ផ្តន្ទាទោស​ក្រុម​ឃាតករ​រំលោភ​បូក​ហើយ​សម្លាប់

រាជធានី​ភ្នំពេញ ៖ ក្រុម​ឃាតក​វ័យក្មេង​៦​នាក់​ដែល​បាន​ល្បួង​ស្ត្រី​ខារ៉ាអូខេ​នាំ​ទៅ​រំលោភ​បូក ហើយ​សម្លាប់​ចោល ត្រូវ​បាន​ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ ប្រកាស​សាលក្រម​កាលពី​វេលា​ម៉ោង​១២​ថ្ងៃត្រង់ ថ្ងៃ​ទី​១៤ ខែកក្កដា ឆ្នាំ​២០១៦ សំរេច​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ពី​២០​ឆ្នាំទៅ​៣០​ឆ្នាំ ។ ជាមួយ​គ្នា​នេះ​ផង​ដែរ តុលាការ​ក៏​បាន​លើកលែង​បុរស​ចំណាស់​ម្នាក់​ឲ្យ​រួច​ផុត​ពី​បទ​ចោទ និង​ដោះ​លែង​ឲ្យ​មាន​សេរីភាព​វិញ ក្រោយ​ពី​ជាប់​ពន្ធនាគារ​ជិត​មួយ​ឆ្នាំ​មក​ហើយ​នៅ​ក្នុង​សំណុំរឿង​ឃាតកម្ម​នោះ ។

ជនសង្ស័យ​ដែល​ចៅក្រម​តុលាការ​លើកលែង​ចោទ​ឈ្មោះ ព្រៃ សុខ​ឡាក់ អាយុ​៥១​ឆ្នាំ ។ ចំណែក​ជនជាប់ចោទ​៦​នាក់​ទៀត​ដែល​តុលាការ​ផ្ដន្ទាទោស​រួម​មាន ១-​ឈ្មោះ ណា​ង ណា​វី អាយុ​១៩​ឆ្នាំ ត្រូវ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​កំណត់​៣០​ឆ្នាំ​, ២-​ឈ្មោះ ខាត់ សួរ អាយុ​១៩​ឆ្នាំ ត្រូវ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​៣០​ឆ្នាំ​, ៣-​ឈ្មោះ អៀម ឡុ​ច អាយុ​២០​ឆ្នាំ ត្រូវ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​៣០​ឆ្នាំ​, ៤-​ឈ្មោះ ជិន ណា​វី អាយុ​២៩​ឆ្នាំ ត្រូវ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​៣០​ឆ្នាំ​, ៥-​ឈ្មោះ មឿ​ន ខី អាយុ​១៨​ឆ្នាំ ត្រូវ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​កំណត់​២០​ឆ្នាំ និង ៦-​ឈ្មោះ ម៉​ម វ​ណ្ណា អាយុ​២០​ឆ្នាំ ត្រូវ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​កំណត់​២០​ឆ្នាំ ។

សូម​បញ្ជាក់​ថា សំណុំរឿង​ក្ដី​ឃាតកម្ម​ដ៏​សាហាវ​រំលោភ​បូក​ច្រើន​នាក់ ហើយ​សំលាប់​ស្ត្រី​រង​គ្រោះ​យក​សព​ទៅ​បោះចោល​ក្នុង​ទឹក​កាលពី​ពាក់កណ្ដាល​ឆ្នាំ​២០១៥​កន្លង​ទៅ ត្រូវ​បាន​តុលាការ​សាលាដំបូង​រាជធានី​ភ្នំពេញ​បញ្ចប់​ការ​សួរ​ដេញដោល​ក្នុង​សវនាការ​កាលពី​ព្រឹក​ថ្ងៃ​ទី​២២​មិថុនា ប៉ុន្តែ​ក្រុមប្រឹក្សា​ជំនុំ​ជំ​រះ​បាន​លើក​ពេល​ប្រកាស​សាលក្រម​ទៅ​ថ្ងៃ​ទី​១៤ ខែកក្កដា ឆ្នាំ​២០១៦ ។ ក្នុង​សវនាការ​កាលពី​ព្រឹក​ថ្ងៃ​ទី​២២​មិថុនា​នោះ ក្រុម​យុវជន​ដៃដល់​បាន​បដិសេធ​ចោល​ទាំងស្រុង​នូវ​ការ​ចោទប្រកាន់​របស់​តំណាង​អយ្យការ​ពី​បទ​អំពើ​ឃោរឃៅ រំលោភ​សម្លាប់ តាម​មាត្រា​២០៥​នៃ​ក្រមព្រហ្មទណ្ឌ ប្រព្រឹត្ត​កាលពី​ថ្ងៃ​ទី​២៥ ខែកក្កដា ឆ្នាំ​២០១៥ នៅ​ក្នុងភូមិ​ព្រៃ​ល្វា សង្កាត់​កកាប ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

ដោយឡែក​ចំពោះ​ឈ្មោះ ព្រៃ សុខ​ឡាក់ ដែល​ពី​មុន​បាន​ជាប់ចោទ​ពី​បទ​សមគំនិត ត្រូវ​បាន​តំណាង​អយ្យការ​ស្នើ​ឲ្យ​លើកលែង​ចោទ ដោយ​យោង​ទៅ​លើ​អង្គហេតុ​មិន​ពាក់ព័ន្ធ​នឹង​បទល្មើស ៕