រំជួលចិត្ត​! ​​​៣នាក់បងប្អូន​​នៅជាមួយសពឪពុក ​ព្រោះ​​អត់​ដឹង​​​ស្លាប់

ខេត្តរតនគិរី​ ៖ ​​រឿង​គួរឱ្យ​អនិច្ចា​ជាពន់​ពេកទៅ​លើ​​ក្មេង​​កំព្រា​​៣​នាក់​បងប្អូន​ ​ត្រូវ​​ឪពុក​​ដែលមាន​​​ជំងឺ​បាន​​ស្លាប់ចោល ​តែ​កូនៗ​មិន​បាន​ដឹងថា​ ឪពុកស្លាប់នោះទេ​ ​​​រហូត​ដល់ធុំ​ក្លិន​ស្អុយ​រលួយ​នៅ​ក្នុង​ខ្ទម​​ដ៏​កម្សត់ ​​ស្ថិតនៅ​ភូមិប៉ក់​ញ៉ៃ ឃុំ​ប៉ក់​ញ៉ៃ ស្រុក​អូ​រយ៉ា​ដាវ ខេត្ត​រតន​គិរី ​ដោយ​គ្មាន​​អ្ន​កភូមិ​ដឹង​​ ។

ប្រភពឱ្យ​ដឹងថា បុរស​ខាងលើ​​បាន​ស្លាប់​យ៉ាងតិច​ពី​៤ ​ទៅ​៥​ថ្ងៃ​មក​ហើយ ដោយ​កូន​ទាំង​៣​នាក់​ចេះ​តែ​នាំ​គ្នា​​ទៅ​ឈរ​​​ចិញ្ចើមថ្នល់ ដើម្បី​អ្នក​ធ្វើ​ដំណើរ​​ចូល​មើល​ ប៉ុន្តែ​ដោយសារ​ខ្ទម​មួយ​នេះនៅ​ឆ្ងាយ​ ត្រូវអ្នក​ភូមិមិនចាប់អារម្មណ៍នោះទេ ។

ប្រភពបន្តថា ​កាលពី​​រសៀល​ថ្ងៃ​ទី​១២ ​កក្កដា ​​២០១៦ ​​ដំណឹង​នេះ​​ត្រូវ​​ប្រជាពលរដ្ឋ​ដឹង​ក៏​បាន​ផ្អើល​ឈូឆ ទៅ​មើល​សាកសព​នៅ​ក្នុង​ខ្ទម​នោះ ។ បុរស​ដែល​​ស្លាប់​ឈ្មោះ​ស៊ី​ន បូ​រ៉ា អាយុ​៤៩​ឆ្នាំ ​មានស្រុក​កំណើត​​នៅ​ភូមិ​កូន​​ត្មាត ឃុំ​អ​ញ្ចើ​ម ស្រុក​ត្បូងឃ្មុំ ខេត្ត​ត្បូងឃ្មុំ មាន​ប្រពន្ធ​ឈ្មោះ​សាន សុខុម ដែល​ទើបនឹង​ស្លាប់​ចោល​ប្តី និង​កូន​ប្រហែល​ជាង​៤​ ទៅ​៥​ខែ​​​​មកនេះ ។

អ្នក​ភូមិ​ឱ្យ​ដឹង​ដែរ​​ថា ​ក្មេងកំព្រា​​ទាំង៣នាក់បងប្អូននេះ ​​កូនបងមាន​ឈ្មោះរ៉ា សាន ភេទ​ប្រុស អាយុ​១៣​ឆ្នាំ​, កូន​ទី​២​-ឈ្មោះរ៉ាវ វ៉ិ​ត ភេទ​ស្រី អាយុ​១១​ឆ្នាំ និង​កូន​ទី​៣-ឈ្មោះរ៉ា ស្រី​ម៉ៅ ភេទ​ស្រី អាយុ​៧​ឆ្នាំ ដែលត្រូវម្តាយ​បានស្លាប់ចោលប៉ុន្មានខែមុន ។

មុនភ្ញាក់​ផ្អើលនេះ ​គឺ​អ្នក​ភូមិ​​​គាត់​​បាន​ទៅ​ដក​​ផ្សិត​​ក្នុង​ព្រៃ ក៏​ក្រឡេកទៅ​ឃើញ​ក្មេង​ទាំង​៣​នាក់​អង្គុយ​ទ​ទូល​​តង់ ដែល​មាន​ចម្ងាយ​ប្រមាណ​ជា​២០​ម៉ែត្រពី​ខ្ទម​​ ទើបគេ​ចូល​ទៅ​សួរ​ថា «ហេតុ​អ្វី​​​ទាំងអស់​គ្នា​​​មក​អង្គុយ​ក្រោមតំណក់ភ្លៀងបែបនេះ?» ។ ពួក​គេ ​ក៏​បាន​ឆ្លើយ​​​​​ថា ឪពុក​ខ្ញុំ​កំពុង​ឈឺ​ខ្លាំងក្រោក​មិន​រួច មិន​និយាយ​ស្តីដណ្តប់ភួយ​៤​ ទៅ​៥​ថ្ងៃ​មក​​ហើយ ។

បន្ទាប់​ស្តាប់ហើយ ​អ្នក​ដក​ផ្សិត​ក៏​ដើរ​​ទៅ​មើល​ទើប​ដឹង​ថា ជន​រង​គ្រោះ​បាន​ស្លាប់​បាត់​ទៅ​ហើយ និង​រាយការណ៍​ជូន​សមត្ថកិច្ច អាជ្ញាធរតែម្តង ​។