គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​ប្តេជ្ញា​បន្ត​ចក្ខុវិស័យ​របស់​លោក​ កែម ឡី

ភ្នំពេញៈ ខណៈសមាជិកគណបក្សនឹងចេញទៅតាមបណ្តាឃុំ-សង្កាត់នៅទូទាំងប្រទេសដើម្បីរៀបចំសមាជជាង ៨០ កន្លែង លោក យ៉េង វីរៈ ប្រធានគណបក្សប្រជាធិបតេយ្យមូលដ្ឋាន (GDP) នឹងនៅតែចង់ចាំជានិច្ចនូវប្រភពដើមនៃគណបក្សនេះ និងស្ថាបនិកមួយរូប គឺលោក កែម ឡី អ្នកវិភាគឯករាជ្យពីបញ្ហាសង្គម និងនយោបាយ ដ៏មានប្រជាប្រិយភាពនៅកម្ពុជា។

ថ្លែងនៅទីស្នាក់ការកណ្តាលគណបក្សកាលពីម្សិលមិញ លោក យ៉េង វីរៈ បានឲ្យដឹងថា គណបក្សរបស់លោកមានទុក្ខសោកសៅជាខ្លាំង ចំពោះការបាត់បង់ស្ថាបនិកគណបក្ស ដែលត្រូវបានគេធ្វើឃាតកាលពីថ្ងៃអាទិត្យសប្តាហ៍មុន ក៏ប៉ុន្តែគណបក្សរបស់លោក នឹងប្តេជ្ញាខិតខំធ្វើការឲ្យខ្លាំងបន្ថែមទៀត ដើម្បីដណ្តើមយកតំណែងក្រុមប្រឹក្សាឃុំ-សង្កាត់ ក្នុងការបោះឆ្នោតនាខែមិថុនា ឆ្នាំក្រោយ។

លោកនិយាយថា៖ «វាគឺជាការបាត់បង់ដ៏ធំមួយ ក៏ប៉ុន្តែទន្ទឹមនឹងនោះដែរ នេះបានធ្វើឲ្យយើងកាន់តែមានទឹកចិត្តប្តេជ្ញា កាន់តែរឹងមាំ ក្នុងការដើរទៅតាមដំណើរផ្លូវដែលលោក [កែម ឡី] បានចាប់ផ្តើមឡើង»។

សមាជិកជាង ២ ពាន់នាក់ រួមមានទាំងរចនាសម្ព័ន្ត និងគោលការណ៍ ដែលភាគច្រើនត្រូវបានបង្កើតឡើងដោយ ឬយ៉ាងហោចណាស់ត្រូវឆ្លងកាត់ការប្រឹក្សាជាមួយលោក កែម ឡី ព្រមទាំងបានរៀបចំសន្និសីទថ្នាក់ឃុំ-សង្កាត់ចំនួន ១២ រួចមកហើយ គណបក្សប្រជាធិបតេយ្យមូលដ្ឋានបានធ្វើដំណើរបានឆ្ងាយតាមចក្ខុវិស័យរបស់ស្ថាបនិករូបនេះ ដែលចាប់ផ្តើមឡើងក្នុងការពិភាក្សាតាមតុកាហ្វេ ក្នុងរាជធានីភ្នំពេញ តែប៉ុណ្ណោះ។

គណបក្សនេះត្រូវបានសម្រេចបង្កើតឡើងជាការឆ្លើយតបទៅនឹងការភ្ញាក់ផ្អើល ការជជែកវែកញែក និងក្តីសង្ឃឹមក្នុងការផ្លាស់ប្តូររបស់មនុស្សមួយក្រុមដែលរួមមានលោក កែម ឡី លោក យ៉េង វីរៈ លោក យ៉ង សាំងកុមារ លោក សម អ៊ិន និងលោក មាស នី ចំពោះបញ្ហាចម្រូងចម្រាសដែលកើតមានឡើងក្នុងការបោះឆ្នោតនៅឆ្នាំ ២០១៣។

លោក យ៉េង វីរៈ បន្តថា បន្ទាប់ពីបានធ្វើដំណើរទូទាំងប្រទេស ដើម្បីនិយាយជាមួយប្រជាពលរដ្ឋ«ឲ្យយល់ដឹងពីនយោបាយ» ជាផ្នែកមួយនៃចលនាបណ្តាញសង្គម «ខ្មែរដើម្បីខ្មែរ» ក្រុមនេះបានសម្រេចថា ជម្រើសដែលល្អបំផុតគឺការបង្កើតគណបក្សនយោបាយមួយ។
លោកនិយាយថា៖ «យើងសុទ្ធតែចាប់អារម្មណ៍… ជាពិសេសគឺ កែម ឡី។ គាត់នឹងកត់ឈ្មោះ និងលេខទូរស័ព្ទរបស់នរណាដែលចាប់អារម្មណ៍ ចង់រៀនចេះដឹងបន្ថែមទៀត។ នៅពេលនោះ មនុស្សជាច្រើនចាប់ផ្តើមយល់ដឹងពីនយោបាយ និងចាប់ផ្តើមផ្តោតអារម្មណ៍ទៅលើវា»។

ទោះបីជា លោក កែម ឡី បានចាកចេញពីគណបក្សនេះនៅពេលដែលវាបានលេចចេញជារូបរាង និងពុំបានធ្វើជាសមាជិករបស់គណបក្ស លោក យ៉េង វីរៈ បានឲ្យដឹងថា អ្នកវិភាគរូបនេះនៅតែជួយផ្តល់ការណែនាំ និងចូលរួមក្នុងការអភិវឌ្ឍគោលនយោបាយ។ ដូច្នេះការបាត់បង់រូបលោក គឺជាការបាត់បង់ដ៏ធំមួយរបស់គណបក្សប្រជាធិបតេយ្យមូលដ្ឋាន។

លោក យ៉េង វីរៈ ពុំបានដឹងថា លោក កែម ឡី បានមានគម្រោងចូលប្រឡូកក្នុងនយោបាយដោយផ្ទាល់ដែរឬអត់នោះទេ ដោយបាននិយាយថា៖ «អ្វីដែលច្បាស់បំផុតនោះគឺ លោក [កែម ឡី] ចូលចិត្តធ្វើឲ្យមនុស្សគ្រប់គ្នាធ្វើកាន់តែល្អប្រសើរ»។

លោក កែម ឡី បានធ្លាប់បានផ្តល់យោបល់ទៅឲ្យគណបក្សសង្គ្រោះជាតិ( CNRP) ផងដែរ បើទោះបីជាលោក យ៉េង វីរៈ បានលើកឡើងថា ពុំធ្លាប់មានការពិភាក្សាណាមួយពីការរួមបញ្ចូល GDP ទៅក្នុង CNRP យ៉ាងណាក្តី។

លោកនិយាយថា៖ «វាមិនមានក្នុងចិត្តរបស់យើងទេនៅពេលនេះ។ ការខិតខំប្រឹងប្រែង និងការផ្តោតអារម្មណ៍របស់យើងគឺស្ថិតនៅលើការបង្កើតគណបក្សនយោបាយមួយ និងការជួយសមាជិករបស់យើង»។

ថ្លែងម្សិលមិញនេះដែរ លោក កុល បញ្ញា ប្រធានអង្គការអង្កេតមើលការបោះឆ្នោត Comfrel បានឲ្យដឹងថា ប្រព័ន្ធនៃការបែងចែកអាសនៈនៅក្នុងប្រទេសកម្ពុជា បានរួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញឲ្យមានការរួមបញ្ចូលគ្នារបស់គណបក្ស មានការរួមបញ្ចូលគ្នារវាងគណបក្ស សម រង្ស៊ី និងគណបក្សសិទ្ធិមនុស្សជាឧទាហរណ៍ស្រាប់ ដែលជាឧបករណ៍ដ៏ខ្លាំងក្លាមួយសម្រាប់គណបក្សតូចៗ។

ក្រុមអ្នកអង្កេតការបានកត់សម្គាល់ថា ការលេចឡើងនៃបក្សនយោបាយតូចៗមួយចំនួននៅក្នុងឆាកនយោបាយក្នុងប៉ុន្មានខែចុងក្រោយនេះ អាចនឹងធ្វើឲ្យចំណេញទៅដល់គណបក្សប្រជាជនកម្ពុជា តាមរយៈការទាញយកសន្លឹកឆ្នោតពីគណបក្សសង្គ្រោះជាតិ៕

ប្រភពៈ ភ្នំពេញប៉ុស្តិ៍


Related Posts