រំលោភ​កូន​ស្រី​ចុង​រហូត​មាន​ផ្ទៃពោះ​ហើយ ឆ្លៀត​នាំ​ទៅ​រម្លូត​បន្ត​ទៀត​

រំលោភ​កូន​ស្រី​ចុង​រហូត​មាន​ផ្ទៃពោះ​ហើយ ឆ្លៀត​នាំ​ទៅ​រម្លូត​បន្ត​ទៀត​



កំពង់ឆ្នាំង ​៖ ឪពុក ​បាន​ចាប់​រំលោភ​កូន​ប្រពន្ធចុង​រហូត​មាន​ផ្ទៃពោះ ហើយ​បាន​នាំ​នាង​ទៅ​រម្លូតកូន​ចោល នៅពេល​មានការ​ឈ្លោះប្រកែក​ និង​វាយតប់​គ្នា​នៅក្នុង​គ្រួសារ ប្រពន្ធនិង​កូន​ខឹង​ ក៏បាន​ទៅ​ប្តឹង​រឿង​ខាងលើ​ឲ្យ​សមត្ថកិច្ច​ចាប់ខ្លួន ចាត់ការ​បុរស​ជា​ប្តី​តាម​ផ្លូវ​ច្បាប់។

ការ​ចាប់​ខ្លួន​បុរស​ខាងលើនេះ ​ត្រូវបាន​ធ្វើឡើង​នៅ​ល្ងាច​ថ្ងៃ​ទី​១៣ ខែ​កក្កដា ឆ្នាំ​២០១៦ នៅ​ក្នុង​ភូមិ​ស្វាយ​ពក ឃុំ​ស្វាយ ស្រុក​សាមគ្គី​មានជ័យ។

លោក​វរសេនីយ៍ទោ ឌុ​ច ចំរើន ប្រធាន​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​ខេត្ត​កំពង់ឆ្នាំង​ ​នៅ​រសៀល​ថ្ងៃ​ទី​១៤ ខែ​កក្កដា​នេះ បាន​និយាយ​ឲ្យ​ដឹង​ថា ជនជាប់ចោទ​ខាងលើ​មាន​ឈ្មោះ ភឿន ផល អាយុ​៤៧​ឆ្នាំ រស់នៅក្នុង​ភូមិ​ស្វាយ​ពក ឃុំ​ស្វាយ ស្រុក​សាមគ្គី​មានជ័យ ចំណែក​កូនស្រី​ប្រពន្ធចុង ​ជា​ជនរងគ្រោះ​មានឈ្មោះ ផ ស ម អាយុ​២១​ឆ្នាំ។

លោក ឌុ​ច ចំរើន បាន​បន្ត​ឲ្យ​ដឹង​ថា តាម​ពាក្យបណ្ដឹង​របស់​ស្ត្រី​ជា​ម្តាយ និង​នារី​រងគ្រោះ និង​តាម​ចម្លើយ​សារភាព​របស់​ជនជាប់ចោទ​បាន​ឲ្យ​ដឹង​ថា​ បុរស​ជាប់ចោទ​បាន​ប្រពន្ធចុង​១៤​ឆ្នាំ​មក​ហើយ​។ កាល​នារី​រង​គ្រោះជា​កុមារ​អាយុ​១៤​ឆ្នាំ នាង​ធ្លាប់​បាន​ឪពុកចុង​បៀតបៀន​លើ​រាងកាយ​ជា​ច្រើន​លើក​ដូចជា​ ចាប់​ថើប​ ចាប់​ច្របាច់​ដោះ និង​ចាប់​បឺត​មាត់​ជាដើម ក្រោយមក​នៅក្នុង​ឆ្នាំ​២០១៤ និង​២០១៥ នាង​ក៏​ត្រូវបាន​ឪពុក​ចាប់ធ្វើ​បាប​ដូច​ករណី​ខាងលើ​ជា​ញឹកញាប់​ទៀត​។

រឿង​ទាំងនេះ​ម្តាយ​នាង​ក៏បាន​ដឹងផង​ដែរ ហើយ​បាន​សុំ​អង្វរ​ប្តី​នាង ​សុំ​កុំ​ឲ្យ​ធ្វើបាប​កូនស្រី ព្រោះ​នាង​ធំ​ហើយ​ នាំ​ឲ្យ​ខ្មាស​គេ​ក្នុងស្រុក តែ​ឪពុក​នាង​មិន​ស្តាប់​ការ​អង្វរករ​របស់​ប្រពន្ធ​ឡើយ​។​

មកដល់​ថ្ងៃ​មិន​ចាំ ក្នុង​ខែ​មីនា ឆ្នាំ​២០១៦ រូបនាង​ត្រូវបាន​ឪពុកចុង​ចាប់​រំលោភ​បានសម្រេច​ចំនួន​២​ដង ពេល​ម្តាយ​នាង​ទៅធ្វើ​ការ​នៅក្នុង​រោងចក្រ​ឆ្ងាយ​ពី​ផ្ទះ និង​នៅក្នុង​ខែ​មេសា ឆ្នាំ​២០១៦ នាង​ក៏ត្រូវ​ឪពុក​ចុង​ចាប់រំលោភ​បានសម្រេច​បាន​២​ដង​ទៀត រហូត​មាន​ផ្ទៃពោះ។

ក្នុង​ថ្ងៃមួយ​នោះ​ ឪពុក​នាង​បាន​នាំ​នាង​មក​រម្លូតកូន​ចោល​នៅ​ពេទ្យ​ឯកជន​ក្នុងស្រុក​កំពង់​ត្រឡាច តែ​ម្តាយ​នាង​មិន​បានដឹង​ឡើយ​។

ក្រោយមក​នៅ​ក្នុង​ថ្ងៃ​ទី​១១ និង​១២ ខែ​កក្កដា​នេះ ប្តី​ប្រពន្ធ និង​កូនស្រី​រងគ្រោះ ក៏បាន​ឈ្លោះ​ប្រ​កែក​គ្នា ហើយ​ប្តី​ក៏បាន​វាយ​ធ្វើបាប​ប្រពន្ធ​ និង​កូន ដោយ​អត់ទ្រាំ​មិនបាន ពួក​នាង​​ក៏បាន​ប្តឹង​សមត្ថកិច្ច​នៅ​ក្នុង​មូលដ្ឋាន​អំពី​រឿង​ប្តី និង​ជា​ឪពុក​ចុង​ បាន​ចាប់រំលោភ​នាង និង​បង្ខំ​ឲ្យ​រម្លូតកូន។

នៅ​ល្ងាច​ថ្ងៃ​ទី​១៣ ខែកក្កដា បុរស​ជា​ជនល្មើស​ក៏​ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន​បញ្ជូន​មកកាន់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពង់ឆ្នាំង ហើយ​នៅ​ចំពោះមុខ​សមត្ថកិច្ច ជនល្មើស​ឈ្មោះ ភឿន ផល គ្មាន​ពាក្យ​អ្វី​ដោះសា​ក្រៅពី​សារភាព​នូវ​អំពើ​ដែល​ខ្លួន​បាន​ប្រព្រឹត្ត​នោះឡើយ។​

ជនល្មើស​ខាងលើ​ត្រូវបាន​សមត្ថកិច្ច​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​ខេត្ត កសាង​សំណុំរឿង​តាម​នីតិ​វិធី បញ្ជូន​ខ្លួន​ទៅកាន់​សាលាដំបូង​ខេត្ត​ចាត់​កាវ​ស្រាវជ្រាវ​ជំនុំជម្រះ​ផ្ដន្ទាទោស​តាម​បញ្ញត្តិ​ច្បាប់​៕

រំលោភ​កូន​ស្រី​ចុង​រហូត​មាន​ផ្ទៃពោះ​ហើយ ឆ្លៀត​នាំ​ទៅ​រម្លូត​បន្ត​ទៀត​