សង្គម​ស៊ីវិល​អំពាវនាវ​ឲ្យ​ស៊ើប​អង្កេត​ឡើង​វិញ​ករណី​ចាប់​ខ្លួន​ចៅ​អធិការ​វត្ត​នៅ​ខេត្ត​ស្ទឹងត្រែង

មន្ត្រី​សង្គម​ស៊ីវិល អំពាវនាវ​ឲ្យ​មាន​ការ​ស៊ើប​អង្កេត​ឡើង​វិញ​ទាក់ទង​ការ​ចាប់​ខ្លួន​អតីត​ព្រះចៅ​អធិការ​វត្ត​កណ្ដាល នៅ​ខេត្ត​ស្ទឹងត្រែង សង្ស័យ​ជួញ​ដូរ​សារធាតុ​ញៀន។ មន្ត្រី​សង្គម​ស៊ីវិល​រក​ឃើញ​ថា មាន​ចំណុច​ខ្លះ​នៃ​ការ​ចាប់​ខ្លួន​នោះ​អាច​មាន​ភាព​មិន​ប្រក្រតី ខណៈ​សាក្សី​ដែល​ដឹង​ហេតុការណ៍​នេះ​អះអាង​ថា មាន​ក្មេង​ម្នាក់ និង​មនុស្ស​ប្រុស​ស្រី​ពីរ​នាក់ បាន​យក​អីវ៉ាន់​ផ្ញើ​នៅ​កុដិ​លោក នៅ​គ្រា​អតីត​ព្រះចៅ​អធិការ​វត្ត​រូប​នោះ​កំពុង​ឆាន់​ចង្ហាន់។

មន្ត្រី​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​នៃ​សមាគម​អាដហុក (ADHOC) ខេត្ត​ស្ទឹងត្រែង លោក ហូ សំអុល ទាមទារ​ឲ្យ​តំណាង​អយ្យការ និង​តុលាការ​ស៊ើប​អង្កេត​ឲ្យ​គ្រប់​ជ្រុងជ្រោយ​ករណី​ចាប់​ខ្លួន​អតីត​ព្រះចៅ​អធិការ​វត្ត​កណ្ដាល ឈ្មោះ ម៉ៃ សំអឿន កាល​ពី​ថ្ងៃ​ទី​៨ កក្កដា ចៀសវាង​មាន​ការ​រៀបចំ​ទុក​ពី​ជន​ខិលខូច​ណា​ម្នាក់។ លោក​ថា ពលរដ្ឋ​ភាគ​ច្រើន​នៅ​តែ​មិន​អស់​ចិត្ត និង​មាន​មន្ទិល​ករណី​នេះ ខណៈ​មាន​មនុស្ស​បី​នាក់​បាន​យក​អីវ៉ាន់​ផ្ញើ​នៅ​កុដិ​លោក សមត្ថកិច្ច​នៅ​មិន​ទាន់​មាន​តម្រុយ​នៅ​ឡើយ​ទេ។ ចំណែក​លោក ម៉ៃ សំអឿន បដិសេធ​រឿង​នេះ​ថា​មាន​ការ​លួច​ធ្វើ​បាប​លោក និង​មាន​ផែនការ​រៀបចំ​ទុក​ពី​ជន​ខិលខូច៖ «សូម​មេត្តា​ស៊ើប​អង្កេត​ឲ្យ​បាន​ស៊ី​ជម្រៅ​ឲ្យ​មែនទែន ចៀសវាង​ការ​ចាប់​មនុស្ស​ខុស។ យើង​ក៏​ទាមទារ​ឲ្យ​ចៅក្រម​ស៊ើប​អង្កេត​បើក​ការ​ស៊ើប​អង្កេត​ឲ្យ​បាន​ទូលំទូលាយ​បន្តិច​ពាក់ព័ន្ធ​ទៅ​នឹង​អ្នក​ដែល​យក​គ្រឿង​ញៀន​ផ្ញើ​ឲ្យ​លោក»

លោក ហូ សំអុល បន្ថែម​ថា មុន​ពេល​ចាប់​ខ្លួន​លោក ម៉ៃ សំអឿន មាន​មនុស្ស​ប្រុស​ស្រី​ពីរ​នាក់ និង​ក្មេង​ម្នាក់​ឡើង​លើ​កុដិ​លោក​យក​អីវ៉ាន់​ផ្ញើ​នឹង​លោក តែ​លោក ម៉ៃ សំអឿន ពុំ​បាន​ចាប់​អារម្មណ៍​ថា​អីវ៉ាន់​នោះ​ជា​ស្អី​នោះ​ទេ។ បន្ទាប់​ពី​គេ​យក​អីវ៉ាន់​ទៅ​ផ្ញើ​បាន​ប្រហែល ១៥​នាទី សមត្ថកិច្ច​ចុះ​ប្រតិបត្តិ​ការ​បង្ក្រាប​ភ្លាម ហាក់​ដូចជា​ស៊ី​សង្វាក់​គ្នា​រវាង​ម្ចាស់​អីវ៉ាន់ និង​សមត្ថកិច្ច។ លោក​ទាមទារ​ឲ្យ​តំណាង​អយ្យការ និង​តុលាការ​ខេត្ត​ស្ទឹងត្រែង រក​សំឡេង​សន្ទនា​តាម​ទូរស័ព្ទ​ពាក់ព័ន្ធ​ករណី​នេះ និង​ស្វែងរក​ម្ចាស់​អីវ៉ាន់​នោះ៖ «ជាក់ស្តែង​ឃើញ​តែ​បាន​តែ​ឃាត់​ខ្លួន និង​ឃុំ​ខ្លួន​ត្រឹម​តែ​ព្រះសង្ឃ​តែ​អង្គ​ឯង​ប៉ុណ្ណឹង។ ចង់​និយាយ​ថា អ្នក​លក់​អ្នក​ដូរ​អ្នក​ជក់​វា​មាន មិន​ក្រោម​ពីរ​នាក់ បី​នាក់ និង​ច្រើន​នាក់​នោះ​ទេ វា​មិន​មែន​មាន​តែ​ម្នាក់​ឯង»

លោក ម៉ៃ វាសនា ដែល​ត្រូវ​ជា​ប្អូន​បង្កើត​លោក ម៉ៃ សំអឿន កំពុង​ស្វែងរក​ការ​អន្តរាគមន៍​ពី​អង្គការ​សង្គម​ស៊ីវិល និង​ស្ថាប័ន​ពាក់ព័ន្ធ​អះអាង​ថា ករណី​នេះ​អាច​មាន​ការ​រៀបចំ​ទុក​ពី​ជន​ខិលខូច ព្រោះ​លោក ម៉ៃ សំអឿន ធ្លាប់​មាន​រឿង​អាស្រូវ​ជាមួយ​ជនជាតិ​ឡាវ ២​នាក់​ដែរ។ លោក​អំពាវនាវ​ឲ្យ​ស្ថាប័ន​អយ្យការ និង​តុលាការ ស្វែងរក​មនុស្ស​ប្រុស​ស្រី ២​នាក់ និង​ក្មេង​ម្នាក់​ដែល​យក​អីវ៉ាន់​ផ្ញើ​លោក មុន​ពេល​សមត្ថកិច្ច​បង្ក្រាប ដើម្បី​បង្ហាញ​ពី​ភាព​ត្រឹមត្រូវ៖ «ពាក់ព័ន្ធ​រឿង​ហ្នឹង គឺ​ការ​រៀបចំ​ទុក​របស់​គេ រឿង​អីវ៉ាន់​ហ្នឹង គឺ​ពី​ណា​ងាយ​ស្រួល និង​ដាក់​ដែរ ជាពិសេស​គឺ​លោក​តែ​ម្តង ដែល​គេ​ងាយ​ស្រួល​ក្នុង​ការ​ដាក់។ យក​អីវ៉ាន់​មក​ផ្ញើ​ទុក​ដូចជា​មក​ប្រគេន​អ៊ីចឹង ថត​ភ្លាមៗ ឬ​យ៉ាង​ម៉េច​វា​កាន់​តែ​ងាយ​ស្រួល»

ស្នងការ​រង​ទទួល​បន្ទុក​បង្ក្រាប​គ្រឿង​ញៀន​ខេត្ត​ស្ទឹងត្រែង លោក សាន់ និមល និយាយ​យ៉ាង​ខ្លី​ថា លោក​មិន​បញ្ជាក់​លម្អិត​ករណី​នេះ​ទេ ព្រោះ​សមត្ថកិច្ច​កំពុង​ស៊ើប​អង្កេត​បន្ថែម​ទៀត។ លោក​ថា សមត្ថកិច្ច​ក៏​មិន​ទាន់​ចាប់​ជន​ពាក់ព័ន្ធ​ដែល​យក​អីវ៉ាន់​ទៅ​ផ្ញើ​បាន​ដែរ ដោយសារ​ចម្លើយ​សារភាព​របស់​លោក ម៉ៃ សំអឿន មិន​ច្បាស់លាស់៖ «ដល់​ពេល​តុលាការ​បើក​សវនាការ បើ​គាត់​ចង់​តវ៉ា​អី ដល់​ពេល​បើក​សវនាការ​តវ៉ា​នៅ​តុលាការ​ទៅ»

ចៅក្រម​ស៊ើបសួរ​នៃ​សាលា​ដំបូង​ខេត្ត​ស្ទឹងត្រែង អ្នកស្រី បេ គឹមយាង ឲ្យ​ដឹង​ថា អ្នកស្រី​ក៏​មិន​អាច​បញ្ជាក់​លម្អិត​បាន​ទេ​ករណី​នេះ ព្រោះ​ការ​ស៊ើប​អង្កេត​វា​ជា​ការ​សម្ងាត់​របស់​ចៅក្រម​ស៊ើបសួរ​ផ្អែក​តាម​ច្បាប់។ អ្នកស្រី​បញ្ជាក់​ថា ចៅក្រម​ស៊ើបសួរ​មុន​នឹង​ធ្វើ​អ្វី​មួយ គឺ​ពិចារណា​បាន​ដិតដល់ ហើយ​ប្រសិន​បើ​រក​ឃើញ​ថា ករណី​នេះ​មិន​មាន​ពិរុទ្ធភាព ឬ​ពុំ​មាន​កំហុស​ទេ ចៅក្រម​នឹង​ដោះលែង។

កាល​ពី​ថ្ងៃ​ទី​៨ កក្កដា សមត្ថកិច្ច​នៃ​ស្នងការដ្ឋាន​ខេត្ត​ស្ទឹងត្រែង ដឹក​នាំ​ដោយ​ព្រះរាជអាជ្ញា​ខេត្ត​ស្ទឹងត្រែង លោក ជា ពេជ្រ ឃាត់​ខ្លួន​អតីត​ចៅ​អធិការ​វត្ត​កណ្ដាល ឈ្មោះ ម៉ៃ សំអឿន រឹប​អូស​បាន​គ្រឿង​ញៀន​ប្រភេទ​មេតំហ្វេតាមីន​ម្សៅ (ICE) ជិត ១​គីឡូក្រាម (៩៣៦,៧​ក្រាម)

អតីត​ព្រះចៅ​អធិការ​វត្ត ឈ្មោះ ម៉ៃ សំអឿន ធ្វើ​ជា​ព្រះចៅ​អធិការ​វត្ត​ខត្តិយារាម ហៅ​វត្ត​កណ្ដាល ជាង ៦​ឆ្នាំ និង​បាន​បួស​ជា​ព្រះសង្ឃ​ជាង ១៤​ឆ្នាំ ហើយ​លោក​ត្រូវ​បាន​មេគណ​ខេត្ត​ស្ទឹងត្រែង ផ្សឹក​នៅ​ថ្ងៃ​ទី​១៨ ខែ​កក្កដា ឆ្នាំ​២០១៦។ មក​ទល់​ពេល​នេះ លោក ម៉ៃ សំអឿន កំពុង​ឃុំ​ខ្លួន​បណ្ដោះអាសន្ន​នៅ​ពន្ធនាគារ​ខេត្ត​ស្ទឹងត្រែង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។