា មាន​អាជីវករ​តិចតួច​ទេ​ដែល​មិន​ឯកភាព​នឹង​គម្រោង​អភិវឌ្ឍន៍​ផ្សារ​ថ្មី​នេះ។

ក្រុម​អាជីវករ​ផ្សារ​អូរឫស្សី ឲ្យ​ដឹង​ថា ពួកគេ​មិន​ជំទាស់​នឹង​គម្រោង​អភិវឌ្ឍន៍​ផ្សារ​ថ្មី​របស់​អាជ្ញាធរ​នោះ​ទេ តែ​ពួកគេ​សំណូម​ពរ​ឲ្យ​អាជ្ញាធរ​ផ្ដល់​សំណង​សមរម្យ និង​ផ្អែក​តាម​លិខិត​របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ។
តំណាង​អាជីវករ ២០​គ្រួសារ លោក នូ ស៊ីណារិទ្ធ ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១៣ កក្កដា ថា គម្រោង​អភិវឌ្ឍន៍​របស់​អាជ្ញាធរ​ផ្ទុយ​ពី​លិខិត​របស់​ក្រសួង​សេដ្ឋកិច្ច ដែល​តម្រូវ​ឲ្យ​អាជ្ញាធរ​កែលំអ ជួសជុល និង​យក​ភាស៊ី ១៨​ឆ្នាំ តែ​ផ្ទុយ​ទៅ​វិញ អាជ្ញាធរ​បាន​ជូនដំណឹង​ឲ្យ​ពួកគាត់​រុះរើ​ទាំង​បង្ខំ។

លោក​ថា បន្ទាប់ពី​អាជ្ញាធរ​ផ្ដើម​សាងសង់​ផ្សារ​អូរឫស្សី​ថ្មី​ជាង ៥​ខែ​កន្លង​មក មុខ​របរ​លក់ដូរ​ដែល​ជា​ដង្ហើម​សេដ្ឋកិច្ច​របស់​ពួកគាត់​ជាង ២០​ឆ្នាំ​មក​ហើយ​នោះ បាន​រាំង​ខ្ទប់​មិន​សូវ​មាន​អតិថិជន​ដោយ​លំបាក​ធ្វើ​ដំណើរ​ចេញចូល៖ «ត្រូវ​រុះ​ផ្ទះ​អ៊ីចឹង វា​ត្រូវ​មាន​គោលនយោបាយ​ការ​រុះ​ផ្ទះ តើ​ឲ្យ​ពួក​ខ្ញុំ​ទៅ​នៅ​ឯ​ណា? ខ្ញុំ​អត់​មាន​ផ្ទះ​នៅ​ក្រៅ​ផ្សារ។ នេះ​ជា​បន្ទុក​របស់​រដ្ឋាភិបាល​ដែល​ជា​គោលនយោបាយ​ដោះស្រាយ​ឲ្យ។ ជា​សំណង​ជា​លុយ​ជា​កាក់​ដើម្បី​រក​ដី​ដើម្បី​រើ​លំនៅឋាន​ត្រូវការ​លុយ ១​ម៉ឺន ទៅ ២​ពីរ​ម៉ឺន​ដុល្លារ»

ឆ្លើយ​តប​រឿង​នេះ អភិបាល​ក្រុង​ក្រចេះ លោក យិន វណ្ណៈ កត់សម្គាល់​ថា មក​ទល់​ពេល​នេះ​អាជីវករ ១៧​គ្រួសារ​ក្នុង​ចំណោម​អាជីវករ​ជាង ៤០០​គ្រួសារ​ដែល​មិន​ឯកភាព​លើ​គម្រោង​អភិវឌ្ឍន៍​ផ្សារ​នោះ។

លោក​ថា តូប​របស់​ពលរដ្ឋ​នៅ​ផ្សារ​អូរឫស្សី ទាំង​អស់ គឺ​ឋិត​ក្នុង​បញ្ជី​សារពើពន្ធ​របស់​រដ្ឋ ហើយ​ក្រុម​អាជីវករ​ក៏​ធ្លាប់​សន្យា​ថា បើ​រដ្ឋ​ត្រូវការ​អភិវឌ្ឍ​ផ្សារ​ពេល​ណា អាជីវករ​នឹង​ឯកភាព។ លោក​បញ្ជាក់​ថា អាជីវក​រទាំង ១៧​គ្រួសារ​ទាមទារ ឲ្យ​អ្នក​វិនិយោគ​ផ្ដល់​ប្រាក់ ២​ម៉ឺន​ដុល្លារ​ជា​សំណង​ផល​ប៉ះពាល់ ហើយ​ពួកគេ​នឹង​ចាក​ចេញពី​ទីតាំង​នោះ៖ «ព្រោះ​កន្លែង​ហ្នឹង​រៀបចំ​ឲ្យ​បាន​ស្អាត បែរ​ជា​គាត់​មក​ជំទាស់​យើង។ គាត់​ជំទាស់​មិន​មែន​ជំទាស់​ដោយ​ត្រឹមត្រូវ​ទេ គឺ​គាត់​បិទ​ភ្នែក​ទាមទារ​យក​ចាស់ដៃ។ យើង​ប្រៀបធៀប​មើល​បើ​ការ​ដោះស្រាយ​របស់​យើង​មិន​បាន​ត្រឹមត្រូវ ហេតុ​អី​បាន​ជា​ពលរដ្ឋ​ជាង ៩០​ភាគរយ​គាត់​យល់​ព្រម​ជាមួយ​យើង»

គម្រោង​អភិវឌ្ឍន៍​ផ្សារ​អូរឫស្សី​ថ្មី របស់​អាជ្ញាធរ​ក្រុង​ក្រចេះ គ្រោង​សាងសង់​តូប​ជូន​អាជីវករ​ជាង ៤០០​តូប ទំហំ​ទទឹង ៣​ម៉ែត្រ បណ្ដោយ ៣​ម៉ែត្រ ទៅ ៤​ម៉ែត្រ និង​តម្រូវ​ឲ្យ​អាជីវករ​មួយ​គ្រួសារ​បង់​ប្រាក់ ២.៤០០​ដុល្លារ​ថ្លៃ​សំណង់។
លិខិត​របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ចុះ​ថ្ងៃ​ទី​១២ ខែ​មិថុនា ឆ្នាំ​២០១៣ ឲ្យ​ដឹង​ថា ក្រសួង​អនុញ្ញាត​ឲ្យ​អ្នកវិនិយោគទុន​ជួស​ជុល​កែលំអ​ឡើង​វិញ​នូវ​ប្រព័ន្ធ​លូ ធ្វើ​កន្លែង​ផ្ញើ​កង់​ម៉ូតូ​សាងសង់​ទីស្នាក់ការ​ផ្សារ និង​បង្គន់​អនាម័យ ដោយ​បង្វិល​មក​វិញ​ការ​យក​ភាស៊ី​ផ្សារ​ចំនួន ១៨​ឆ្នាំ។ ប៉ុន្តែ​ក្រុម​អាជីវករ ២០​គ្រួសារ ចោទ​អាជ្ញាធរ​ថា មិន​បាន​អនុវត្ត​ខ្លឹមសារ​លិខិត​នោះ​ដោយ​បង្ខំ​ឲ្យ​ពួកគាត់​រុះរើ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។