Smart បន្ត​វិនិយោគ ៧៥ លាន​ដុល្លារ ដើម្បី​ឲ្យ​សេវា​អ៊ីនធឺណិត​កាន់​តែ​លឿន​នៅ​កម្ពុជា​

ក្រុមហ៊ុន Smart នឹង​បន្ត​វិនិយោគ​យ៉ាង​ហោច​ណាស់ ៧៥ លាន​ដុល្លារ​បន្ថែម​ទៀត​ក្នុង​ឆ្នាំ​២០១៦ ដើម្បី​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​បណ្ដាញ​អ៊ីនធឺណិត និង​ពង្រីក​សេវា 4G LTE របស់​ខ្លួន​នៅ​ទូទាំង​ប្រទេស​ បន្ទាប់​ពី​បាន​បំពាក់​សេវា 3.75G បាន​ជោគជ័យ​រហូត​ដល់​100% នៅ​គ្រប់​ស្ថានីយ​ផ្សាយ របស់​ខ្លួន។

 

ក្នុង​ឆ្នាំ​២០១៤ Smart Axiata ជា​ប្រតិបត្តិករ​ទី​១ ដែល​នាំ​យក 4G LTE មក​កម្ពុជា ដែល​ជា​បច្ចេកវិទ្យា​អ៊ីនធឺណិត​មាន​ល្បឿន​លឿន​បំផុត។ វា​ជា​ព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្ត្រ​មួយ ព្រោះ​វា​ធ្វើ​ឱ្យ​កម្ពុជា​ក្លាយ​ជា​ប្រទេស​ដំបូង​ដែល​បាន​ចាប់​ផ្ដើម​សេវា 4G LTE នៅ​តំបន់​ឥណ្ឌូចិន ខណៈ​ប្រទេស​ជិត​ខាង​ ដូចជា ថៃ វៀតណាម និង​ឡាវ មិន​ទាន់​មាន​នៅ​ឡើយ។ ក្នុង​ឆ្នាំ​២០១៥ Smart បាន​វិនិយោគ​ទឹក​ប្រាក់​ជាង ៦៣ លាន​ដុល្លារ ដើម្បី​ពង្រីក​បណ្ដាញ 4G LTE ហើយ​បាន​ពង្រីក​រហូត​ដល់​ ២៥ ​ខេត្ត​ក្រុង​រួច​មក​ហើយ។

 

បច្ចុប្បន្ន ស្ថានីយ​ផ្សាយ​ជាង ៤០% របស់ Smart នៅ​ទូទាំង​ប្រទេស​ ត្រូវ​បាន​បំពាក់​ដោយ​ប្រព័ន្ធ 4G LTE ហើយ​ក្រុមហ៊ុន​រំពឹង​ថា​នឹង​ពង្រីក​ឲ្យ​បាន​ជាង ៥០% នៅ​ចុង​ឆ្នាំ​២០១៦ ដើម្បី​ផ្តល់​នូវ​បច្ចេកវិទ្យា​អ៊ីនធឺណិត​ល្បឿន​លឿន 4G LTE បន្ថែម​ទៅ​លើ​សេវា 2G និង 3.75G ដែល​មាន​ស្រាប់។

 

Smart បន្ត​វិនិយោគ ៧៥ លាន​ដុល្លារ ដើម្បី​ឲ្យ​សេវា​អ៊ីនធឺណិត​កាន់​តែ​លឿន​នៅ​កម្ពុជា​

លោក Thomas Hundt នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Smart ក្នុង​ពិធី​បើក​ដំណើរ​ការ​អគារ Smart Shop ឡើង​វិញ កាល​ពី​ខែ​ឧសភា-២០១៦

 

Smart គឺ​ជា​ប្រតិបត្តិករ​ដែល​មាន​សេវា​គ្រប​ដណ្តប់​ទូលំ​ទូលាយ​បំផុត ទាំង​អ៊ីនធឺណិត​ល្បឿន​លឿន (3.75G) និង​អ៊ីនធឺណិត​ល្បឿន​លឿន​បំផុត (4G LTE) ដើម្បី​បម្រើ​តម្រូវ​ការ​ឲ្យ​ប្រជាជន​កម្ពុជា​អាច​រីករាយ​ជាមួយ​អ៊ីនធឺណិត​ល្បឿន​លឿន​ក្នុង​តម្លៃ​មួយ​សមរម្យ​បំផុត។ អ្នក​អាច​ស្វែងរក​ផែនទី​សេវា​គ្រប​ដណ្ដប់​របស់​ Smart បាន​នៅ www.smart.com.kh/coverage-checker ។

 

លោក Thomas Hundt នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Smart បាន​ថ្លែង​ថា៖ “កម្ពុជា​មាន​សេវា 4G LTE ដូចគ្នា ឬ​ល្អ​ជាង​សេវា​ដែល​បណ្តា​ប្រទេស​អាស៊ី​ជា​ច្រើន​មាន ប៉ុន្តែ​មាន​តម្លៃ​ថោក​ជាង​យ៉ាង​ឆ្ងាយ​ក្នុង​មួយ​ជីកាបៃ (Gigabyte)។ ខណៈ​ដែល​អ្នក​ត្រូវ​ចំណាយ ១០ ដុល្លារ នៅ​សិង្ហ​បុរី​ ឬ ៥ ដុល្លារ​នៅ​ថៃ​សម្រាប់ អ៊ីនធឺណិត ១ ជីកាបៃ ប៉ុន្តែ​ជាមួយ Smart អ្នក​អាច​ទទួល​បាន​អ៊ីនធឺណិត ១,៥ ជីកាបៃ​ដោយ​គ្រាន់​តែ​ចំណាយ ១ ដុល្លារ ជាមួយ​នឹង​កម្មវិធី Smart ដូរ​លុយ។ សេវា 4G LTE របស់ Smart មិន​មែន​មាន​តែ​នៅ​តំបន់​មួយ​ចំនួន​តូច​តែ​ប៉ុណ្ណោះ​ទេ តែ​វា​លាត​សន្ធឹង​យ៉ាង​ទូលំ​ទូលាយ​នៅ​ទូទាំង​ប្រទេស។ Smart នៅ​តែ​ជា​ប្រតិបត្តិ​ករ​តែ​មួយ​គត់​ដែល​ផ្តល់​សេវា 4G LTE នៅ​ទូទាំង ២៥ ខេត្ត-ក្រុង ហើយ​មិន​មែន​មាន​តែ​នៅ​ទី​រួម​ខេត្ត​ប៉ុណ្ណោះ​ទេ ថែម​ទាំង​មាន​នៅ​ទីក្រុង​ធំៗ​ជាច្រើន ដូចជា ​ឧត្តុង្គ មេមត់ ស្គន់ ក្រគរ មោងឫស្សី មង្គលបុរី អ្នកលឿង ជាដើម។

 

ក្នុង​នាម​ជា​អ្នក​វិនិយោគ​រយៈ​ពេល​យូរ​នៅ​កម្ពុជា ​យើង​នឹង​បន្ដ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​អ៊ីនធឺណិត ទូរសព្ទ​ចល័ត​របស់​យើង។ នៅ​ចុង​ឆ្នាំ​២០១៦ នេះ​ យើង​នឹង​បំពាក់​ឲ្យ​បាន​យ៉ាងហោច​ណាស់ ៥០% នៃ​ស្ថានីយ​ផ្សាយ​របស់​យើង​ជាមួយ​បច្ចេកវិទ្យា 4G LTE ដែល​អាច​ឲ្យ​អតិថិជន​បាន​រីករាយ​ជាមួយ​សេវា​អ៊ីនធឺណិត​លឿន​បំផុត​នៅ​គ្រប់​ទី​កន្លែង”។

 

Smart ក៏​បាន​ចេញ​នូវ​គម្រោង Power+ ប្រចាំ​ខែ ដែល​លក្ខណៈ​ពិសេស​ជាច្រើន ​រួមមាន ទិន្នន័យ 8GB បូក​នឹង​ការ​ប្រើប្រាស់​បណ្ដាញ​សង្គម​គ្មាន​ដែន​កំណត់ ការ​ហៅ​ទូរសព្ទ និង​ផ្ញើ​សារ​ជា​អក្សរ​នៅ​ក្នុង​ប្រព័ន្ធ​ឥត​កំណត់ និង​ការ​ប្រើប្រាស់ Smart Music ឥត​កំណត់​ ដោយ​គ្រាន់​តែ​ចំណាយ ៨ ដុល្លារ ក្នុង​មួយ​ខែ។ ជាមួយ​នឹង​គម្រោង​មួយ​នេះ Smart នៅ​តែ​ប្រកាន់​ជំហរ​ផ្ដល់​សេវា​ទិន្នន័យ​ក្នុង​តម្លៃ​សមរម្យ​បំផុត​នៅ​កម្ពុជា ហើយ​ក៏​ទាប​បំផុត​នៅ​ក្នុង​ពិភព​លោក​ដែរ៕

 

អត្ថបទ៖ ពាណិជ្ជកម្ម