អាជ្ញាធរ​ក្រុង​ព្រះសីហនុ​នឹង​ចាត់​វិធានការ​លើ​ម្ចាស់​សំណង់​សង់​លើ​ដី​ចំណី​ផ្លូវ​សាធារណៈ

រដ្ឋបាល​ក្រុង​ព្រះសីហនុ នឹង​បន្ត​ចាត់​វិធានការ​ក្តៅ​ទៅ​លើ​ម្ចាស់​សំណង់​ផ្សេងៗ​ដែល​សង់ ឬ​ដាក់​សម្ភារៈ​ប្រកប​អាជីវកម្ម​នៅ​លើ​ចំណី​ផ្លូវ​សាធារណៈ នាំ​ឲ្យ​បាត់បង់​សណ្ដាប់ធ្នាប់​ក្រុង និង​បង្ក​ឲ្យ​មាន​ការ​កកស្ទះ ជាដើម។

មន្ត្រី​សង្គម​ស៊ីវិល និង​ពលរដ្ឋ​ខេត្ត​ព្រះសីហនុ សាទរ​វិធានការ​នេះ ប៉ុន្តែ​ស្នើ​ឲ្យ​ការ​ចុះ​អនុវត្ត​មាន​ប្រសិទ្ធភាព​រវាង​ពលរដ្ឋ​សាមញ្ញ និង​បុគ្គល​មាន​អំណាច ឬ​ឈ្មួញ​មាន​ទ្រព្យ​ធន ព្រោះ​កន្លង​មក​ភាព​អនាធិបតេយ្យ​ទាំង​នេះ​ត្រូវ​រង​ការ​រិះគន់​ពី​សាធារណជន​ធ្ងន់ធ្ងរ។

អភិបាល​ក្រុង​ព្រះសីហនុ លោក អ៊ី សុខឡេង មាន​ប្រសាសន៍​ថា រដ្ឋបាល​ក្រុង​បាន​ចុះ​រៀបចំ​សណ្ដាប់ធ្នាប់​នៅ​តាម​ផ្លូវ​សំខាន់ៗ​ចំនួន ៤​ខ្សែ ដែល​មាន​ទេសចរ​ធ្វើ​ដំណើរ​ចេញ ឬ​ចូល​មក​ខេត្ត​ព្រះសីហនុ ដោយ​បាន​តម្រូវ​ឲ្យ​ម្ចាស់​សំណង់​រឹងមាំ ក្រុម​អាជីវករ​ដែល​ដាក់​ឆត្រ ឬ​មាន​សំយាប​ផ្ទះ ឬ​តូប​លក់​ដូរ​របស់​ពួក​គេ ឲ្យ​រុះរើ​សំណង់​អនាធិបតេយ្យ​ដែល​ប៉ះពាល់​ដល់​ចំណី​ផ្លូវ​សាធារណៈ។

លោក​ឲ្យ​ដឹង​ទៀត​ថា ក្នុង​ចំណោម​សំណង់​អនាធិបតេយ្យ​ទាំង​នោះ អាជ្ញាធរ​បាន​រក​ឃើញ​ជិត ៤០០​ទីតាំង និង​បាន​ស្នើ​ឲ្យ​ម្ចាស់​សំណង់​ទាំង​នោះ​រុះរើ​បាន​ជិត ៣០០​ទីតាំង​រួច​ហើយ​ដែរ។ លោក អ៊ី សុខឡេង សង្កត់​ធ្ងន់​ថា នៅ​សប្ដាហ៍​ខាង​មុខ រដ្ឋបាល​ខេត្ត​ព្រះសីហនុ នឹង​បន្ត​ចាត់​វិធានការ​ក្តៅ​ទៅ​លើ​ម្ចាស់​សំណង់​រឹងមាំ និង​សំណង់​ដែល​សង់​ប៉ះពាល់​ដី​ចំណី​ផ្លូវ ឬ​ចិញ្ចើម​ថ្នល់​ឈាន​ដល់​ចាត់​វិធានការ​តាម​ផ្លូវ​ច្បាប់ បើ​ម្ចាស់​សំណង់​ទាំង​នោះ​នៅ​បន្ត​រឹង​ទទឹង​មិន​សហការ​ជាមួយ​រដ្ឋបាល​ក្រុង​ព្រះសីហនុ ទៀត​នោះ៖ «ផ្លូវ​ចំនួន ៤​ខ្សែ​ដែល​រដ្ឋបាល​ក្រុង​បាន​ចុះ​រៀបចំ គឺ​មាន​កញ្ចុះ​សំណង់​សង់​របា​ដែក សំយាប​ផ្ទះ និង​ការ​ដាក់​ឆត្រ​ជាដើម ពិសេស​សំណង់​រឹងមាំ​សរុប​មាន​ជិត ៤០០​ទីតាំង ក្នុង​នោះ​អាជ្ញាធរ​បាន​ឲ្យ​ម្ចាស់​សំណង់​ទាំង​នោះ​រុះរើ​ខ្លួន​ឯង​បាន ២៨០​ទីតាំង និង​នៅ​សល់​ចំនួន ៩០​ទីតាំង​ទៀត​មិន​ទាន់​បាន​រុះរើ​នៅ​ឡើយ ប៉ុន្តែ​រដ្ឋបាល​ក្រុង​ព្រះសីហនុ នឹង​បន្ត​ការងារ​ចុះ​រៀបចំ​សណ្ដាប់ធ្នាប់​នេះ​ជា​បន្ត​ទៀត​នៅ​សប្ដាហ៍​ខាង​មុខ»

លោក អ៊ី សុខឡេង ស្នើ​ដល់​ប្រជាពលរដ្ឋ និង​ក្រុម​អាជីវករ​ទាំងអស់​ដែល​មាន​សំណង់​រឹងមាំ ឬ​សង់​ប៉ះពាល់​ដល់​ចំណី​ផ្លូវ​សាធារណៈ​ត្រូវ​រុះរើ​ឲ្យ​ស្រប​តាម​ការ​ណែនាំ​របស់​អាជ្ញាធរ ដើម្បី​រក្សា​សោភណភាព​ក្រុង និង​បញ្ចៀស​រាល់​ការ​កកស្ទះ​ជាដើម។

ទាក់ទិន​បញ្ហា​នេះ មន្ត្រី​សង្គម​ស៊ីវិល និង​ប្រជាពលរដ្ឋ​ខេត្ត​ព្រះសីហនុ ស្នើ​ឲ្យ​រដ្ឋបាល​ក្រុង ត្រូវ​អនុវត្ត​ការងារ​រៀបចំ​សណ្ដាប់ធ្នាប់​ក្រុង​ឲ្យ​បាន​ជា​ប្រចាំ និង​អនុវត្ត​ឲ្យ​បាន​ស្មើ​ភាព​គ្នា​ទាំង​ពលរដ្ឋ​ធម្មតា និង​អ្នក​មាន​ទ្រព្យ​មាន​អំណាច។

មន្ត្រី​សម្របសម្រួល​អង្គការ​លីកាដូ (LICADHO) ខេត្ត​ព្រះសីហនុ លោក ប៊ួន ណារិទ្ធិ កត់​សម្គាល់​ថា រាល់​ថ្ងៃ​នេះ សំណង់​រឹងមាំ​ដែល​សង់​ប៉ះពាល់​ដល់​ដី​ចំណី​ផ្លូវ និង​ដី​ចំណី​អូរ​បង្ហូរ​ទឹក​ជាដើម បាន​កើត​មាន​អនាធិបតេយ្យ ហើយ​ភាគ​ច្រើន​សំណង់​ទាំង​នោះ​ជា​កម្មសិទ្ធិ​មន្ត្រី​មាន​អំណាច និង​ឈ្មួញ​មាន​ទ្រព្យ។ ទន្ទឹម​គ្នា​នេះ ក៏​មាន​ពលរដ្ឋ​សាមញ្ញ​ក៏​បាន​បន្ត​សង់​ផ្ទះ ឬ​យក​ចិញ្ចើម​ផ្លូវ​សាធារណៈ ដើម្បី​សង់​ផ្ទះ និង​ធ្វើ​អាជីវកម្ម​ជាដើម។

មន្ត្រី​អង្គការ​លីកាដូ លោក ប៊ួន ណារិទ្ធិ ស្និត​ក្នុង​ចំណោម​មន្ត្រី​សង្គម​ស៊ីវិល និង​ពលរដ្ឋ​ខេត្ត​ព្រះសីហនុ គាំទ្រ​ចំណាត់​ការ​របស់​រដ្ឋបាល​ក្រុង​ព្រះសីហនុ ក្នុង​ការ​រៀបចំ​សណ្ដាប់ធ្នាប់​ក្រុង​ឲ្យ​មាន​របៀប​រៀបរយ និង​ស្នើ​ឲ្យ​អនុវត្ត​ការងារ​នេះ​ឲ្យ​បាន​ជា​ប្រចាំ៖ «ខ្ញុំ​គាំទ្រ​សកម្មភាព​របស់​លោក អ៊ី សុខឡេង អភិបាល​ក្រុង​ព្រះសីហនុ ដែល​បាន​ខិតខំ​ទប់ស្កាត់​ការ​សាងសង់​សំណង់​រឹងមាំ​អនាធិបតេយ្យ​ប៉ះពាល់​ដល់​ដី​ចំណី​មាត់​អូរ​បង្ហូរ​ទឹក និង​ដី​ចំណី​ផ្លូវ​សាធារណៈ ក្នុង​ពេល​លោក​មក​ដឹក​នាំ​ក្រុង​ទេសចរណ៍​មួយ​នេះ។ ខ្ញុំ​សូម​ឲ្យ​លោក អ៊ី សុខឡេង ចាត់​វិធានការ​ទៅ​តាម​ច្បាប់​ចំពោះ​ជន​ទាំងឡាយ​ណា​ដែល​បាន​រំលោភ​យក​ដី​អូរ និង​ដី​ចំណី​ផ្លូវ​ជាដើម ពិសេស​អ្នក​ចាក់​ចោល​សំរាម​ចូល​ទៅ​ក្នុង​អូរ ឬ​លូ​បង្ហូរ​ទឹក​នាំ​ឲ្យ​ក្រុង​ព្រះសីហនុ ត្រូវ​លិច​ទឹក​ពេល​មាន​ភ្លៀង​ធ្លាក់​មក​ម្តងៗ ត្រូវ​តែ​នាំ​ជន​ទាំង​នោះ​មក​ផ្ដន្ទាទោស​ឲ្យ​ធ្ងន់ធ្ងរ»

មន្ត្រី​សង្គម​ស៊ីវិល និង​ពលរដ្ឋ​កត់​សម្គាល់​ថា ខេត្ត​ជាប់​សមុទ្រ​មួយ​នេះ​មាន​បរិស្ថាន និង​ការ​រៀបចំ​សណ្ដាប់ធ្នាប់​មិន​បាន​ល្អ​ទេ ដោយ​កាក​សំណល់​សំរាម​ត្រូវ​គេ​បោះ​ចោល​នៅ​តាម​ផ្លូវ​អនាធិបតេយ្យ ពិសេស​សំណង់​រឹងមាំ ត្រូវ​បាន​គេ​សង់​ប៉ះពាល់​ដល់​ចំណី​ផ្លូវ​សាធារណៈ និង​នៅ​លើ​ដី​ចំណី​អូរ​បង្ហូរ​ទឹក​ជាដើម។

បញ្ហា​នេះ ភ្ញៀវ​ទេសចរ​ដែល​ចូល​មក​ទស្សនា​ខេត្ត​ព្រះសីហនុ ក៏​បាន​រិះគន់​សំណង់​អនាធិបតេយ្យ​លើ​ដី​ចំណី​ផ្លូវ និង​អូរ​ទាំង​នេះ​ដែរ ដោយ​ពួក​គេ​ចោទ​បញ្ហា​នេះ​ទៅ​លើ​ភាព​ខ្វះ​ចន្លោះ​របស់​អាជ្ញាធរ ដែល​ទុក​ឲ្យ​មាន​ការ​សាងសង់​សំណង់​នេះ​ឡើង​ដោយ​គ្មាន​ការ​ហាម​ឃាត់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។