វាយ​ធ្វើបាប​ពេក បែកធ្លាយ​រឿង​កាលពី​ជាង​១​ឆ្នាំ​មុន

ខេត្តកំពង់ឆ្នាំង ៖ សាលាដំបូង​ខេត្តកំពង់ឆ្នាំង​បាន​សម្រេច​ឃុំខ្លួន​បុរស​ម្នាក់​នៅ​ព្រឹក​ថ្ងៃ​ទី​១៤ ខែកក្កដា ឆ្នាំ​២០១៦ បន្ទាប់​ពី​បាន​ប្រើ​ហិង្សា​ក្នុង​គ្រួសារ ក៏​បែកធ្លាយ​រឿង​កាលពី​ជាង​១​ឆ្នាំ​មុន ថា​បាន​ចាប់រំលោភ​កូនស្រី​ចុង​របស់​ខ្លួន​ជា​បន្តបន្ទាប់​ក្នុង​អំឡុង​ខែមីនា និង​ខែមេសា ឆ្នាំ​២០១៦ នៅ​ស្រុក​សាមគ្គី​មាន​ជ័យ ។

លោក​វរសេនីយ៍ទោ ឌុ​ច ចំរើន នាយការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត បាន​ឲ្យ​ដឹង​ថា បុរស​សង្ស័យ​រូប​នោះ​មានឈ្មោះ ភឿន ផល អាយុ​៤៧​ឆ្នាំ មានស្រុក​កំណើត​នៅ​ខេត្តតាកែវ ។ កាលពី​ជាង​១៤​ឆ្នាំ​មុន បុរស​រូប​នោះ​បាន​មក​មាន​ប្រ​ព​ន្ឋ​ជា​ស្ត្រី​មេម៉ាយ​មានកូន​២​នាក់​នៅ​ស្រុក​សាមគ្គី​មាន​ជ័យ ខេត្តកំពង់ឆ្នាំង ។ ក្នុងអំឡុងពេល​រស់នៅ​ជាមួយ​គ្នា​ជាង​១០​ឆ្នាំ បុរស​រូប​នោះ​តែង​លួច​ប្រព្រឹត្ត​អំពើ​ផ្តេសផ្តាស​ទៅ​លើ​កូនស្រី​ចុង​របស់​ខ្លួន ដូច​ជា​កាល​អំឡុង​នាង​មាន​អាយុ​១៤​ឆ្នាំ ឪពុកចុង​រូប​នោះ​បាន​បៀតបៀន​កេរ្តិ៍ខ្មាស់​ម្តង​ហើយ តែ​កាល​ណោះ​ម្តាយ​កុមារី​រង​គ្រោះ​បានដឹង ក៏​និយាយ​ណែនាំ​ម្តង​ទៅ ។ ក្រោយមក ក្នុង​អំឡុង​ឆ្នាំ​២០១៤ និង​២០១៥ ខណៈ​ពេល​កូនស្រី​ចុង​នាង​ក្រមុំ​ទៅ​ហើយ បុរស​រូប​នោះ​បន្ត​ធ្វើ​មក​លើ​កូនស្រី​ចុង​ជា​ថ្មី​ទៀត ហើយ​បានដឹង​ដល់​ម្តាយ ទើប​ស្ត្រី​ជា​ម្តាយ​នារី​រង​គ្រោះ​បាន​ធ្វើការ​ស្តីបន្ទោស​ជា​ខ្លាំង បុរស​រូប​នោះ​បាន​សំ​ទោស សារភាព​កំហុស និង​សន្យា​ថា ឈប់​ធ្វើ​បែប​នេះ​ទៀង​ហើយ កាល​ណោះ​ដោយសារ​តែ​កុំ​ឲ្យ​ខ្មាស់​ញាតិ​ជិតខាង និង​ម្យ៉ាង​ក៏​មិន​ទាន់​ថ្លោះធ្លោយ​អ្វី​ដែរ ទើប​សម្ងំ​លាក់​ទុក​រឿង​នោះ​បន្ត​ទៀត ។

ស្រាប់តែ​នៅ​ថ្ងៃ​ទី​១០ ខែកក្កដា ឆ្នាំ​២០១៦ បុរស​រូប​នោះ​ឈ្លោះប្រកែក​ជាមួយ​ប្រ​ព​ន្ឋ និង​កូនស្រី ហើយ​ឈាន​ដល់​ប្រើ​អំពើ​ហិង្សា​ទៅ​លើ​ប្រ​ព​ន្ឋ និង​កូនស្រី​ចុង ទើប​បែកធ្លាយ​រឿង​ឪពុកចុង​រូប​នោះ​ធ្លាប់​បាន​ចាប់​នាង​កូនចុង​រំលោភ​បាន​សម្រេច​ជា​ច្រើន​ដង រហូត​មាន​ផ្ទៃពោះ ហើយ​គម្រាម និង​បង្ខំ​ឲ្យ​នាង​រំលូតកូន​ចេញ​ទៀត ទើប​ស្ត្រី​ជា​ម្តាយ និង​កូន​ដាក់​ពាក្យ​ប្តឹង​សមត្ថកិច្ច​ឲ្យ​ចាប់ខ្លួន​តែ​ម្តង ។

នៅ​ក្នុង​ពាក្យបណ្តឹង កូនស្រី​ចុង​រង​គ្រោះ​មាន​អាយុ​២១​ឆ្នាំ​បាន​រៀបរាប់​ថា ក្នុង​អំឡុង​ខែមីនា ឆ្នាំ​២០១៦ ពេល​ម្តាយ​នាង​មិន​នៅផ្ទះ គឺ​ទៅ​ធ្វើការ​នៅ​រោងចក្រ ឪពុកចុង​នាង​បាន​ចាប់​នាង​រំលោភ​រហូត​បាន​សម្រេច​ជា​ច្រើន​ដង ។ ក្រោយមក​ដោយ​ដឹង​ថា នាង​មាន​ផ្ទៃពោះ ឪពុកចុង​បាន​បង្ខំ​ឲ្យ​នាង​រំលូតកូន​ចេញ ដោយ​គាត់​បាន​យក​នាង​មក​រំលូតកូន​នៅ​ស្រុក​កំពង់ត្រឡាច ហើយ​រឿង​នេះ​ម្តាយ​នាង​មិនដឹង​ទេ ព្រោះ​បើ​នាង​ហ៊ាន​ប្រាប់ ឪពុកចុង​គំរាម​​សម្លាប់​ចោល ។ ប៉ុន្តែ​ដោយ​ទ្រាំ​មិន​បាន កាលពី​ថ្ងៃ​ទី​១០ ខែកក្កដា​នេះ ឪពុក​ចុង​បាន​វាយ​ធ្វើបាប​ម្តាយ​នាង និង​នាង​ពេក ទើប​នាង​សម្រេច​ប្រាប់​ម្តាយ​នាង ហើយ​ពួក​យើង​បាន​ដាក់​ពាក្យ​ប្តឹង​តែ​ម្តង ។

លោកនាយ​ការិយាល័យ​បាន​បន្ត​ថា នៅ​ចំពោះ​មុខ​សមត្ថកិច្ច ជនសង្ស័យ​ខាងលើ​បាន​សារភាព​ថា ខ្លួន​ពិតជា​បាន​ប្រព្រឹត្ត​ដូច​ការ​ចោទប្រកាន់​មែន ទើប​សមត្ថកិច្ច​កសាង​សំណុំរឿង​បញ្ជូន​ខ្លួន​ទៅ​តុលាការ និង​ត្រូវ​បាន​តុលាការ​សម្រេច​ឃុំខ្លួន​តែ​ម្តង ៕